Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកបាទី ចុះពិនិត្យប្រឡាយមេក្នុង​ឃុំចំបុី និងឃុំដូង ដើម្បីដោះស្រាយបញ្ហាទឹកជូនកសិករ

បានផុស

នៅ

លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានដឹកនាំក្រុមការងារ រួមមាននាយករដ្ឋបាលស្រុក ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឃុំ និងប្រជាកសិករ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយមេ និងប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំចំបុី និងឃុំដូង ដើម្បីសិក្សាវាយតម្លៃជាក់ស្តែងលើស្ថានភាពធនធានទឹក និងស្វែងរកដំណោះស្រាយទាន់ពេលវេលា ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងការបង្កបង្កើនផលកសិកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី២៤ ​ខែឧសភា ​ឆ្នាំ២០២៦ ស្របពេលដែលប្រជាកសិករនៅតាមតំបន់មួយចំនួន កំពុងត្រៀមដាំដុះស្រូវរដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ ដែលតម្រូវឱ្យមានប្រភពទឹកគ្រប់គ្រាន់ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានស្តាប់នូវសំណូមពរ និងកង្វល់របស់ប្រជាកសិករ ពាក់ព័ន្ធនឹងការខ្វះខាតទឹក ការស្ទះប្រឡាយ និងការហូរទឹកមិនទាន់សមស្របទៅតាមតម្រូវការនៃតំបន់ដាំដុះ។

លោក សាយ វណ្ណៈ បានមានប្រសាសន៍ថា វិស័យធនធានទឹក គឺជាសរសៃឈាមដ៏សំខាន់សម្រាប់វិស័យកសិកម្ម ព្រោះប្រភពទឹកមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើនទិន្នផលដំណាំ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដូច្នេះ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពិនិត្យលទ្ធភាពស្តារប្រឡាយ បើកមុខទឹក សម្រួលលំហូរទឹក និងគ្រប់គ្រងការចែកចាយទឹកឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានជំរុញឱ្យអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ចូលរួមថែរក្សាប្រព័ន្ធប្រឡាយទឹក កុំឱ្យមានការរំលោភបំពាន ឬបោះសំរាមចូលក្នុងប្រឡាយ ដែលអាចបង្កការស្ទះ និងប៉ះពាល់ដល់ការហូរទឹក។ លោកបានបញ្ជាក់ថា ការគ្រប់គ្រងធនធានទឹកដោយមានការចូលរួមពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការធានាចីរភាពនៃវិស័យកសិកម្ម និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ។

ប្រជាកសិករនៅក្នុងតំបន់ បានសម្ដែងការគាំទ្រ និងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងស្វែងរកដំណោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យការងារបង្កបង្កើនផលអាចប្រព្រឹត្តទៅបានទាន់រដូវ និងទទួលបានទិន្នផលល្អប្រសើរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម