Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុកមកវិញ ដោយសញ្ញាស្រាកស្រាន្តនៃជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះជាគំហុកមកវិញ សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (១០ មីនា) នេះ ដោយមាន​សញ្ញាបង្ហាញពីភាពស្រាកស្រាន្តនៃភាពតានតឹងជម្លោះរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបន្ធូរបន្ថយកង្វល់ពាក់ព័ន្ធនឹង​ការរំខានផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១០,១៣ ដុល្លារ​ ឬ ១០,២៤% មកត្រឹម ៨៨,៨៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក បាន​ធ្លាក់ចុះ ៩,៥៦ ដុល្លារ ឬ ១០,០៩% មកត្រឹម ៨៥,២១ ដុល្លារ/បារ៉ែល។

យ៉ាងណាមិញ តម្លៃនេះនៅតែខ្ពស់ បើធៀបនឹង​តម្លៃជួញដូរជាង ៦០ ដុល្លារ/បារ៉ែល មុនពេលសង្រ្គាមផ្ទុះឡើងនាថ្ងៃទី ២៨ កុម្ភៈ ដោយការបើកការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក លើអ៊ីរ៉ង់។

តម្លៃប្រេងទាំង ២ បាន​ហក់ឡើងកប់ពពកជិតដល់​ ៣០% សម្រាប់ការជួញដូរនៅព្រឹកថ្ងៃចន្ទ ដោយជិតដល់ ១២០ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែកក្កដា ឆ្នាំ ២០២២។ យ៉ាងណាមិញ តម្លៃប្រេងទាំង២ បាន​បិទការជួញដូរនៅថ្ងៃចន្ទ ក្រោម ១០០ ដុល្លារ/បារ៉ែល។

​ការថយចុះនោះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​និង​បានចែករំលែកសំណើដែលមានគោលបំណងដោះស្រាយសង្គ្រាមអ៊ីរ៉ង់ឱ្យ​បាន​យ៉ាងឆាប់រហ័ស។ នេះបើយោងតាមជំនួយការវិមានក្រឹមឡាំង។ ការណ៍នេះ ជួយបន្ធូរបន្ថយក្ដីបារម្ភ អំពីការអូសបន្លាយនៃបិទច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង ២០% នៃតម្រូវការពិភពលោកប្រចាំថ្ងៃ។

​ដោយឡែក កាលពីថ្ងៃចន្ទដដែល លោក ត្រាំ ​បាន​ប្រាប់បទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន​ CBS News ថា លោកគិតថា សង្គ្រាមប្រឆាំង​អ៊ីរ៉ង់ «បានបញ្ចប់ទាំងស្រុងហើយ» ហើយថា ​ប្រតិបត្តិការ​របស់​អាមេរិកដំណើរការទៅបាន​រហ័សជាង​ការ​​ប៉ាន់ស្មានទុកមុន ដែលមាន​ពេលចន្លោះពី ៤-៥ សប្ដាហ៍​។ ​

ក្នុងសញ្ញានៃភាពស្រាកស្រាន្តផងដែរ និង​ជាការឆ្លើយតបទៅនឹងលោក ត្រាំ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកគេនឹង «កំណត់ពីការបញ្ចប់សង្គ្រាម» ​ប៉ុន្តែថា ​អ៊ីរ៉ង់នឹងមិនអនុញ្ញាត​ឱ្យ​នាំចេញ «ប្រេង ១ លីត្រ» ចេញពីតំបន់នេះទេ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែលនៅតែបន្ត។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអង្គារ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ IRGC។

យ៉ាងណាមិញ ការប្ដេជ្ញាចិត្តរបស់អ៊ីរ៉ង់មិនបានធ្វើឱ្យតម្លៃប្រេងហក់ឡើងវិញទេ ខណៈអាមេរិកកំពុងពិចារណា​បង្កើនការដកទណ្ឌកម្ម​លើ​ប្រេងរុស្ស៊ី ដើម្បីឱ្យវាហូរចូលទៅក្នុងទីផ្សារពិភព​លោក និងជួញកាត់បន្ថយការហក់ឡើងថ្លៃ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញទីផ្សារនៅតែមើលឃើញពីភាពមិនប្រាកដប្រជានៃជម្លោះ ហើយលទ្ធភាពនៃការប្រែប្រួលចុះឡើងនៃតម្លៃប្រេងនៅតែខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម