Connect with us

ព័ត៌មានអន្ដរជាតិ

Macron តបទៅ Trump រឿងបើកច្រក Hormuz! ចាំស្ថានការណ៍ស្ងប់ស្ងាត់បន្តិច ចាំបារាំងទៅជួយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក Donald Trump បានប្រកូកប្រកាសហើយប្រកូកប្រកាសទៀត ឲ្យសម្ព័ន្ធមិត្តជួយគ្នា បញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz ប៉ុន្តែហាក់ស្ងាត់គ្មានចម្លើយសោះ។ 

ច្រក Hormuz (រូប៖ Reuters)

យ៉ាងណា ឥឡូវប្រទេសបារាំងបានចេញមុខហើយ ដោយលោកប្រធានាធិបតី Emmanuel Macron ផ្តាំទៅប្រមុខសេតវិមានវិញថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងបញ្ជូនកម្លាំងទៅជួយអមដំណើរកប៉ាល់ដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកនេះ នៅពេលស្ថានភាពប្រែមកជាស្ងប់ស្ងាត់ ជាងមុន។

មួយរយៈចុងក្រោយនេះ លោក​ Trump ខឹងចិត្តខ្លាំងណាស់ ព្រោះតែការអំពាវនាវរបស់គាត់គ្មាននរណាយកត្រចៀកស្តាប់ ឈានដល់ការជះកំហឹងដាក់សម្ព័ន្ធមិត្តនិងដៀលអង្គការណាតូ កប់ៗមាត់។

ប្រធានាធិបតីអាមេរិក Donald Trump

លោកបានពន្លះសម្ព័ន្ធមិត្តថា រាប់ឆ្នាំហើយអាមេរិកខំជួយពួកគេការពារខ្លួនពីសត្រូវខាងក្រៅ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។ ពួកគេគ្មានភក្តីភាពសោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។

ឥឡូវ តាមការផ្សាយរបស់ Euro News, លោក Macron ចេញមុខបញ្ជាក់ហើយ ថា បារាំងអត់អាចធ្វើតាមការស្នើសុំលោក Trump បានភ្លាមៗទេ ពោលគឺត្រូវរង់ចាំឲ្យស្ថានការណ៍រាងធូរស្រាលបន្តិចសិន ចាំទៅជួយ។

ប្រធានាធិបតីបារាំង Emmanuel Macron (រូប៖ Reuters)

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី១៧ខែមីនា លោក Macron លើកឡើងថា ឲ្យបារាំងចូលរួមក្នុងប្រតិបត្តិការដើម្បីបើកឬរំដោះច្រកសមុទ្រ Hormuz នៅក្រោមលក្ខខណ្ឌបច្ចុប្បន្នគឺមិនអាចទៅរួចហើយ។

លោកសង្កត់ធ្ងន់ថា៖ «យើងមិនមែនជាភាគីនៃជម្លោះនោះទេ តែបារាំងត្រៀមខ្លួនរួចហើយ នៅពេលស្ថានភាពស្ងប់ស្ងាត់ជាងមុន ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការការពារសន្តិសុខចរាចរណ៍ផ្លូវទឹក។ យើងត្រៀមខ្លួនរួចរាល់ ជាមួយប្រជាជាតិដទៃទៀត ដើម្បីទទួលខុសត្រូវលើប្រព័ន្ធអមការពារ»។

លោកបញ្ជាក់ថា៖ «បារាំងមិនជ្រើសរើសសង្រ្គាមនេះទេ។ យើងមិនចូលរួមក្នុងសង្រ្គាមនេះឡើយ។ យើងមានជំហរការពារសុទ្ធសាធ។ គោលដៅរបស់យើងគឺច្បាស់លាស់៖ គឺដើម្បីការពារពលរដ្ឋរបស់យើង មូលដ្ឋានការទូត និងយោធារបស់យើង រួមទាំងផលប្រយោជន៍របស់យើងនៅក្នុងតំបន់នេះ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម