Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិប​តី​ អាអូន៖ ​លីបង់​លែង​​ធ្វើ​ជា​កូន​អុក​សម្រាប់​សង្វៀន​​ប្រយុទ្ធ​​​ទៀត​ហើយ​​

បានផុស

នៅ

ប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អាអូន (Joseph Aoun) បាន​លើក​ឡើង​ថា ប្រទេស​របស់​លោក​កំពុងស្ថិត​​ក្នុង​ដំណាក់​កាលថ្មីមួយ​ឆ្ពោះ​ទៅ​រក​​កិច្ច​ព្រម​ព្រៀងសន្តិភាព​​​​អចិន្ត្រៃយ៍ បន្ទាប់​ពីបទឈប់​បាញ់​រយៈពេល១០ថ្ងៃ​​ដ៏​កម្រ​បំផុត​​ រវាង​​​​អ៊ីស្រាអែល-ក្រុម​ហេស​បូឡា (Hezbollah) ចូលជាធរ​មាន​ចាប់​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​​​។

យោង​តាម​សារព័ត៌មាន AFP និង CNA ផ្សាយ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ នៅក្នុង​​សេចក្តី​​ថ្លែងការណ៍​មួយ​ទៅ​កាន់​ប្រជាជន​លីបង់នៅ​​មួយ​ថ្ងៃ ​បន្ទាប់​ពី​​ប្រធានាធិបតីអាមេរិក លោក​​ ដូណាល់ ត្រាំ​ បាន​​ប្រកាស​​អំពី​បទ​ឈប់​បាញ់ លោក ​អាអូន​ និយាយថា៖ « ប្រទេសលីបង់​លែងជាសង្វៀន​សម្រាប់​សង្គ្រាមរបស់​នរណាម្នាក់ទៀត​ហើយ​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីលីបង់ លោក Joseph Aoun. រូបភាព៖ Reuters

ប្រទេស​លីបង់ត្រូវ​បានអូស​​ទាញ​ចូល​ទៅក្នុង​ជម្លោះនៅ​​មជ្ឈិម​បូព៌ា​​ចាប់តាំង​ពី​ថ្ងៃទី០២ ខែមីនា នៅ​​ពេលដែល​​ក្រុម​ហេសបូឡា ដែល​គាំទ្រ​ដោយ​ទីក្រុង​តេហេរ៉ង់ វាយប្រហារអ៊ីស្រាអែល​ ដើម្បី​សង​សឹក​ចំពោះ​ការ​ស្លាប់​របស់​អតីត​មេដឹកនាំកំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ​ (Ayatollah Ali Khamenei)។

​​​​ជាការ​ឆ្លើយ​តប​​ចំពោះ​ការ​បាញ់​ប្រហារ​​របស់​ក្រុមហេសបូឡា ​ភាគី​អ៊ីស្រាអែល បាន​បើក​ការ​បាញ់ប្រហារ​ច្រើន​លើក​ច្រើន​សារលើប្រទេសលីបង់ និងបើកការវាយលុក​តាម​ជើង​​គោក ​ដោយសម្លាប់មនុស្សជិត ២ ៣០០នាក់ របួស​​ជាង​​៧​០០០នាក់ និងបណ្តេញ​​ជន​ស៊ី​វិល​ជាង​១​លាននាក់​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​​ក្នុងរយៈពេលជាង​១ខែ​ចុងក្រោយនេះ​​។

ប្រធានាធិបតី​ អាអូន បាន​លើក​ឡើង​ក្នុងសុន្ទរកថាដំបូង​របស់លោកទៅ​កាន់​ប្រជា​ជាតិ​ចាប់តាំងពីបទឈប់បាញ់​មក​ថា៖ «ឥឡូវនេះ! យើង​ទាំង​អស់​គ្នា​កំពុង​ឈរ​នៅ​​ដំណាក់​កាលថ្មីមួយ។ វាគឺជាដំណាក់កាល​នៃការផ្លាស់ប្តូរ​ ​​លើ​បទ​ឈប់បាញ់ ​ទៅជាកិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​ដែល​រក្សា​សិទ្ធិ​របស់​ប្រជាជន ឯកភាពនៃទឹកដី និងអធិបតេយ្យភាពរបស់ប្រជាជាតិ​យើង»។

ប្រធានាធិប​តី​រូ​ប​នេះ​បន្ថែម​ថា៖ « រដ្ឋាភិបាលលីបង់បាន​ទាម​ទារ​យក​ សិទ្ធិ​អំណាច​សម្រេច​ចិត្ត​​របស់ប្រទេស​លីបង់​មកវិញ​ វាជាលើកដំបូង​​សម្រាប់​ប្រទេស​យើង​ ក្នុង​រយៈពេលជិតកន្លះ​សតវត្សរ៍មក​នេះ​​។ ថ្ងៃនេះ​(ទី​១៧​ ខែមេសា) យើងចរចាដើម្បីខ្លួន​យើង[…] យើង​លែងជាកូនអុក​ក្នុង​ល្បែងរបស់​នរណាម្នាក់ទៀតហើយ ហើយ​ក៏​មិនមែនជា​សង្វៀន​សម្រាប់​សង្គ្រាមរបស់នរណាម្នាក់ដែរ ហើយយើង​​ក៏​មិន​ធ្វើ​ម្តង​ទៀតដែរ​​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម