Connect with us

ព័ត៌មានជាតិ

រដ្ឋសភាស្នើកូរ៉េពិនិត្យលក្ខខណ្ឌលក់យន្តហោះចម្បាំង ដែលថៃយកទម្លាក់គ្រាប់លើកម្ពុជា

បានផុស

នៅ

អនុប្រធានទី១ នៃរដ្ឋសភា លោក ជាម យៀប  បានស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។ លោក ជៀម យៀប ស្នើបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា លោក យ៉ូន ហូដុក  ក្រោយភាគីថៃបានយកយន្តហោះប្រភេទ T50TH ដែលទិញពីកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល ក្នុងសង្គ្រាមរយៈពេល២១ថ្ងៃ នៅខែធ្នូ ឆ្នាំ២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបធ្វើឡើងនាថ្ងៃទី៩ ខែមីនា លោក ជាម យៀប បញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងថៃផងដែរ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។

បណ្ដាញសង្គមរបស់រដ្ឋសភាកម្ពុជា ស្រង់សម្ដីរបស់អនុប្រធានរដ្ឋសភា ផ្សព្វផ្សាយដូច្នេះ៖«ឯកឧត្តមបានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។»។

គួររម្លឹកថា ក្រសួងការពារជ​ាតិកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អះអាងថា យោធាថៃបានទម្លាក់គ្រាប់បែក ៥គ្រាប់ ចេញពីយន្តហោះចម្បាំងប្រភេទT-50 ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង និងទម្លាក់គ្រាប់បែកចង្កោមចេញពីយន្តហោះប្រភេទនេះ  នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

កងទ័ពអាកាសថៃបានទិញយន្តហោះចម្បាំងម៉ាក T-50TH  ដែលផលិតនៅកូរ៉េចំនួន ១៤ គ្រឿង  ក្នុងតម្លៃ ៧៨ លានដុល្លារអាម៉េរិក។ T-50 ជាធម្មតា ជាប្រភេទយន្តហោះយោធាដែលបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងមុខងារជាយន្តហោះចម្បាំង។ ក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតយន្តហោះនៅកូរ៉េ បានផ្គត់ផ្គង់ T-50TH  ចំនួន ៤ គ្រឿងឱ្យកងទ័ពអាកាសថៃនៅឆ្នាំ ២០១៨ និង ៨ គ្រឿង នៅឆ្នាំ ២០១៩ និង ២ គ្រឿងចុងក្រោយនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ។  នេះបើតាមរបាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍នៅដើមខែសីហា ឆ្នាំ ២០២១៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម