ព័ត៌មានជាតិ
រឿងស្បៃ! អ្នកផលិតមាតិកាវប្បធម៌ ស្នើឱ្យរួមគ្នាបង្ហាញដោយថ្លៃថ្នូរ ផ្អែកលើប្រវត្តិសាស្ត្រ ជាជាងតបតមិនសមរម្យ
ស្របពេលដែលសំណើរនៃការដាក់បញ្ចូល «ពិធីមង្គលការខ្មែរ» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់ UNESCO កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមថៃ សាធារណជន និងអ្នកផលិតមាតិកាផ្នែកវប្បធម៌ខ្មែរ “វប្បធម៌ខ្មែរ” បានអំពាវនាវឱ្យពលរដ្ឋខ្មែរ រក្សាចិត្តត្រជាក់ និងបង្ហាញភាពថ្លៃថ្នូរវប្បធម៌ តាមរយៈការផ្សព្វផ្សាយរូបភាពសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាត ជាជាងឆ្លើយតបដោយពាក្យសម្តីមិនសមរម្យ។
ការបង្ហាញវប្បធម៌ខ្មែរដោយភាពថ្លៃថ្នូរ និងផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការពង្រឹងអត្តសញ្ញាណជាតិ និងបង្ហាញតម្លៃវប្បធម៌ខ្មែរ លើឆាកអន្តរជាតិ។ ខណៈស្មារតីនៃការបំផុសនេះ បាននិងកំពុងទទួលបានការឯកភាពនិងចូលរួមពីសាធារណជន តាមរយៈការផ្សព្វផ្សាយឈុតមង្គលការខ្មែរផងដែរ (ឈុតស្បៃខ្មែរ) ។


ក្រោយបណ្តាញផ្សព្វផ្សាយរបស់ថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី ក៏ដូចជាការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន”។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌គូសបញ្ជាក់ពីភាពរឹងមាំ នៃកិច្ចការពារតម្លៃវប្បធម៌ជាតិរបស់ក្រសួង និងអ្វីដែលសាធារណជនខ្មែរត្រូវដឹង និងគប្បីធ្វើ។ ក្រសួងវប្បធម៌ សង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជា ឧបករណ៍ចំណេញនយោបាយ បញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញវប្បធម៌គឺជាស្ពានពង្រឹង ការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា។
ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏អំពាវនាវផងដែរដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ដែលជាស្មារតីរួមនៃសហគមន៍អាស៊ាន។ កម្ពុជា តែងតែប្តេជ្ញាចិត្តក្នុងការការពារមរតកវប្បធម៌របស់ខ្លួន ស្របជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ ការគោរពដល់តម្លៃប្រទេសដទៃ និងគោរពចំពោះភាពចម្រុះវប្បធម៌រួមរបស់អាស៊ីអាគ្នេយ៍ និងពិភពលោក។


បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំង សម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗ សុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និង បុរាណវិទ្យា។ ឯ “ស្បៃ” ជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុង ឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិ នៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុក និងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
អាស្រ័យហេតុនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា រក្សាភាពស្ងប់ស្ងាត់ រក្សាការពារភាព
ថ្លៃថ្នូរជាកិត្តិយសរបស់ជាតិ និងការទទួលខុសត្រូវចំពោះការឆ្លើយតបណាមួយ ដើម្បីរក្សានូវសីលធម៌ខ្ពស់ផ្នែកវប្បធម៌ ដោយត្រូវបន្តឈរលើសេចក្ដីពិតនៃប្រវត្តិសាស្ត្រជាមូលដ្ឋាន ផ្អែកលើភាពរឹងមាំនៃវប្បធម៌ដ៏សម្បូរបែប ដែលជាមរតកដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ និងទំនុកចិត្តរបស់ប្រជាជនយើងទៅលើច្បាប់អន្តរជាតិជាគោល។

គួររំលឹកថា កាលពីឆ្នាំ២០២០ ពោលគឺមុនកើតមានក្រុមជ្រុលនិយមថៃ ជជែកតវ៉ារឿងឈុតស្បៃ, លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកឈុតមង្គលការខ្មែរ «ព្រះថោងតោងស្បៃនាងនាគ» ទៅបង្ហាញនៅចំពោះមុខភ្ញៀវអន្តរជាតិជាច្រើន ក្នុងព្រឹត្តិការណ៍ Thai Silk Road to the World លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក នាទីក្រុងបាងកក ក្រោមវត្តមានលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃនៅពេលនោះ។
គោលបំណងនៃការចូលរួមព្រឹត្តិការណ៍នោះ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។
សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


