Connect with us

កីឡា

លោក McConkey និង លោក Munoz សុទ្ធ​តែ​រិះ​គន់​​ស្មៅ​ស្តាត​អូឡាំពិក​មិន​ល្អ

បានផុស

នៅ

លោក Mattew McConkey និង​លោក Pep Munoz សុទ្ធ​តែ​រិះគន់​​ស្មៅ​ធម្មជាតិ​នៃ​ទីលាន​បាល់ទាត់​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ការ​លេង​របស់​កីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គ្រូ​បង្វឹក​របស់​ព្រះខ័ន​រាជ​ស្វាយរៀងបច្ចុប្បន្ន និង​អតីត​គ្រូ​បង្វឹក​​​បាន​​លើក​ឡើង​ជា​រឿយ​ៗ​អំពី​​បញ្ហា​​ស្មៅ​​​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មិន​ល្អ​។ ​លោក Pep Munoz បាន​មក​ទស្សនា​ការ​ប្រកួតចុង​ក្រោយ​របស់​លោក​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ ២០២៦ ជា​ពេល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​​ឈ្នះ ភ្នំពេញក្រោន ៤-១ ក្នុង​ពាន​រង្វាន់ AFC Challenge League។

ក្រោយ​ទស្សនា​ការ​ប្រកួត​នោះ​ លោក Pep Munoz បាន​ផ្តល់​បទ​សម្ភាស​ដល់​«កម្ពុជា​ថ្មី»។ ក្នុង​​បទ​សម្ភាស​នោះ បុរសញ្ជាតិ​អេស្ប៉ាញ​បាន​លើក​ឡើង​ថា ៖«គុណភាព​ស្មៅ​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ពិត​ បើ​យើង​មើល​ពី​កន្លែង​អង្គុយ​ទៅ យើង​មិន​អាច​មើល​ឃើញ​ច្បាស់ពី​បញ្ហា​យ៉ាង​ណា​ទេ ប៉ុន្តែ​បើ​ចុះ​ទៅ​ដល់​ទី​លាន​ផ្ទាល់ ហើយ​សាក​ល្បង​បញ្ជូន​បាល់។ យើង​នឹង​ឃើញ​ថា​ បាល់​លោត​ខ្លាំង ពិបាក​ទប់ ពិបាក​បញ្ឈប់ ពិបាក​គ្រប់​គ្រង។ យើង​អាច​ទប់​បាន តែ​មិនសូវ​បាន​​ល្អ ហើយ​ត្រូវ​ទប់​ពីរ​បី​​ដង​»។

ចំណែក​លោក Mattew McConkey បាន​​រិះ​គន់​ពី​ស្មៅ​ធម្មជាតិ​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​តាំង​ពី​ដើម​រដូវ​កាល​មក​ម្ល៉េះ​ពោល​គឺ​តាំង​ពី​លោក​ដឹក​នាំ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ ភ្នំពេញ​ក្រោន ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល ខេមបូឌានស៊ុបភើ​ខាប់។ ការ​ប្រកួត​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ទី​លាន​ដដែល​នេះ លោក​ក៏​តែង​តែ​លើក​ឡើង​ពី​បញ្ហា​​ស្មៅ​ជា​រឿយ​ៗ​ទៀត។

ចុង​ក្រោយ​បំផុត​នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ស្មើ​ជា​មួយ បឹងកេត ០-០ កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ ២០២៦ ​លោក Mattew McConkey បានលើក​ឡើងទៀត​ថា ៖«ខ្ញុំ​បាន​និយាយអំពី​ស្មៅ​​នៅ​ទី​នោះ​រាល់​ពេល​ចប់​ការ​ប្រកួត រាប់​ចាប់​តាំង​ពី​ពាន Super Cup លីគ និង​សន្និសីទ​ក្រោយ​ការ​ប្រកួត AFC។ សូមអ្នក​រាល់​គ្នា​ទៅ​មើល​ដោយសេរី។ វា​មិន​មែន​ជា​លេស​ទេ តែ​វា​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​មែន»។

រហូត​ដល់​ពេល​​នេះ លោក Mattew McConkey បាន​ដឹក​នាំ​ក្រុម​ប្រកួត​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ចំនួន ៤​ លើក​ហើយ​ក្នុង​នោះ​ឈ្នះ ២ ស្មើ ១ និង​ចាញ់ ១ មាន​ដូច​ជា ឈ្នះ ភ្នំពេញ​ក្រោន ដោយ​ប៉េណាល់ទី​ ៥-៣ បន្ទាប់​ពី​ស្មើ​គ្នា ២-២ ពាន​បើករ​ដូវ​កាលខេមបូឌានស៊ុបភើខាប់, ឈ្នះ ភ្នំពេញក្រោន ៤-១ ក្នុង​ពាន AFC និង​ការ​ប្រកួត​ក្នុង​លីគ​បាន​ចាញ់ បឹងកេត ១-២ មុន​ពេល​ស្មើ ០-០៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម