Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ ចាប់អារម្មណ៍សក្ដា​នុពលវិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាង​ភាពជាដៃគូយូរ​អង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដែលមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹកនាំដោយលោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីសប្រចាំកម្ពុជា ក្នុងស្មារតីពង្រឹង និងពង្រីកវិសាលភាពវិនិយោគទ្វេភាគី។ វេទិកាធុរកិច្ចនេះ ជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់​មាន​ពីមុនមករបស់គណៈប្រតិភូក្រុមហ៊ុនអូទ្រីសនៅកម្ពុជា។

វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈ យុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យវិនិយោគិន អូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារ នៅកម្ពុជា និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗ នៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ក្នុងចំណោម​គោលដៅដែលមានថាមវន្ត និងចក្ខុវិស័យ​វែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ជាមួយនឹងច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំង​ពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះការបោសសម្អាត​បទ​ល្មើសឆបោក​តាមប្រព័ន្ធអនឡាញ (Online Scams) ដែលសុទ្ធសឹងជាកត្តាសំខាន់ ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។

តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះឧបនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហការដ៏ល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្តៅក្នុងការបេសកកម្មនេះ។

វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាការបោះជំហានដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរ ពីការពិភាក្សាទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគី ទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីស នៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។

កម្មវិធីនេះក៏មានការចូលរួម ពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួង ធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអប់រំយុវជននិងកីឡា, សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម