Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំរុញ​ការ​ចរចាលើបញ្ហា​អ៊ីរ៉ង់ និង ប្រកាសជំហរប្រឆាំងការផ្ទុះជម្លោះជាថ្មី

បានផុស

នៅ

​ក្រោយ​ជំនួប​ពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ​នៅ​ថ្ងៃពុធ ទី៦ ខែឧសភា បានអំពាវនាវឲ្យមានការបញ្ឈប់អរិភាពនៅក្នុងតំបន់​មជ្ឈិមបូព៌ា និងបានជំរុ​ញឲ្យសហរដ្ឋអាមេរិក ក៏ដូចជាអ៊ីរ៉ង់ បើកច្រកសមុទ្រ Hormuz ឡើងវិញ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Abbas Araghchi នៅទីក្រុងប៉េកាំង លោក វ៉ាង យី បាននិយាយថា៖ «ចិនយល់ឃើញថា ការបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុងត្រូវតែសម្រេចឲ្យបាន​ដោយគ្មានការពន្យារពេល ហើយការចាប់ផ្ដើមអរិភាពឡើងវិញ គឺជាអ្វីដែលមិនអាចទទួលយកបានឡើយ ខណៈការបន្តកិច្ចចរចានៅតែជាកត្តាចាំបាច់បំផុត»។

ប្រមុខការបរទេសចិនរូបនេះថែមទាំងលើកឡើងទៀតថា ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងឆ្លើយតបឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពោះការអំពាវនាវយ៉ាងទទូចរបស់សហគមន៍អន្តរជាតិ ដើម្បីឲ្យមានការបន្តឡើងវិញនូវចរាចរណ៍ផ្លូវទឹកជាប្រក្រតី និងមានសុវត្ថិភាព ឆ្លងកាត់ច្រកសមុទ្រ Hormuz។

លោកបានបន្ថែមថា ចំពោះបញ្ហានុយក្លេអ៊ែរ ចិនស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈពេលដែលយល់ឃើញថា អ៊ីរ៉ង់មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។

នៅក្នុងសារចុងក្រោយនេះ លោក Wang បានសង្កត់ធ្ងន់ថា ចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នា បន្តគាំទ្រដល់ការចាប់ផ្ដើមកិច្ចចរចាសន្តិភាព និងដើរតួនាទីកាន់តែធំក្នុងការស្ដារសន្តិភាព និងភាពស្ងប់ស្ងាត់ឡើងវិញនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ដោយឡែក លោក Araghchi បាននិយាយដែរថា អ៊ីរ៉ង់វាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរ ៤ចំណុចរបស់ចិន ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយបានកោតសរសើរដល់ប្រទេសចិន ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការដើរតួនាទីប្រកបដោយស្ថាបនា ដើម្បីបង្ការកុំឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ និងរីករាលដាលកាន់តែខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​លោក ម៉ាក្រុង៖ តំបន់​កូកាស​​ខាងត្បូង មិនគួរ​​ជាទីតាំង​​ប្រជែងគ្នា​របស់​មហាអំណាច​ទេ​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម