Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ទុកពេល១សប្ដាហ៍ឱ្យអ្នកចាក់ដីរំលោភចូលព្រែក នៅសង្កាត់ត្រើយកោះ កាយអាចម៍ដីចេញវិញ

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី២៤ ខែមីនា បានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវឱ្យម្ចាស់ដី ដែលចាក់រំលោភចូលដីព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ត្រូវកាយអាចម៍ដីចេញវិញជាបន្ទាន់ក្នុងរយៈពេល ១សប្តាហ៍ ប្រសិនបើម្ចាស់ដីមិនអនុវត្តន៍តាមការណែនាំនេះ អាជ្ញាធរខេត្ត នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយពុំមានការលើកលែងនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន ក៏បានបញ្ជាក់ដែរថា រាល់បុគ្គលណាដែលមានបំណងមិនល្អចង់បានដីសាធារណៈរបស់រដ្ឋដើម្បីផលប្រយោជន៍ខ្លួន ឬបក្ខពួកខ្លួន ដោយមិនគិតពីផលប្រយោជន៍រួមរបស់ប្រជាជន អាជ្ញាធរខេត្តនឹងចាត់វិធានការដោយមិនមានការលើកលែង បើទោះបីសំណង់ ឬរបងដែលសាងសង់រំលោភចូលដីរដ្ឋបានសាងសង់មុនពេលដែលលោកមកដឹកនាំខេត្តនេះក៏ដោយ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ ពិនិត្យមើលឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយចំពោះការស្នើសុំសាងសង់សំណង់ ឬទីតាំងអ្វីមួយរបស់ប្រជាពលរដ្ឋ ថាតើមានចូលក្នុងដីសាធារណៈរបស់រដ្ឋដែរឬទេ បើមានករណីចូលត្រូវជូនដំណឹងពួកគាត់ដើម្បីធ្វើតែលើដីកម្មសិទ្ធរបស់ខ្លួន ជៀសវាងថ្ងៃក្រោយមានការខាតបង់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ថា កន្លងមកលោកតែងតែដាក់បទបញ្ជា ក៏ដូចជាផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះវិធានការផ្សេងៗលើករណីដែលមានជនណាម្នាក់រំលោភយកដីសាធារណៈរបស់រដ្ឋដោយមិនមានការលើកលែង មិនតែប៉ុណ្ណោះអាជ្ញាធរខេត្តក៏បានធ្វើការដកហូតដីទាំងនោះយកមកវិញ ដើម្បីអភិវឌ្ឍន៍ទៅជាកន្លែងកម្សាន្ត ឬជាកន្លែងទេសចរណ៍ក្នុងន័យបម្រើផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម