Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិកាន់តែរឹងមាំ

បានផុស

នៅ

លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិឱ្យកាន់តែធន់ និងរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបជាមួយលោកស្រីវេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ(Kathryn Leonhardt) អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាព នៃ Joint Commission International (JCI)កាលពីព្រឹកថ្ងៃទី ៧ មេសា នេះ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្ត្រាចារ្យ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ JCI ហើយការជ្រើសរើសកម្ពុជាជាប្រទេសសម្រាប់កម្មវិធី JCI Presidential Fellows បានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ជាអាទិភាពថ្នាក់ជាតិ។

លោកស្រី បានបន្តថា បន្ទាប់ពីការវាយតម្លៃតម្រូវការសុវត្ថិភាពអ្នកជំងឺរបស់ JCI នៅខែកក្កដា-សីហា ឆ្នាំ ២០២៥ មន្ទីរពេទ្យគំរូទាំងបី រួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម បានរៀបចំផែនការសកម្មភាពយ៉ាងទូលំទូលាយ ដោយផ្អែកលើលទ្ធផលវាយតម្លៃដំបូង។ ផែនការទាំងនេះ ត្រូវបានអនុម័តដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយកំពុងអនុវត្តតាមប្រធានបទសុវត្ថិភាពអ្នកជំងឺទាំង ៨ របស់ JCI ហើយក្រសួងបានបញ្ចូលសូចនាករសុវត្ថិភាពអ្នកជំងឺទៅក្នុងផែនការសកម្មភាពរបស់មន្ទីរពេទ្យសាធារណៈទាំង ១២០ នៅទូទាំងប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា សុវត្ថិភាពអ្នកជំងឺ មិនមែនជាគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពថ្នាក់ជាតិ។ ក្រសួង មានជំនឿថា ដំណើររបស់កម្ពុជា ជាមួយនឹងការណែនាំរបស់ JCI និងការប្តេជ្ញារបស់ក្រុមការងារមន្ទីរពេទ្យ នឹងធ្វើឱ្យប្រទេសយើងក្លាយជាគំរូឈានមុខមួយនៅក្នុងតំបន់។

លោកស្រីបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្តេជ្ញាដឹកនាំយុទ្ធសាស្ត្រនេះតាមរយៈវិធីសាស្ត្រចម្បងបីរួមមានការសហការយ៉ាងជិតស្និទ្ធជាមួយ JCI និងមន្ទីរពេទ្យ ដើម្បីឱ្យអាទិភាពសុវត្ថិភាពអ្នកជំងឺស្របតាមគោលនយោបាយសុវត្ថិភាពអ្នកជំងឺជាតិ និងស្តង់ដារ CHAS។ កំណត់កត្តាជំរុញប្រព័ន្ធ ដូចជា ការបង្កើតមុខតំណែងសម្រាប់ការងារសុវត្ថិភាពអ្នកជំងឺ ការបែងចែកថវិកា និងការកសាងវប្បធម៌រាយការណ៍ដោយមិនដាក់ទោស និងដឹកនាំការពង្រីក និងធានាចីរភាព។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានផ្តល់អនុសាសន៍ឱ្យពង្រីកកម្មវិធី JCI Pathways ទៅកាន់មន្ទីរពេទ្យជាតិទាំង ១០ ដោយអនុវត្តជាដំណាក់កាល។

គួរបញ្ជាក់ថា ការសង្កេត និងយោបល់របស់ លោកស្រីវេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ ក្នុងសប្តាហ៍នេះ នឹងមានសារៈសំខាន់ខ្លាំងក្នុងការរៀបចំដំណាក់កាលបន្ទាប់ដោយរំពឹងថា នឹងមានកិច្ចប្រជុំរវាង វេជ្ជបណ្ឌិត Neelam Dhingra និង លោករដ្ឋមន្ត្រី ឈាង រ៉ា នៅក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី ៧៩ នៅទីក្រុងហ្សឺណែវ នៅខែឧសភា ឆ្នាំ ២០២៦។ ការវាយតម្លៃបន្ទាប់ នៃការអនុវត្តគ្រោងធ្វើនៅត្រីមាសទី ១ ឆ្នាំ ២០២៧ ដើម្បីឈានទៅរកការទទួលស្គាល់ជា JCI Patient Safety Pathways Center៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម