Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ រៀបចំពិធី «រំឭកគុណសិល្បកររៀមច្បង» ដើម្បីគោរពការលះបង់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ

បានផុស

នៅ

នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សមាគមសិល្បករខ្មែរ បានរៀបចំពិធី «រំឭកគុណសិល្បកររៀមច្បង» ដ៏មានអត្ថន័យមួយ ក្នុងបំណងបង្ហាញការគោរព និងអរគុណចំពោះសិល្បករជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការអភិរក្ស ថែរក្សា និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរ ឱ្យនៅតែរឹងមាំ និងមានតម្លៃសម្រាប់ជំនាន់ក្រោយ។

កម្មវិធីនេះមិនត្រឹមតែជាវេទិកាសម្រាប់រំលឹកគុណបុគ្គលឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្ត និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគមសិល្បករខ្មែរ ក្នុងការបន្តគាំទ្រ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃពិធី «រំឭកគុណសិល្បកររៀមច្បង និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ» ប្រធានសមាគមសិល្បករខ្មែរ អាណិត្តទី៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានលើកឡើងថា ការជួបជុំជាមួយសិល្បកររៀមច្បង គឺប្រៀបបាននឹងការឈរនៅចំពោះមុខ “ប្រវត្តិសាស្ត្ររស់” ដែលបង្ហាញពីដំណើរកសាង និងការពារអត្តសញ្ញាណជាតិឱ្យនៅតែរឹងមាំ និងបន្តរីកចម្រើន។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានចាត់ទុកសិល្បកររៀមច្បង មានតួនាទីសំខាន់ក្នុងការតភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត ហើយក៏ជាគំរូសម្រាប់សិល្បករជំនាន់ក្រោយ ខណៈស្នាដៃ និងបទពិសោធរបស់ពួកគាត់ ត្រូវបានចាត់ទុកជាមរតកដ៏មានតម្លៃ ដែលត្រូវរក្សាទុក និងបន្តអភិវឌ្ឍជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះដែរ ប្រធានសមាគមសិល្បការខ្មែរ បានផ្តល់ថវិកាមួយចំនួនជូនសិល្បកររៀមច្បង ដើម្បីបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ពីអ្នកជំនាន់ក្រោយ ព្រមទាំងអំពាវនាវឱ្យសាធារណជនចូលរួមថែរក្សា និងគាំទ្រពួកគេ ដោយចាត់ទុកថាជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល។

សមាគមសិល្បករខ្មែរ ក៏តែងតែយកចិត្តទុកដាក់លើសុខុមាលភាពសិល្បកររៀមច្បង និងចាត់ទុកជាអាទិភាពសំខាន់មួយ ក្នុងទិសដៅរៀបចំអាណត្តិទី៦នេះ និងគូសបញ្ជាក់ថា បើទោះបីជាការគាំទ្រនៅមានកម្រិត សមាគមសិល្បករខ្មែរ នៅតែបន្តខិតខំស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីពង្រឹងការគាំទ្រនាពេលខាងមុខជានិច្ច។ ជាមួយគ្នានេះ ប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហាញគម្រោងផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងជីវិតដល់សមាជិក ដោយមានលក្ខខណ្ឌតម្រូវមួយចំនួន។

សុន្ទរកថាក៏បានរំលឹកពីសារៈសំខាន់នៃវប្បធម៌ជាតិ តាមរយៈពាក្យស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ដើម្បីជំរុញឱ្យប្រជាជនខ្មែរ បន្តថែរក្សាមរតកដូនតា និងលើកកម្ពស់អត្តសញ្ញាណជាតិ។

ឆ្លៀតក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នេះដែរ ប្រធានសមាគមសិល្បករខ្មែរ ក៏ជូនពរដល់លោកគ្រូ អ្នកគ្រូ និងសិល្បកររៀមច្បងទាំងអស់ សូមឱ្យមានសុខភាពល្អ សេចក្ដីសុខ និងអាយុយឺនយូរ។

ជាចុងក្រោយ សមាគមសិល្បករខ្មែរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រ និងលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ព្រមទាំងសន្យានឹងរៀបចំកម្មវិធីជួបជុំបែបនេះឱ្យបានញឹកញាប់ យ៉ាងហោចណាស់២ដង ក្នុងមួយឆ្នាំ៕ អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម