សន្តិសុខសង្គម
បង្ក្រាបករណីឆបោកអនឡាញនៅបាវិត ចាប់ខ្លួន ២៤៤ នាក់ និងដកអាជ្ញាបណ្ណកាស៊ីណូមួយ
ស្វាយរៀង ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង នៅក្រុងបាវិត ដោយចាប់ខ្លួនជនសង្ស័យសរុប ២៤៤ នាក់ និងដកហូតវត្ថុតាងជាច្រើន ខណៈក្រុមហ៊ុនពាក់ព័ន្ធត្រូវបានដកហូតអាជ្ញាបណ្ណកាស៊ីណូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រី គ.ល.ក. ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ទីតាំងដែលត្រូវបានចុះបង្ក្រាប គឺកាស៊ីណូ ហ្គោដិន ហ្កាឡាក់ស៊ី ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ២៤៤ នាក់ ក្នុងនោះមានជនជាតិវៀតណាម ១៨២ នាក់ ជនជាតិចិន ៤៩ នាក់ ជនជាតិកូរ៉េ ៩ នាក់ និងជនជាតិខ្មែរ ៤ នាក់។ ជាមួយគ្នានេះ ក៏បានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ៥០៥ គ្រឿង កុំព្យូទ័រលើតុ ១៥០ គ្រឿង កុំព្យូទ័រយួរដៃ ១ គ្រឿង ម៉ូនីទ័រ ១ គ្រឿង និងរថយន្ត ៤ គ្រឿង។
អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យទាំងអស់ និងវត្ថុតាងកំពុងត្រូវបានបន្តនីតិវិធីតាមច្បាប់ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបត្រូវបានប្រកាសអនុវត្តថ្មីៗនេះ។

ជាមួយគ្នានេះផងដែរ បន្ទាប់ពីរកឃើញការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបំពានច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គ.ល.ក. បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ០៨៦ គ.ល.ក. ដែលបានផ្តល់ជូនក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី។
អាជ្ញាធរបានអះអាងថា នឹងបន្តអនុវត្តវិធានការយ៉ាងតឹងរឹង ក្នុងយុទ្ធនាការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមិនមានការលើកលែងចំពោះទីតាំង ឬអង្គភាពណាមួយដែលសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ឡើយ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


