ព័ត៌មានជាតិ
មន្ត្រីខេត្តស្វាយរៀង ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅមាត់ទន្លេវ៉ៃគោ ដើម្បីការពារសុខភាពពលរដ្ឋ
ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពសាធារណៈ ពិសេសក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោក ហៀង ដារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តស្វាយរៀង បានដឹកនាំមន្ត្រីជំនាញផ្នែកសុវត្ថិភាពម្ហូបអាហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរព័ត៌មានខេត្ត ចុះផ្សព្វផ្សាយអប់រំ និងត្រួតពិនិត្យគុណភាពទំនិញនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

មន្ត្រីជំនាញបានប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីដកសំណាកគំរូម្ហូបអាហារចំនួន ១៦សំណាក យកមកវិភាគរកសារធាតុគីមីហាមឃាត់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព៖ ការពិនិត្យរកសារធាតុហ្វ័រម៉ាលីន (Formalin): បានពិនិត្យលើបង្គា និងមឹក (ចំនួន ៥គំរូ) ជាលទ្ធផលគឺ “អវិជ្ជមាន”។ ការពិនិត្យរកសារធាតុបូរ៉ាក់ (Borax): បានពិនិត្យលើសាច់ក្រក, ប្រហិតសាច់គោ, ប្រហិតត្រី, ហតដក, សរសៃគុយទាវ និងលត (ចំនួន ១៣ គំរូ) ជាលទ្ធផលគឺ “អវិជ្ជមាន” ទាំងអស់។ ជារួម គំរូដែលបានដកមកធ្វើតេស្តនៅនឹងកន្លែង គឺពុំមានវត្តមានសារធាតុគីមីហាមឃាត់ឡើយ ដែលនេះ ជាសញ្ញាវិជ្ជមានសម្រាប់សុវត្ថិភាពម្ហូបអាហារនៅតំបន់កម្សាន្តដ៏សំខាន់មួយនេះ។
ក្រៅពីការធ្វើតេស្តគុណភាព លោក ហៀង ដារ៉ា និងក្រុមការងារក៏បានចុះតាមភោជនីយដ្ឋាន តូបលក់ដូរ និងរទេះរុញ ដើម្បីពង្រឹងវិធានអនាម័យ ក្នុងនោះបានណែនាំអំពីការរក្សាទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ បន្ថែមពីនេះ ក៏បានបិទស្លាកផ្សព្វផ្សាយ ដោយបិទរូបភាពអប់រំស្តីពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព ដើម្បីឱ្យអ្នកលក់ និងអ្នកទិញមានការយល់ដឹងកាន់តែច្បាស់ ព្រមទាំងបានជំរុញឱ្យអាជីវករលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃក្នុងថ្ងៃបុណ្យទានឡើយ។

សូមជម្រាបថា តំបន់មាត់ទន្លេវ៉ៃគោ គឺជាបេះដូងនៃលម្ហែកាយរបស់ក្រុងស្វាយរៀង។ ការចុះត្រួតពិនិត្យនេះ មិនមែនជាការរឹតត្បិតអាជីវកម្មឡើយ ប៉ុន្តែគឺជាការ “ការពារ និងលើកកម្ពស់” កិត្តិយសរបស់ខេត្ត។ លោក ហៀង ដារ៉ា បានបញ្ជាក់ថា ការធានាបាននូវម្ហូបអាហារមានគុណភាព និងសុវត្ថិភាព គឺជាកាដូដ៏ល្អបំផុតដែលមន្ត្រីជំនាញ និងអាជីវកររួមគ្នាផ្តល់ជូនប្រជាពលរដ្ឋ មុនថ្ងៃចូលឆ្នាំថ្មីចូលមកដល់។ លោកបានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយលក់តែចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព ព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សោភណភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តស្វាយរៀង ។
សកម្មភាពនេះ បានទទួលការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដែលធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្តក្នុងការមកទទួលទានអាហារ និងកម្សាន្តនៅតំបន់មាត់ទន្លេវ៉ៃគោ ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព៕
ដោយ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


