ព័ត៌មានអន្ដរជាតិ
តើវិបត្តិមជ្ឈិមបូព៌ាកំពុងជួយបំពេញហោប៉ៅរុស្ស៊ីយ៉ាងដូចម្តេច?
ខណៈដែលពិភពលោកកំពុងតាមដានដោយក្តីបារម្ភនូវការរីករាលដាលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា មានប្រទេសមួយកំពុងតែសប្បាយចិត្តនឹងការកើនឡើងនៃទឹកប្រាក់ក្នុងកុងធនាគាររបស់ខ្លួន នោះគឺប្រទេសរុស្ស៊ី។ ទោះបីជារុស្ស៊ីមិនមែនជាតួអង្គផ្ទាល់នៅក្នុងសង្គ្រាមលើកនេះក៏ដោយ ក៏ប៉ុន្តែភាពវឹកវរនៅតំបន់មជ្ឈិមបូព៌ាបានបង្កើតជា «ឱកាសមាស» ដែលជួយឲ្យសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ ងើបឡើងវិញយ៉ាងលឿនពីទណ្ឌកម្មអន្តរជាតិ។

១. តម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក
តំបន់មជ្ឈិមបូព៌ាប្រៀបដូចជា «ស្ថានីយប្រេង» របស់ពិភពលោក។ នៅពេលសង្គ្រាមផ្ទុះឡើង មនុស្សម្នាចាប់ផ្តើមបារម្ភថាការដឹកជញ្ជូនប្រេងនឹងត្រូវរាំងស្ទះ ដែលធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងភ្លាមៗ។ យោងតាមការផ្សាយរបស់ Business Insider ចុះផ្សាយថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦ ជាលទ្ធផល រុស្ស៊ីដែលជាអ្នកផលិតប្រេងដ៏ធំមួយ អាចរកចំណូលបន្ថែមបានរហូតដល់១៥០លានដុល្លារក្នុងមួយថ្ងៃៗ។ កាលពីប៉ុន្មានខែមុន រុស្ស៊ីពិបាកនឹងលក់ប្រេងឲ្យបានចំណេញណាស់ ប៉ុន្តែត្រឹមតែពីរសប្តាហ៍ដំបូងនៃខែមីនានេះ ពួកគេរកចំណូលបានដល់ទៅ១០ពាន់លានដុល្លារបាត់ទៅហើយ។
២. «សំបុត្រមាស» ពីសហរដ្ឋអាមេរិក
សារព័ត៌មាន The Guardian ធ្លាប់បានចុះផ្សាយកាលពីថ្ងៃទី៦មីនាថា ដើម្បីការពារកុំឲ្យតម្លៃសាំងក្នុងស្រុកឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលអាមេរិកបានធ្វើរឿងមួយដែលនឹកស្មានមិនដល់ គឺការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរុស្ស៊ីជាបណ្តោះអាសន្ន។ អាមេរិកបានផ្ដល់លិខិតអនុញ្ញាតពិសេស ដល់ប្រទេសមួយចំនួនដូចជាឥណ្ឌា ឲ្យអាចទិញប្រេងរុស្ស៊ីដែលធ្លាប់តែត្រូវបានគេហាមឃាត់។ ការសម្រេចចិត្តនេះបានក្លាយជាការជួយបង្កើនកញ្ចប់ថវិកាសង្គ្រាមរបស់រុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់ និងនឹកស្មានមិនដល់។
៣. អតិថិជនចាប់ផ្តើមប្តូរចិត្តមកទិញប្រេងរុស្ស៊ី
ជាធម្មតា ប្រទេសដូចជាចិន និងឥណ្ឌា តែងតែទិញប្រេងច្រើនពីអារ៉ាប៊ីសាអូឌីត ឬអ៊ីរ៉ាក់។ ប៉ុន្តែនៅពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់ ឬមានគ្រោះថ្នាក់ដោយសារសង្គ្រាម អ្នកទិញទាំងនេះបានងាកមករកជម្រើសដែលមានសុវត្ថិភាពជាង។ ដោយសារផ្លូវដឹកជញ្ជូនប្រេងរបស់រុស្ស៊ីមិនរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា ការនាំចូលប្រេងរុស្ស៊ីរបស់ប្រទេសឥណ្ឌាបានហក់ឡើងដល់ ៥០% ត្រឹមតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យដែលត្រូវបានបញ្ជាក់ដោយ Bloomberg។
សម្រាប់វិមានក្រឹមឡាំង សង្គ្រាមនេះប្រៀបដូចជា «ដង្ហើមសេដ្ឋកិច្ច» ថ្មីមួយ។ ទឹកប្រាក់រាប់ពាន់លានដុល្លារដែលទទួលបានបន្ថែមនេះ កំពុងជួយរុស្ស៊ីក្នុងការចំណាយលើវិស័យយោធារបស់ខ្លួន និងជួយឲ្យសេដ្ឋកិច្ចមានស្ថិរភាពឡើងវិញ ចំពេលដែលទណ្ឌកម្មរបស់លោកខាងលិចកំពុងតែព្យាយាមរឹតបន្តឹង។ ដ្បិតជម្លោះនេះបង្កការឈឺចាប់ដល់មនុស្សជាច្រើន ប៉ុន្តែសម្រាប់ថវិការដ្ឋរបស់រុស្ស៊ី វាបានក្លាយជាការបង្វែរដានដែលផ្តល់ផលចំណេញយ៉ាងមហិមា៕
អត្ថបទ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


