Connect with us

កីឡា

អ្នក​គាំទ្រ​ប្រមាណ​ ១០០ នាក់​ មាន​ទាំង​ថ្នាក់​ដឹក​នាំ ទៅ​លើក​ទឹក​ចិត្ត ព្រះ​ខ័នរាជ​ស្វាយរៀង ផ្ទាល់

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​មាន​អ្នក​គាំទ្រ​​លើក​ទឹក​ចិត្ត​ផ្ទាល់​ប្រមាណ ១០០ នាក់​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ AFC Challenge League ជា​មួយ​ក្រុម Kuwait SC វេលា​ម៉ោង ១១:៤៥ នាទី​យប់ ម៉ោង​នៅ​កម្ពុជា ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦ នៅ​ប្រទេស​គុយវ៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សំ​ ថាវី ប្រធាន​អ្នក​គាំទ្រ​ផ្លូវ​ការ​របស់​​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា ចំនួន​បណ្តោះ​អាសន្ន​សិន​ដោយ​មិន​ទាន់​រាប់​បញ្ចូល​ថ្នាក់​ដឹក​នាំ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទៅ​ពី​ប្រទេស​កម្ពុជា​គឺ​ប្រហែល​ជា​ជិត ១០០នាក់។

លោក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ដែល​នឹង​ទៅ​មើល​ផ្ទាល់​ភាគ​ច្រើន​គឺ​​ជា​និស្សិត​ និង​អ្នក​ធ្វើ​ការ​នៅ​ប្រទេស​គុយវ៉ែត។ ជា​ពិសេស ឯកអគ្គរាជ​ទូត​ និង​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​គុយវ៉ែត ព្រម​ទាំង​មិត្តភក្តិ​បរទេស​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​ក្លិប​ ព្រះ​ខ័ន​រាជ​ស្វាយរៀង។​

នេះ​គ្រាន់​តែ​អ្នក​គាំទ្រ​ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​ចម្ងាយ​គឺ​រាប់​លាន​នាក់។ ប្រជា​ពល​រដ្ឋកម្ពុជា​ទូទាំង​ប្រទេស​ ជា​ពិសេស​អ្នក​ចូល​ចិត្ត​កីឡា​បាល់ទាត់ គ្រប់​ក្លិប និង​​គ្រប់​ភាគី​ពាក់​ព័ន្ធ​បាល់ទាត់​សុទ្ធ​តែ​គាំទ្រ​ក្លិប​បបាល់ទាត់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទាំង​អស់​​។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​កីឡដ្ឋាន Jaber Al-Ahmad ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ ៦ ម៉ឺន​នាក់។ តម្លៃ​សំបុត្រមាន ២ ប្រភេទ​គឺ តម្លៃ ១០ ដុល្លារ និង ៣.៥ ដុល្លារ។

នៅ​ចាំ​បាន​ថា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ AFC Challenge League រ​ដូវ​កាល​មុន​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ បាន​បំបែក​កំណត់​ត្រា​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​បំផុត​គឺ​ចំនួន ៥១,៦១០​នាក់ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រពាន​រង្វាន់អាស៊ី​មួយ​នេះ។ ចាំ​មើល​ថា តើ​​នៅ​ប្រទេស​គុយវ៉ែត អាច​បំបែក​កំណត់​ត្រា​នៅ​កម្ពុជា​បាន​ដែរ​ឬ​ទេ?

នេះ​ជា​លើក​ទី ២ ​​ហើយ​ដែល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League បន្ទាប់​ពី​លើក​ទី១ កាល​ពី​រដូវ​កាល​មុន។ ចំណែក ក្រុម Kuwait SC ជា​លើក​ទី​១ ដែល​ពួក​គេ​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​កម្រិត​ទី​៣ ប៉ុន្តែ​ពួក​គេ​មាន​ប្រវត្តិប្រកូត​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី១ និង​ទី​២ ជោកជាំ​ហើយ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម