Connect with us

ព័ត៌មានអន្ដរជាតិ

​លោក ត្រាំ ​ថា ការចរចា​សម្រេច​ភាគច្រើន និង​បើកច្រក Hormuz វិញ ​ប៉ុន្តែ​ អ៊ីរ៉ង់ ថា «គ្មានឡើយ​រឿង​បើក​ច្រក​​ដោយ​ស្រួលនោះ​​​»

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២៣ ខែឧសភា ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែល​នឹង​ឈាន​ទៅ​រក​កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែល «ត្រូវបានចរចា​​​បាន​ភាគច្រើន​​» នោះ នឹង​ការ​បើកច្រកសមុទ្រ Hormuz ឡើងវិញ ទោះបីជាទីភ្នាក់ងារសារព័ត៌មាន​ FARS ​គ្រប់គ្រងដោយ​រដ្ឋរបស់អ៊ីរ៉ង់ បាន​ផ្សាយ​ពី​ការ​បដិសេធ​បើក​ច្រក​សមុទ្រ​នោះ​ពីភាគី​អ៊ិរ៉ង់។​

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ​របស់​លោក​ថា កិច្ចព្រមព្រៀងដែលកំពុងលេចចេញជារូបរាងនេះ នឹងបើកច្រកសមុទ្រដ៏មានសារៈសំខាន់នេះឡើងវិញ ដែលជាផ្លូវនាវាចរណ៍ដឹកប្រេង​​ដ៏សំខាន់មួយ ដែលការ​បិទច្រកនេះ បានធ្វើឲ្យប៉ះពាល់ដល់​ការ​ប្រែប្រួល​ទីផ្សារថាមពលសកល ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុង​​ខែកុម្ភៈ នៅពេលដែលអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់។

ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា តើមានអ្វីផ្សេងទៀតដែលនឹងត្រូវដាក់​បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «ទិដ្ឋភាពចុងក្រោយ និងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ កំពុងត្រូវបានពិភាក្សានៅពេលបច្ចុប្បន្ន ហើយនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ»។

ផ្ទុយទៅវិញ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍កាលពីព្រឹកព្រលឹមថ្ងៃ​អាទិត្យ​នេះថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងច្រក Hormuz ហើយការអះអាងរបស់លោក ត្រាំ ជុំវិញរឿងច្រកសមុទ្រនេះ គឺ «មិនស្របទៅនឹងការពិតនោះឡើយ»។

កាលពីម្សិលមិញ ភាគីអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការឆ្ពោះទៅរកការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាម គាប់ជួនជាពេលដែលថ្នាក់ដឹកនាំកំពូលៗរបស់ខ្លួន បានជួបពិភាក្សាជាមួយ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir ​ដែល​ត្រូវ​បាន​គេ​រាយការណ៍ថា ​បាន​នាំយក​​​សំណើ​របស់​អាមេរិក​​ចុង​ក្រោយ​សម្រាប់​ការ​ចរចា​ជាមួយ​អឺរ៉ុង់​។

នាពេលនោះ​ ប៉ាគីស្ថាន បានគូសបញ្ជាក់ថា ការចរចានេះសម្រេចបាននូវវឌ្ឍនភាព «គួរ​ជាទី​ត្រេក​អរ​​»។ ប្រភពពីភាគីប៉ាគីស្ថានពីររូបដែលចូលរួមក្នុងកិច្ចពិភាក្សា បានទម្លាយថា កិច្ចព្រមព្រៀងដែលកំពុងចរចានេះមាន «លក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្គ្រាម»។ ជាមួយគ្នានេះដែរ គណនីបណ្តាញសង្គម X របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបង្ហោះសារកោតសរសើរលោក ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏វិសេសវិសាលក្នុងការស្វែងរកសន្តិភាព។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ដោយស្រង់ប្រភព​មួយចំនួន បាន​លើក​ឡើង​ថា ក្របខ័ណ្ឌដែលបានស្នើឡើងនឹងត្រូវបែងចែកជា ៣ ដំណាក់កាល៖ ទីមួយ បញ្ចប់សង្គ្រាមជាផ្លូវការ, ទីពីរ ដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងទីបី បើកឱកាសរយៈពេល ៣០ ថ្ងៃសម្រាប់ការចរចាលើកិច្ចព្រមព្រៀងឲ្យបានទូលំទូលាយជាងមុន ដែលអាចពន្យារពេលបាន។ ប្រភពពីប៉ាគីស្ថានម្នាក់បានបន្តថា ប្រសិនបើអាមេរិកទទួលយកអនុស្សរណៈនេះ ការចរចាបន្ថែមទៀតអាចនឹងធ្វើឡើងបន្ទាប់ពីពិធីបុណ្យ Eid ត្រូវបានបញ្ចប់នៅថ្ងៃសុក្រ។

សូមជម្រាបជូនថា កន្លងមក ប៉ាគីស្ថានបានព្យាយាមបង្រួមការខ្វែងគំនិតគ្នារវាងអ៊ីរ៉ង់ និងអាមេរិក បន្ទាប់ពីសង្គ្រាមជាច្រើនសប្តាហ៍ ដែលធ្វើឲ្យផ្លូវទឹក Hormuz ដ៏សំខាន់ត្រូវបិទនាវាចរណ៍ភាគច្រើន ទោះបីជាមានការឈប់បាញ់គ្នាបណ្តោះអាសន្នទាំងក្តីបារម្ភក៏ដោយ។ លោក ត្រាំ បានប្រកាសម្តងហើយម្តងទៀតថា អាមេរិកវាយប្រហារអ៊ីរ៉ង់ ដើម្បីការពារកុំឲ្យប្រទេសនេះទទួលបានអាវុធនុយក្លេអ៊ែរ។ ចំណែកឯភាគីអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរឡើយ ហើយអះអាងថាខ្លួនមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ព្រមាន ត្រាំ ពីការវាយបក បើហ៊ានបង្កសង្គ្រាមឡើងវិញ ស្រប​ពេល ប៉ាគីស្ថាន​កំពុង​ខ្នះខ្នែង​សម្របសម្រួល​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម