Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ឲ្យជម្រើស២៖ គ្រប់គ្នាចង់បានទីផ្សារប្រេងសេរី ឬចង់បានហានិភ័យខាតបង់ធំធេង

បានផុស

នៅ

នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុករវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ ទាំងដែលលើផ្លូវឈានឆ្ពោះទៅរកសន្តិភាពកំពុងងងឹតសូន្យសុងនោះ ពេលនេះអ៊ីរ៉ង់បានដាក់ជម្រើសពីរឲ្យពិភពលោករើស ដោយបញ្ជាក់ថា៖ គ្រប់គ្នាចង់បានទីផ្សារប្រេងសេរី ឬចង់បានហានិភ័យខាតបង់ធំធេង។

អនុប្រធានាធិបតីទី១អ៊ីរ៉ង់ លោក Mohammad Reza Aref (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ អនុប្រធានាធិបតីទី១អ៊ីរ៉ង់ លោក Mohammad Reza Aref បានព្រមានខ្លាំងៗថា ចំពោះសេរីភាពនៃច្រកសមុទ្រ Hormuz ដោយអះអាងថា៖ «សន្តិសុខនៃច្រក Hormuz មិនមែនទទួលបានមកដោយទទេៗនោះទេ។ គេមិនអាចរឹតត្បិតការនាំចេញប្រេងរបស់អ៊ីរ៉ង់ ទាំងដែលក្នុងចិត្តរំពឹងចង់បានសន្តិសុខដោយឥតគិតថ្លៃសម្រាប់អ្នកដទៃនោះឡើយ។ ជម្រើសគឺច្បាស់ណាស់៖ បើមិនមែនជាទីផ្សារប្រេងសេរីសម្រាប់ទាំងអស់គ្នាទេ ក៏ជាហានិភ័យនៃការខាតបង់ធំធេងសម្រាប់គ្រប់ៗគ្នាដែរ។ ស្ថិរភាពនៃតម្លៃប្រេងសកល គឺអាស្រ័យលើការធានានូវការបញ្ចប់ជាស្ថាពរនិងយូរអង្វែង នូវសម្ពាធសេដ្ឋកិច្ច និងយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន»។

ការព្រមានរបស់លោកកើតឡើងខណៈភាពតានតឹងពុះកញ្ជ្រោលជាថ្មី ក្រោយពេលសហរដ្ឋអាមេរិក បានរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់។

កប៉ាល់ដឹកទំនិញអ៊ីរ៉ង់ឈ្មោះ TOUSKA (រូប៖ Reuters)

ការបញ្ជាក់អំពីការរឹបយកកប៉ាល់អ៊ីរ៉ង់នេះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦ ដោយលោកសរសេរថា៖ «ថ្ងៃនេះ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះទៅហើយនោះ បានព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹករបស់យើង ប៉ុន្តែលទ្ធផលមិនបានល្អសម្រាប់ពួកគេឡើយ។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយធ្វើការព្រមានឲ្យពួកគេបញ្ឈប់ដំណើរការ»។

ឆ្លើយតបទៅរឿងនេះ អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយគំរាមសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាមេរិកបាន រំលោភលើបទឈប់បាញ់ ដោយបើកការបាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងផ្ទៃទឹកនៃសមុទ្រអូម៉ង់ ធ្វើឲ្យប្រព័ន្ធនាវាចរណ៍របស់កប៉ាល់លែងដំណើរការ។ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ ចំពោះទង្វើចោរកម្មប្រដាប់អាវុធដោយកងទ័ពជើងទឹកអាមេរិក»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម