Connect with us

ព័ត៌មានជាតិ

ភ្លៀងដើមរដូវវស្សា! ជំរុញឱ្យកសិករមណ្ឌលគិរី ដាំដំណាំរយៈពេលខ្លីបានជាង ១ពាន់ហិកតា

បានផុស

នៅ

ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅដើមរដូវវស្សាឆ្នាំនេះ ប្រជាកសិករនៅតាមបណ្ដាស្រុក និងក្រុងក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្ដើមមមាញឹកក្នុងការភ្ជួររាស់ និងដាំដុះដំណាំរយៈពេលខ្លី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង្កើនប្រាក់​ចំណូលប្រចាំឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតមកទល់ពេលនេះ ការដាំដុះដំណាំរយៈពេលខ្លីនៅទូទាំងខេត្ត អនុវត្តបានសរុបចំនួន ១,០៨០ហិកតា។ ក្នុងនោះ ដំណាំឧស្សាហកម្ម​រយៈពេលខ្លីមានចំនួន ១,០៦៨ហិកតា រួមមាន ដំឡូងមី ២០៨ហិកតា សណ្ដែកបាយ ៣២៤ហិកតា សណ្ដែកដី ២៦ហិកតា និងដំណាំល្ង ១៨ហិកតា។ ដោយឡែក ដំណាំបន្លែគ្រប់ប្រភេទអនុវត្តបាន ១២ហិកតា ក្នុងនោះមាន បន្លែយកផ្លែ ៥ហិកតា បន្លែយកស្លឹក ៥ហិកតា និងបន្លែយកមើម ២ហិកតា។

លោក ម៉ន សុជាតិ កសិករដាំបន្លែនៅស្រុកកោះញែក បានលើកឡើងថា ភ្លៀងដើមរដូវវស្សាបានផ្ដល់អំណោយផលយ៉ាងខ្លាំងដល់ការចាប់ផ្ដើមដាំដុះដំណាំឆ្នាំនេះ ព្រោះមានទឹកគ្រប់គ្រាន់សម្រាប់ដំណាំលូតលាស់បានល្អ និងជួយកាត់បន្ថយការចំណាយលើការបូមទឹកស្រោចស្រព។

កសិកររូបនេះ រំពឹងថា ប្រសិនបើអាកាសធាតុនៅតែអំណោយផលបន្តទៀត ការដាំដុះដំណាំរយៈពេលខ្លីនៅក្នុងខេត្តមណ្ឌលគិរី នឹងបន្តកើនឡើង និងអាចជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ក៏ដូចជាមន្រ្តីកសិកម្មតាមមូលដ្ឋាន បានបន្តចុះណែនាំបច្ចេកទេសដាំដុះ ការប្រើប្រាស់ពូជមានគុណភាព និងវិធានការការពារជំងឺសត្វល្អិត ដើម្បីធានាឲ្យប្រជាកសិករទទួលបានទិន្នផលល្អ និងមានទីផ្សារលក់ចេញសមរម្យ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម