Connect with us

កីឡា

លោក Munoz មានហេតុផលធំ ២ ធ្វើឱ្យលោកមិនចង់ដឹកនាំក្រុមកម្ពុជាផ្សេង ក្រៅពីព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានបង្ហើបពីហេតុផលផ្ទាល់ខ្លួនចំនួន ២ ដែលធ្វើឱ្យលោកពិបាកក្នុងការសម្រេចចិត្ត ដើម្បីវិលមកដឹកនាំក្លិបនៅប្រទេស​ កម្ពុជា វិញ បន្ទាប់ពីចាកចេញពី ព្រះខ័នរាជស្វាយរៀង។ ហេតុផលទី ១ គឺ «លោកចង់ទៅដឹកនាំនៅលីគ ដែលមានការប្រកួតប្រជែងខ្ពស់» និងហេតុផលទី ២ «លោកចាត់ទុកខ្លួនជារបស់ ព្រះខ័នរាជស្វាយរៀង តែមួយគត់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Munoz ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ អំឡុងពេលដឹកនាំ ព្រះខ័នរាជស្វាយរៀង ២ រដូវកាលពីខែ មិថុនា ឆ្នាំ ២០២៣ ដល់ខែ ឧសភា ឆ្នាំ ២០២៥។ លោកបានជួយឱ្យក្រុមរហស្សនាមព្រះខ័នខៀវ ឈ្នះ​ពាន​លីគកំពូល កម្ពុជា Cambodian Premier League ២ លើក និងពានសម្តេចតេជោ ១ លើក។ ជាមួយគ្នានេះ លោកក៏បានជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League កាលពីរដូវកាល ២០២៤-២០២៥ ផងដែរ។

បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះចាកចេញពី ព្រះខ័នរាជស្វាយរៀង គឺមានអ្នកគាំទ្របាល់ទាត់ កម្ពុជា ជាច្រើន ចង់ឃើញលោកវិលមកកាន់ កម្ពុជា វិញ ដើម្បីដឹកនាំក្លិបណាផ្សេង ឬ ជម្រើសជាតិ កម្ពុជា។ ទោះបីជាយ៉ាងណា លោក Munoz បានបញ្ជាក់ច្បាស់ៗ ថា លោកចង់ស្វែងរកក្លិប ឬ លីគប្រទេសណាផ្សេង ដែលមានការប្រកួតប្រជែងខ្លាំងជាងនៅ​កម្ពុជា។ លោកបានសង្កត់ធ្ងន់ ថា មិនចង់ដឹកនាំក្រុមនៅលីគ កម្ពុជា ណាផ្សេង ក្រៅពី ព្រះខ័នរាជស្វាយរៀង នោះទេ ពីព្រោះលោកមានអារម្មណ៍ ថា ខ្លួនឯងជារបស់ ព្រះខ័នរាជស្វាយរៀង តែម្នាក់គាត់។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» លោក Pep Munoz បានមានប្រសាសន៍ ថា៖ «សម្រាប់ខ្ញុំ វាជាជំហានមួយដែលបានបញ្ចប់រួចហើយនៅពេលចាកចេញពី ព្រះខ័នរាជស្វាយរៀង។ ខ្ញុំចាកចេញពីកម្ពុជា ពីព្រោះខ្ញុំចង់ទៅលីគដែលមានការប្រកួតប្រជែងខ្ពស់ជាងនេះ មិនមែនមានតែ ៤ ឬ ៥ ក្រុមប៉ុណ្ណោះទេ។ ខ្ញុំចង់ទៅលីគដែលមានយ៉ាងហោចណាស់ ១៦ ឬ ១៨ ក្រុម ដែលអាចប្រកួតប្រជែងគ្នាបាន។ នៅទីនេះ យើងត្រូវលេងជាមួយក្រុមដដែលៗ ៦ ឬ ៧ ដង។ ឧទាហរណ៍ ស្វាយរៀង និង ភ្នំពេញក្រោន គឺតែងតែជួបគ្នាដដែលៗ»

លោក Munoz បានបន្ត ថា៖ «អំពីការត្រឡប់មកវិញ អ្នកមិនអាចដឹងបានទេ។ ខ្ញុំគឺពណ៌ខៀវ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជារបស់ ស្វាយរៀង។ ពួកគេបានផ្តល់អ្វីៗគ្រប់យ៉ាងមកឲ្យខ្ញុំ។ ទីនេះដូចជាគ្រួសាររបស់ខ្ញុំ។ […] អនាគត អ្នកមិនអាចដឹងបានទេ។ អ្នកមិនអាចនិយាយថា ទេ ទាំងស្រុងបានទេ ប៉ុន្តែខ្ញុំមើលមិន​ឃើញខ្លួនឯងត្រឡប់មក​ដឹក​នាំ​ក្លិបផ្សេងនៅកម្ពុជាទេ»

គួរឱ្យដឹងផងដែរ ថា លោក Pep Munoz រកបានទ្រនំថ្មីដើម្បីដឹកនាំហើយ បន្ទាប់ពីលោកចាកចេញពីក្រុម Shenzhen Peng City កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយកាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦ លោកត្រូវបានប្រកាសចូលរួមជាមួយក្រុម Bengaluru FC នៃលីគកំពូល ឥណ្ឌា៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម