Connect with us

ព័ត៌មានជាតិ

ក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ ៖ សហជីព និងកម្មករ-និយោជិត ថ្លែងអំណរគុណ សម្ដេចធិបតី ដែលតែងតែយកចិត្តទុកដាក់រិះរកវិធីសម្រាលបន្ទុក

បានផុស

នៅ

ក្រោយ​មាន​ការ​ណែនាំ​ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា សហជីព និង​កម្មករ-និយោជិត នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០២៦ នេះ បាន​ថ្លែង​អំណរគុណ​ដល់ សម្ដេច ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​អន្តរាគមន៍​នៅ​ក្នុង​ស្ថានភាព​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ ដើម្បី​ជួយ​សម្រាល​បន្ទុក​ការ​ចំណាយ​របស់​កម្មករ-និយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់ សម្ដេច​ធិបតី បាន​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួប​ប្រជុំ​ជាមួយ​សហជីព តំណាង​សមាគម​រោងចក្រ ដើម្បី​រក​ដំណោះស្រាយ នៃ​ការ​ឡើង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ជា​បញ្ហា​សកលលោក ខណៈ​កម្ពុជា​ក៏​ទទួល​រង​នូវ​ផល​ប៉ះពាល់​នេះ​ដែរ។

លោក​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​ពី​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​កម្មករ-និយោជិត បាន​ទាន់​ពេលវេលា ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​សកល​នេះ។ ដំណោះស្រាយ​នេះ នឹង​ជួយ​សម្រាល​បន្ទុក​ការ​ចំណាយ​របស់​កម្មករ-និយោជិត ដែល​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​ពួកគាត់។

លោក​បញ្ជាក់​ថា «‍ជួស​មុខ​ឲ្យ​កម្មករ-និយោជិត ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​សហជីព សូម​គោរព​ថ្លែង​អំណរគុណ​ដល់ សម្ដេច​មហា​បវរ​ធិបតី ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ ជា​ពិសេស​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​នេះ។ ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​នេះ គឺ​សំខាន់​ខ្លាំង​ណាស់​ជួយ​ដល់​ដោះស្រាយ​បញ្ហា​ជីវភាព​បងប្អូន​កម្មករ-និយោជិត​របស់​យើង​នៅ​ក្នុង​ស្ថានភាព​នេះ»។

អ្នកស្រី សុខា លីនដា កម្មករ​រោងចក្រ ដុង ឌូ ស្ថិត​នៅ​រាជធានី​ភ្នំពេញ បាន​សម្ដែង​ក្ដី​រីករាយ​ថា «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់ និង​អន្តរាគមន៍​ទាន់​ពេលវេលា ដើម្បី​បន្ធូរបន្ថយ​បញ្ហា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ប្រចាំថ្ងៃ និង​រក្សា​ស្ថិរភាព​ជីវភាព​របស់​យើងខ្ញុំ​បាន​ល្អ​ប្រសើរ​ឡើង​ក្នុង​ស្ថានភាព​លំបាក​បច្ចុប្បន្ន​នេះ»។

នា​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០២៦ នេះ សម្តេចធិបតី បាន​ណែនាំ​ឲ្យ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​របស់​កម្មករ-និយោជិត។

សម្តេច​ធិបតី បាន​បញ្ជាក់​ថា «ដើម្បី​ពិនិត្យ​ដោះស្រាយ​ផល​វិបាក​ដែល​កើត​ចេញ​ពីការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ជា​សកល​នាពេលថ្មីៗ នេះ ខ្ញុំ​បាន​ណែនាំ​ឲ្យ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ភាគី​និយោជក និង​ភាគី​សហជីព ដែល​តំណាង​បងប្អូន​កម្មករ-និយោជិត ដើម្បី​ពិនិត្យ​ពិភាក្សា​ស្វែងរក​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ចំណាយ​ថ្លៃ​ធ្វើដំណើរ​របស់​បងប្អូន​កម្មករ-និយោជិត​យើង នៅ​ក្នុង​រយៈពេល​អន្តរកាល​នេះ​ឲ្យ​បាន​ឆាប់​បំផុត»។

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ក៏បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ភាគី​និយោជក និង​ភាគី​សហជីព នឹង​អាច​រក​បាន​នូវ​ចំណុច​ប្រសព្វ​សមរម្យ​មួយ​ដែល​អាច​ជួយ​សម្រាល​បន្ទុក​ថ្លៃ​ធ្វើដំណើរ​របស់​កម្មករ​ផង និង​អាច​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង នៃ​ឧស្សាហកម្ម​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម