ព័ត៌មានជាតិ
កម្ពុជាផ្សព្វផ្សាយច្បាប់ប្រឆាំង Online Scam ដល់បណ្ដាអង្គទូតបរទេស
ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលទើបត្រូវបានប្រមុខរដ្ឋស្ដីទី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ គឺត្រូវបានយកមកផ្សព្វផ្សាយដល់បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយនេះគឺបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការធ្វើបទបង្ហាញដោយលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្តីការក្រសួងការបរទេស។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការបរទេសកម្ពុជា ព្រមទាំងបណ្តាអង្គទូតបរទេសចំនួន២៨ប្រទេស និងអង្គការអន្តរជាតិចំនួន៨ ដែលប្រចាំនៅកម្ពុជា។ តាមរយៈកិច្ចប្រជុំនេះ មន្ត្រីជំនាញរបស់កម្ពុជា បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរួមមាន បទល្មើសថ្មីចំនួន៥ និងនីតិវិធីពិសេសថ្មីនៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានកំណត់នៅក្នុងមាត្រា ២១។

គួរកត់សម្គាល់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីច្បាប់នេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានអនុម័តដោយរដ្ឋសភាជាតិកាលពីថ្ងៃទី៣០ ខែមីនា ហើយទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដែលមានភាពចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាប្រសិទ្ធភាពអនុវត្តន៍ គឺរួមមាន ១.បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២.បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣.បទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥.ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទល្មើសទាំងនេះ បានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


