Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rutte អះអាងថា ណាតូ​មិន​ដើរ​ខ្សែ​លើ​អាមេរិកនោះទេ មានតែ​ជ្រោមជ្រែងពេញទំហឹង

បានផុស

នៅ

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានចេញមុខបកស្រាយយ៉ាងច្បាស់ៗកាលពីថ្ងៃព្រហស្បតិ៍​ទី​៩ខែមេសា​ឆ្នាំ​២០២៦ថា សម្ព័ន្ធភាពយោធាមួយនេះមិនដែល​ដើរ​ខ្សែ​លើ​អាមេរិក​នោះឡើយ​ ពោល​គឺ​មានតែ​កំពុង​ជួយ​ជ្រោមជ្រែង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ពេញ​ទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Rutte និង​លោក ត្រាំ (រូបថត៖ REUTERS)

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ការលើកឡើងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ពី​អាមេរិក ដែលថាប្រទេសជាសមាជិកផ្សេងទៀតហាក់មិនបានជួយ​អាមេរិក និងអ៊ីស្រាអែល​ឲ្យ​អស់ពីចិត្ត នៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោក Rutte បានសង្កត់ធ្ងន់ថា អ្វីដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានលើកឡើងគឺជារឿងត្រឹមត្រូវបំផុត ព្រោះពាក្យថាម្ព័ន្ធមិត្ត គឺត្រូវតែជួយគ្នាទៅវិញទៅមក មិនអាចទុកឲ្យ​ភាគីណាម្នាក់ធ្វើការតែម្នាក់ឯងនោះទេ។

ដើម្បីរំលឹកដល់គុណតម្លៃនៃមិត្តភាពនេះ លោក Rutte បានលើកយកសង្គ្រាមនៅអាហ្វហ្គានីស្ថានមកធ្វើជាឧទាហរណ៍ ដោយលោកបានរំលឹកថា កាលនោះកងទ័ពមកពីអឺរ៉ុប និងកាណាដា បានសុខចិត្តបូជាសាច់ស្រស់ឈាមស្រស់ ឈរប្រកៀកស្មាគ្នាជាមួយកងទ័ពអាមេរិកនៅលើសមរភូមិ ដែលនេះសរបញ្ជាក់ថា ណាតូ​តែងតែនៅក្បែរអាមេរិកជានិច្ចក្នុងគ្រាមានអាសន្ន។

ការចេញមកបកស្រាយរបស់មេដឹកនាំណាតូ​រូបនេះ កើតឡើងចំពេលដែលស្ថានការណ៍កំពុងឡើងកម្ដៅខ្លាំង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិក បានសម្ដែងការមិនពេញចិត្តដែលប្រទេសក្នុងប្លុកណាតូ​មួយចំនួន ហាក់រារែកក្នុងការចូលរួមការពារច្រកសមុទ្រ Hormuz ឬរឹតត្បិតការប្រើប្រាស់មូលដ្ឋានទ័ពក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់។ លោកត្រាំ ថែមទាំងបានគំរាមដកខ្លួនចេញពីអង្គការណាតូ ​ទៀតផង ប្រសិនបើប្រទេសដទៃមិនព្រមបង្កើនការទទួលខុសត្រូវរបស់ខ្លួន។

ទោះជាយ៉ាងណា លោក Rutte បានការពារសមាជិករបស់ខ្លួនដោយលើកឡើងថា ស្ទើរតែគ្រប់ប្រទេសទាំងអស់កំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាមេរិកចង់បាន និងកំពុងឆ្លើយតបយ៉ាងសកម្មទៅនឹងសំណើរបស់លោកប្រធានាធិបតី ត្រាំ។ លោកបានទទួលស្គាល់ដោយត្រង់ថា កាលពីដំបូងឡើយ សម្ព័ន្ធមិត្តខ្លះពិតជាមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែមកទល់ពេលនេះ ពួកគេភាគច្រើនបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកភស្តុភារ និងការអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ព ដើម្បីជួយដល់ប្រតិបត្តិការយោធារបស់អាមេរិក។

មូលហេតុដែលនាំឲ្យមានការយឺតយ៉ាវកាលពីដំបូង ត្រូវបានលោក Rutte ពន្យល់ថា គឺដោយសារតែការភ្ញាក់ផ្អើល។ លោកថា ដើម្បីរក្សាការសម្ងាត់ក្នុងការវាយប្រហារដំបូង លោកប្រធានាធិបតី ត្រាំ មិនបានប្រាប់ឲ្យសម្ព័ន្ធមិត្តដឹងខ្លួនជាមុនឡើយ ទើបធ្វើឲ្យពួកគេរៀបចំខ្លួនមិនទាន់។ ប៉ុន្តែបច្ចុប្បន្ន លោកបានសង្កេតឃើញថា ប្រទេសនៅអឺរ៉ុបកំពុងផ្ដល់ការគាំទ្រយ៉ាងមហិមា ដើម្បីធានាថា កងទ័ពដ៏ខ្លាំងពូកែរបស់អាមេរិកអាចសម្រេចជោគជ័យក្នុងការរារាំងមិនឲ្យអ៊ីរ៉ង់បង្កើតអាវុធនុយក្លេអ៊ែរបាន។

ជាចុងក្រោយ លោក Rutte ក៏បានទម្លាយដែរថា លោកបានជួបជជែកគ្នាដោយផ្ទាល់ និងដោយត្រង់ទៅត្រង់មកជាមួយលោកត្រាំ នៅសេតវិមានកាលពីថ្ងៃពុធ។ លោកបានប្រាប់ទៅលោកត្រាំ ថា ប្រទេសអឺរ៉ុបភាគច្រើនលើសលប់បានធ្វើតាមអ្វីដែលអាមេរិកស្នើសុំរួចរាល់ហើយ គ្រាន់តែជួនកាលរឿងបែបនេះវាត្រូវការពេលវេលាបន្តិចបន្តួចដើម្បីរៀបចំ។ លោកជឿជាក់ថា អឺរ៉ុបដែលរឹងមាំ និងណាតូដែលខ្លាំងក្លា នឹងមិនមើលរំលងតួនាទីដឹកនាំដ៏សំខាន់របស់សហរដ្ឋអាមេរិកឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម