Connect with us

ព័ត៌មានអន្ដរជាតិ

​ភ្នាក់ងារ​ UN ជំរុញ​ឱ្យ​ស៊ើប​អង្កេត​​ជា​បន្ទាន់ មិន​លំអៀង និង​ហ្មត់ចត់ ​​លើ​ការ​វាយ​ប្រហារចំសាលា​ក្មេង​ស្រី​នៅ​អ៊ីរ៉ង់​

បានផុស

នៅ

ការិ​យាល័យសិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ​(UN) ​នៅ​ថ្ងៃ​អង្គារ​​បានជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​​ការប្រើប្រាស់​កង​កម្លាំង​នៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​​​សាហាវ​បំផុត​​​​មួយ ​ចំ​សាលារៀនក្មេងស្រី​​​​នៅ​ភាគខាងត្បូង​ប្រទេសអ៊ីរ៉ង់​ ដែល​បានសម្លា​​ប់​​សិស្ស​​ជាង​១៦០​នាក់​​។ នេះ​បើយោង​តាម​រ៉យ​ទ័រ ចុះផ្សាយ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៦ ។​

លោក​ស្រី Ravina Shamdasani ។ រូបភាព៖ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្លែង​​ប្រាប់​​សន្និសីទ​សារ​ព័ត៌​មាន​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា ​៖«ឧត្តមស្នងការ លោក Volker Turk អំពាវនាវ​ឱ្យ​មានការស៊ើប​អង្កេត​ជា​បន្ទាន់ មិន​លំអៀង និង​ហ្មត់ចត់​លើការ​វាយ​ប្រហារនេះ​។ រឿង​ត្រូវ​តែ​ដឹង​​គឺ​នៅលើកងកម្លាំង​ដែល​អនុវត្ត​ការវាយ​ប្រហារ​នេះ​ យក​មក​ស៊ើប​អង្កេត​»។

លោកស្រី Shamdasani បន្ត​ថា៖ «រឿង​នេះ​ពិត​ជា​គួរ​ឱ្យ​រន្ធត់​ណាស់។ រូប​ភាព​ដែលបង្ហោះ​នៅ​លើបណ្តាញសង្គម​ គឺ​មាន​ខ្លឹមសារ​នៃ​ការ​បំផ្លិច​បំផ្លាញ ភាព​អស់​សង្ឃឹម គ្មានន័យ និង​ភាពឃោរឃៅ​នៃជម្លោះនេះ»។

ចំណែក​លោក Turk ក៏​បានជំរុញឱ្យគ្រប់ភាគី​ទាំងអស់រក្សា​ភាព​​អត់ធ្មត់ ​និង​ត្រឡប់​ទៅ​តុចរចាវិញ​។

គួរ​បញ្ជាក់​ថា សាលា​រៀន​នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ត្រូវ​បាន​វាយ​ប្រហារ​នៅ​ថ្ងៃសៅរ៍ ជា​ថ្ងៃ​ដំបូង​នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ​និងអ៊ីស្រាអែលប្រឆាំងនឹង​ប្រទេសនេះ​។

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​ លោក​ Marco Rubio និយាយកាលពីថ្ងៃចន្ទ​ថា៖ «កង​កម្លាំង​សហរដ្ឋអាមេរិកនឹង​មិនវាយប្រហារសាលារៀន​ដោយចេតនាទេ»។

រីឯអ៊ីស្រាអែល​ឆ្លើយ​តប​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ឧប្បត្តិហេតុ​នេះ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំអង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ​លោក Ali Bahreini ធ្លាប់​បាន​លើក​ឡើង​ពីបញ្ហានេះ​ជាមួយ លោក Turk ក្នុង​លិខិត​មួយចុះ​ថ្ងៃទី០១ ខែមីនា ដោយ​ហៅ​ការ​វាយប្រហារនេះ​ថាមិន​សម​ហេតុផលនិងជាឧក្រិដ្ឋកម្ម។

​ការលើក​ឡើង​​នា​ពេលនោះរបស់ លោក Bahreini ​​​ការ​​វាយប្រហារ​នេះ​​​សម្លាប់​​សិស្ស​​ចំនួន​ ១៥០ នាក់ ប៉ុន្តែ​​ជា​បន្តបន្ទាប់​ប៉ុន្មានថ្ងៃ​មកនេះ ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ដល់់​ជាង​​១៦០​នាក់ ហើយ​ពិធី​ហែរសព​ទៅ​បញ្ចុះ​វិញ​​បង្ហាញ​ពីភាព​រន្ធ​ត់​ និង​សោកសង្រេង​ខ្លាំងណាស់​​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម