Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភា អាមេរិក ជំរុញញត្តិរារាំងរដ្ឋបាល លោក ត្រាំ មិនឲ្យ​វាយ​ប្រហារអុីរ៉ង់​ជាថ្មី

បានផុស

នៅ

ជាលើកដំបូងបំផុតចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អុីស្រាអែល ប្រឆាំងនឹងប្រទេសអុីរ៉ង់ ព្រឹទ្ធសភាអាមេរិក បានជំរុញនីតិវិធីលើញត្តិមួយ ដែលអាចរារាំងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនឲ្យប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើសាធារណរដ្ឋអុីស្លាមដោយគ្មានការអនុញ្ញាតពីសភា ចំពេលដែលផលប៉ះពាល់ពីជម្លោះនេះកំពុងរីករាលដាលកាន់តែខ្លាំង។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael នៅថ្ងៃទី២០ ខែឧសភា, សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ៤ រូប បានរួមដៃជាមួយសហសេវិកមកពីគណបក្សប្រជាធិបតេយ្យ ក្នុងការគាំទ្រវិធានការណ៍នេះ ដែលនឹងតម្រូវឲ្យមានការអនុម័តពីសភា សម្រាប់ការបន្តការវាយប្រហារខាងយោធាប្រឆាំងនឹងអុីរ៉ង់។ វិធានការណ៍តាមនីតិវិធីនេះដែរ ក៏តម្រូវឲ្យព្រឹទ្ធសភាធ្វើការជជែកដេញដោលជាបន្តបន្ទាប់ លើសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដើម្បីបញ្ចប់ជម្លោះនេះ។

ទោះជាយ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋនៅតែអាចបោះឆ្នោតទម្លាក់សេចក្តីសម្រេចនេះបាន ដរាបណារដ្ឋបាលលោក ត្រាំ ប្រកាសកៀរគរការគាំទ្រនៅក្នុងវិមាន Capitol Hill។ ប៉ុន្តែ ការបោះឆ្នោតនេះនឹងបង្ខំឲ្យសមាជិកសភាទាំងអស់ ត្រូវបង្ហាញជំហរច្បាស់លាស់របស់ពួកគេចំពោះសង្គ្រាមនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP លទ្ធផលនៃការបោះឆ្នោតនេះក៏បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងចំណោមសមាជិកបក្សសាធារណរដ្ឋ នៅពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ។ សង្គ្រាមនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើស្តុកអាវុធរបស់អាមេរិក ដែលបង្កជាសំណួរអំពីការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ព និងបានខាតបង់ថវិកាជាតិ អស់ជាង ៣០ ប៊ីលានដុល្លារ។

ដោយឡែក លោក Chuck Schumer មេដឹកនាំបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា បានថ្លែងមុនពេលការបោះឆ្នោតថា «ប្រធានាធិបតីប្រៀបដូចជាក្មេងលេងកាំភ្លើងដែលមានគ្រាប់អ៊ីចឹង។ ប្រសិនបើមានពេលណាមួយដែលត្រូវគាំទ្រសេចក្តីសម្រេចរបស់យើងស្តីពីអំណាចសង្គ្រាម ដើម្បីដកទ័ពចេញពីជម្លោះជាមួយអ៊ីរ៉ង់ គឺពេលនេះហើយ»។

គួរជម្រាបជូនថា នៅក្នុងការបោះឆ្នោតនៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃទី ១៩ ខែឧសភា សេចក្តីសម្រេចនេះទទួលបានសំឡេងគាំទ្រ ៥០ ទល់នឹង ៤៧ សំឡេងប្រឆាំង ដោយក្នុងនោះមានសមាជិកព្រឹទ្ធសភាបក្សសភាសាធារណរដ្ឋចំនួន ៤ រូប បានបោះឆ្នោតគាំទ្រខាងបក្សប្រជាធិបតេយ្យ ខណៈដែលសមាជិកបក្សប្រជាធិបតេយ្យម្នាក់បានបោះឆ្នោតប្រឆាំង។ ចំណែកឯសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋចំនួន ៣ រូបផ្សេងទៀត មិនបានចូលរួមក្នុងការបោះឆ្នោតនេះទេ។ នេះគឺជាការបោះឆ្នោត «បើកផ្លូវ» ដើម្បីនាំយកសេចក្តីសម្រេចនេះទៅកាន់វគ្គជជែកដេញដោលនៅក្នុងព្រឹទ្ធសភា ដែលនឹងត្រូវបញ្ចប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​បទ​ឈប់បាញ់​ឥតន័យ៖ អ៊ីស្រាអែល នៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លា ដោយបង្ខំពលរដ្ឋ លីបង់ ជម្លៀសខ្លួនជាបន្ទាន់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម