Connect with us

ព័ត៌មានជាតិ

ស្រុកព្រែកប្រសព្វ​ទល់មុខក្រុងក្រចេះ ​ខណ្ឌ​​ចែក​ដោយទន្លេកាន់តែអភិវឌ្ឍ ក្រោយ​ស្ពាន​ស្ថាបនារួចរាល់

បានផុស

នៅ

ស្ពានមិត្តភាពកម្ពុជា-ចិន នឹង​ក្លាយជារបត់ផ្លាស់ប្តូរដ៏ធំមួ​យ​សម្រាប់​ស្រុកព្រែកប្រសព្វដែល​ជាប់ដងទន្លេ។ ស្រុកព្រែកប្រសព្វ ជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៧ នៃខេត្តក្រចេះ ដែលមានភូមិសាស្ត្រស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្ត ហើយខណ្ឌចែកដោយទន្លេមេគង្គជាព្រំប្រទល់។

ស្រុកព្រែកប្រសព្វ ពុំដែលមានប្រវត្តិមានស្ពានសម្រាប់ឆ្លងកាត់ទន្លេនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះស្រុកម្ខាងនៃ​ដងទន្លេ​ទាំងមូលមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយ​ស្ពានឆ្លងកាត់ទន្លេមេគង្គបានសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពីថ្ងៃ ០១ ខែ​មេសាឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុកព្រែកប្រសព្វមានឃុំចំនួន ៨ ឃុំ ភូមិចំនួន ៦១ ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ៧៦ ពាន់នាក់ ស្មើនិង ១៨​ពាន់គ្រួសារ។

ស្រុកមានផ្ទៃដីកសិកម្ម សរុបប្រមាណជាង ៨០ពាន់ហិកតា ក្នុងនោះ មានស្រែប្រាំង ប្រមាណជាង ៩ ពាន់ហិកតា ស្រែវស្សាជាង ៥ពាន់ហិកតា និងដំណាំយុទ្ធសាស្រ្ត រួមមាន៖ ដំណាំកៅស៊ូ ចំនួន ៩,៩ពាន់ហិកតា ស្វាយចន្ទី ចំនួន ៣៦​ពាន់ហិកតា ស្វាយកែវល្មៀត ៦ពាន់ហិកតា និងដីល្បាប់សម្រាប់ដំណាំតាមរដូវកាល ២ពាន់ហិកតា។

លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ស្រុកព្រែកប្រសព្វគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៧ នៅក្នុងខេត្តក្រចេះ ហើយស្រុកព្រែកប្រសព្វស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្តខណ្ឌចែកដោយទន្លេមេគង្គជាព្រំប្រទល់។ កន្លងមកនេះ ស្រុកព្រែកប្រសព្វជួប​ការលំបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល កសិផល ទៅកាន់ទីរួមខេត្ត និងទីផ្សាលក់ដូរជាខ្លាំង មិនថាពលរដ្ឋ អាជីវករ កសិករ ឬ អ្នកជំងឺ​ត្រូវអាស្រ័យមធ្យោបាយធ្វើដំណើរតាមរយៈកំពង់ចម្លង​។ ត្បិតថា ស្រុកព្រែកប្រសព្វ មានកំពង់ចម្លងចំនួន ៤ កន្លែង ក៏ពិតមែន ប៉ុន្តែកត្តាយឺតយ៉ាវនៃពេលវេលា ការចំណាយថវិកា​ច្រើនលើការដឹកជញ្ជូននៅតែជាបញ្ហាចម្បង។

លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វបានរំលេចពីសមិទ្ធផល​ដំណើរការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​ពីស្រុកព្រែកប្រសព្វ​ទៅ​ទីរួមខេត្ត​រហូតសម្រេចរួចរាល់។

លោកថា ក្នុងឆ្នាំ២០២៥ បើទោះបីជាស្ពានឆ្លងទន្លេមេគង្គមិត្តភាពកម្ពុជា-ចិន មិនទាន់សម្រេចបានរួចរាល់ក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំខេត្តបានអនុញ្ញាត​ឲ្យ​ពលរដ្ឋស្រុកព្រែកប្រសព្វបានឆ្លងកាត់ចំនួន ២ លើក គឺនៅអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពេលដែលសិស្សានុសិស្សថ្នាក់ទី ១២ មកប្រឡងមធ្យមសិក្សាទុតិយភូមិ។

ថ្មីៗនេះ​នៅអំឡុងពេលព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ក៏អ្នកស្រុកព្រែកប្រសព្វ អាចធ្វើដំណើរទៅចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ដោយមោទនៈភាព និងសេចក្តីរីករាយ។

លោកបានបន្តដោយសង្កត់ធ្ងន់ថា កន្លងមកនេះដោយសារស្ថានភាពដឹកជញ្ចូនត្រូវប្រើប្រាស់កំពង់ចម្លង ធ្វើឲ្យ​ពលរដ្ឋ​ខកខានពេលវេលា និងចំណាយ​អស់ច្រើន​។ តាមរយៈស្ពានតភ្ជាប់នេះ បាន​សម្រួល​ក្នុងការធ្វើដំណើរគ្រប់តម្រូវការ ដោយមិនមានការចំណាយលើថ្លៃទូកដតទៅទៀតឡើយ ចំណែកឯតម្លៃផលិតផលកសិផលក៏អាចប្រកួតប្រជែងលើទីផ្សារបានផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម