Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ូធីចូល​ជួយ​​អ៊ីរ៉ង់ អាចបង្កើតបញ្ហាថាមពលថ្មី នៅសមុទ្រក្រហមយ៉ាងដូចម្តេច​?

បានផុស

នៅ

ការចូលរួមរបស់ក្រុមហ៊ូធី (Houthi) ក្នុងជម្លោះរវាងអុីរ៉ង់ និងអាមេរិក គឺជាកត្តាដ៏គ្រោះថ្នាក់បំផុតដែលអាចបង្កឲ្យមានបញ្ហារង្គោះរង្គើនៅសមុទ្រក្រហម ដោយបង្ខំឲ្យបិទផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័ន​បន្ថែម​ទៀត​​លើ​ច្រកសមុទ្រហ័រមូស ហើយឈានទៅដល់ការបង្កើត «វិបត្តិថាមពលសកលថ្មី»​កាន់តែ​ធ្ងន់ធ្ងរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

យោងតាម BloombergNEF ចាប់តាំងពីការផ្ទុះឡើងនៃអរិភាពនៅចុងខែកុម្ភៈមក អ៊ីរ៉ង់ទទួលបាន​ឥទ្ធ៊ិពល​ក្នុងការ​បិទ​ច្រក​សមុទ្រហ័រមូស ដែលជាសរសៃឈាមដ៏សំខាន់មួយនៃការផ្គត់ផ្គង់ប្រេងសកល។ ទោះយ៉ាងណា ទីក្រុង​តេហេរ៉ង់មិន​អាចរារាំងប្រទេសឈូងសមុទ្រ ពីការប្រើប្រាស់ផ្លូវជំនួសឆ្លងកាត់សមុទ្រក្រហម ដើម្បីបន្តនាំចេញប្រេង និងឧស្ម័នបានទេ។

នោះអាចផ្លាស់ប្តូរប្រសិនបើហ៊ូធី ដែលជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ធ្វើអន្តរាគមន៍ភ្លាមៗ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាន​និយាយ​ថា ពួកហ៊ូធីបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួម បើពួកគេត្រូវការគ្រប់គ្រងច្រកសមុទ្របាបអែលម៉ាន់ដេដ (Bab el-Mandeb) ដែលជាច្រកទ្វារទៅកាន់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដើម្បី «ដាក់ទណ្ឌកម្មសត្រូវ» ជាពិសេស បើអាមេរិកចាប់ផ្តើមវាយលុកលើដីគោកនៅលើកោះអ៊ីរ៉ង់។

យោងតាមអ្នកសង្កេតការណ៍ រហូតមកដល់ពេលនេះ ក្រុមនេះមិនទាន់ចូលរួមនៅឡើយទេ ប៉ុន្តែបានបង្ហាញសញ្ញាថា ពួកគេអាចចូលរួមប្រយុទ្ធនៅពេលណាក៏បាន។ ក្រុមនេះក៏ជាកម្លាំងសំខាន់ បើអ៊ីរ៉ង់សម្រេចចិត្តច្របាច់កសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត ឬពង្រីកគោលដៅរបស់ខ្លួនទៅកាន់អារ៉ាប៊ីសាអូឌីត និងទ្រព្យសម្បត្តិរបស់អាមេរិកនៅក្បែរនោះ ដូចជាមូលដ្ឋានទ័ពនៅជីប៊ូទី ដើម្បីបង្កការខាតបង់អតិបរមាលើសត្រូវ។

លោក Adam Baron អ្នកជំនាញផ្នែកយេម៉ែន និងឈូងសមុទ្រនៅវិទ្យាស្ថានស្រាវជ្រាវអាមេរិក បាននិយាយថា «បើក្រុមហ៊ូធីចូលទៅក្នុងសង្គ្រាម ហានិភ័យនឹងពិតជាធំធេងណាស់។ វានឹងអូសបន្លាយតាមប្រឡាយស៊ុយអេ និងអេហ្ស៊ីប ហើយរុញអារ៉ាប៊ីសាអូឌីតឲ្យកាន់តែជ្រៅទៅក្នុងជម្លោះ» ។

មិនតែប៉ុណ្ណោះ បើអុីរ៉ង់បិទច្រក Hormuz ហើយក្រុមហ៊ូធីរំខានច្រក Bab el-Mandeb នោះមានន័យថា ផ្លូវដឹកជញ្ជូនប្រេង និងហ្គាស (LNG) ពីមជ្ឈិមបូព៌ាទៅកាន់អឺរ៉ុប និងអាស៊ី នឹងត្រូវកាត់ផ្ដាច់ស្ទើរតែទាំងស្រុង។ ពិភពលោកនឹងជួបវិបត្តិ «កកស្ទះទ្វេរដង» ដែលមិនធ្លាប់មានពីមុនមក។

ក្រុមហ៊ូធី ក៏មានសមត្ថភាពប្រើប្រាស់អាវុធដែលមានតម្លៃថោក តែមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាក់ស្ដែង ដ្រូនអត្តឃាត និងមីស៊ីលប្រឆាំងនាវា សុទ្ធតែអាចបង្កការខូចខាតធ្ងន់ធ្ងរដល់នាវាដឹកប្រេងខ្នាតយក្ស។ សូម្បីតែការបង្កៃមីនសមុទ្រក៏អាចបង្កើតភាពភ័យខ្លាចដល់ក្រុមហ៊ុនធានារ៉ាប់រងនាវា ធ្វើឲ្យតម្លៃសេវាដឹកជញ្ជូនហក់ឡើងខ្ពស់ ឬក្រុមហ៊ុនខ្លះសម្រេចចិត្តឈប់ដឹកឆ្លងកាត់តំបន់នោះតែម្ដង។

ក្រៅពីសមុទ្រ ក្រុមហ៊ូធីក៏អាចប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅក្បែរព្រំដែនយេម៉ែន ដែលជាប្រភពផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម