Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានចុះស៊ើបអង្កេតរកការពិត ក្រោយមានការផ្សាយថា មន្ត្រីបរិស្ថាន២រូបទារប្រាក់៦រយដុល្លារជាថ្នូរមិនសរសេររបាយការណ៍មិនល្អពីរោងចក្រដំណាប់ស្វាយមួយ

បានផុស

នៅ

មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណី មន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ២រូប សង្ស័យបានទាមទារប្រាក់ចំនួន៦រយដុល្លារពីក្រុមហ៊ុនចិនកែច្នៃដំណាប់ស្វាយ ជាថ្នូរនឹងការមិនសរសររបាយការណ៍មិនល្អពីក្រុមហ៊ុនទៅកាន់ថ្នាក់លើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីនៃក្រសួងបរិស្ថានបានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបជាមួយភាគីចិនដែលជាតំណាងក្រុមហ៊ុន និងអ្នកបកប្រែចំនួន២នាក់ ដោយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន ក៏ដូចជាភាគីមន្ត្រីនៃមន្ទីរបរិស្ថាន និងដើម្បីស្វែងរកនូវការពិត។

បន្ទាប់ពីបានស្ដាប់ចម្លើយរបស់ភាគីក្រុមហ៊ុនកែច្នៃដំណាប់ស្វាយរយៈពេលប្រមាណ២ម៉ោង, មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន ក៏បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់របស់ក្រុមហ៊ុន និងបានចុះប្រមូលសំណាកទឹក ដែលក្រុមហ៊ុនបានបង្ហូរទៅកាន់ប្រភពទឹកនៅក្បែររោងចក្រ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញចំណុចមួយចំនួនដែលសង្ស័យថាអាចជាប្រភពបំពុលទឹក ក្នុងប្រភពទឹកសារធារណៈ។ លោក បន្ថែមថា សំណាកទឹក ដែលមន្ត្រីជំនាញបានប្រមូល នឹងត្រូវយកទៅវិភាគ ដើម្បីរកសារធាតុពុល ដោយលទ្ធផលនឹងចេញជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញ ក៏បានរកឃើញថា រោងចក្រដំណាប់ស្វាយនេះ មិនបានគ្រប់គ្រងកាកសំណល់រឹង និងរាវ និងគ្មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីទប់ស្កាត់ការបំពុលទឹកស្របតាមស្តង់ដារបច្ចេកទេសឡើយ។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានណែនាំឱ្យភាគីរោងចក្រដំណាប់ស្វាយ ត្រូវគ្រប់គ្រងកាកសំណល់រឹងឱ្យបានត្រឹមត្រូវ និងត្រូវពន្លឿនការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យបានឆាប់រួចរាល់មុនរដូវវស្សាដែលនឹងចូលមកដល់នាពេលខាងមុខ ដើម្បីកុំឱ្យកាកសំណល់ ទឹកកខ្វក់ ហូរចូលទៅប្រភពទឹកសារធារណៈកាន់តែធំ។

ដំណើរចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជារបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោក អ៊ាង សុផល្លែត បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទាមទារលុយពីរោងចក្រចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារគ្រប់គ្រងកាកសំណល់រាវក្នុងរោងចក្រ ប៉ុន្តែក្រោយមានការចរចា បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ ក៏បានប្រកាសបើកការស្រាវជ្រាវរកការពិតជុំវិញករណីនេះ។

គួររម្លឹកថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមេសា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា៖«ក្រសួងបរិស្ថានមិនទុកឱ្យករណីនេះចប់ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុស នឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌»។

គួរឱ្យដឹងដែរថា នៅរសៀលថ្ងៃដដែល ក្នុងពេលដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថានកំពុងចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ ក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺក៏បានចុះមកដល់ទីតាំងរោងចក្រកែច្នៃដំណាប់ស្វាយ ហុង ចេងហ្វាង ដើម្បីស្រាវជ្រាវឱ្យដឹងការពិតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម