Connect with us

សន្តិសុខសង្គម

រដ្ឋបាលក្រុងដូនកែវ ចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់ការឆបោកតាមបទល្មើសបច្ចេកវិទ្យា

បានផុស

នៅ

ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scam នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងស្នាក់នៅ និងកន្លែងបំពេញការងាររបស់ជនបរទេស ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងសំខាន់ៗនៃប្រតិបត្តិការនេះ គឺពិនិត្យលើឯកសារស្នាក់នៅ លិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារ ដើម្បីធានាថា ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងក្រុងដូនកែវ គឺអនុវត្តត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

ការចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងបំពេញការងារ គឺដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាពលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ នេះគឺជាការឆ្លើយតបទៅនឹងយុទ្ធនាការលុបបំបាត់រាល់ «សម្បុកបទល្មើសបច្ចេកវិទ្យា» ដែលជាអាទិភាពខ្ពស់ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងវិនិយោគិនស្របច្បាប់។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះដែរ រដ្ឋបាលក្រុងដូនកែវ ក៏បានធ្វើការណែនាំ និងអំពាវនាវដល់ម្ចាស់ទីតាំងស្នាក់នៅ ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីមានការសង្ស័យ ឬឃើញមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើងក្នុងទីតាំងរបស់ខ្លួន ត្រូវរាយការណ៍​មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ទាន់ពេលវេលា។

ប្រតិបត្តិការនាពេលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរក្រុងដូនកែវ ក្នុងការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការកសាងបរិយាកាសរស់នៅប្រកបដោយសេចក្ដីសុខសាន្ត គ្មានបទល្មើសនៅក្នុងមូលដ្ឋាន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម