ព័ត៌មានអន្ដរជាតិ
ការលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ធ្វើឱ្យការចរចាជាមួយអាមេរិក ជួបភាពរអាក់រអួល
ប្រភពចារកម្មអាមេរិក បានទម្លាយប្រាប់សារព័ត៌មាន CBS ថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei កំពុងតែលាក់ខ្លួន នៅក្នុងទីតាំងសម្ងាត់បំផុតមួយ ដោយស្ទើរតែដាច់ទំនាក់ទំនងទាំងស្រុងពីពិភពខាងក្រៅ ដែលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់អាចទាក់ទងលោកបាន ដោយផ្ទាល់នោះទេ សូម្បីតែមន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់ក៏មិនដឹងថា លោកកំពុងស្នាក់នៅទីណាដែរ ពោលគឺរាល់ការផ្ញើសារ ឬទំនាក់ទំនងទាំងឡាយ ត្រូវធ្វើឡើងតាមរយៈបណ្តាញអ្នកនាំសារសម្ងាត់ដ៏ស្មុគស្មាញ ដែលការណ៍នេះ បានបង្កជាផលវិបាក និងធ្វើឱ្យមានការយឺតយ៉ាវយ៉ាងខ្លាំង នៅក្នុងកិច្ចចរចាសន្តិភាពដែលកំពុងប្រព្រឹត្តទៅរវាងអាមេរិក និងអ៊ីរ៉ង់។

តាមការផ្សាយកាលពីថ្ងៃទី២៥ ខែសភា ឆ្នាំ២០២៦ របស់ NDTV ដោយដកស្រង់ប្រភពចេញពីសារព័ត៌មាន CBS មន្ត្រីអាមេរិកម្នាក់ បានរៀបរាប់ថា ភាពកំបាំងមុខនេះហើយ ជាហេតុផលដែលធ្វើឱ្យគេតែងតែឮព័ត៌មានប្លែកៗ ដូចជា ភាគីខ្លះនិយាយថា «មេដឹកនាំកំពូលបានយល់ព្រមលើក្របខ័ណ្ឌហើយ» ឯខ្លះទៀតថា «កំពុងរង់ចាំការសម្រេចចិត្តលើចំណុចចុងក្រោយ» ពីព្រោះរាល់ព័ត៌មានដែលទៅដល់ដៃលោក សុទ្ធតែជាព័ត៌មានដែលហួសពេលបន្តិចទៅហើយ ហើយការឆ្លើយតបមកវិញ ក៏ត្រូវចំណាយពេលយូរដូចគ្នា។ ប្រភពដដែល បានបន្ថែមថា មិនមែនមានតែមេដឹកនាំកំពូលម្នាក់នោះទេ ប៉ុន្តែមេដឹកនាំសំខាន់ៗភាគច្រើនរបស់អ៊ីរ៉ង់ បានចំណាយពេលរាប់សប្តាហ៍សម្ងំរស់នៅក្នុងបណ្តាញការពារក្រោមដីដ៏រឹងមាំ ដើម្បីគេចចេញពីការតាមកម្ទេច ដោយការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ការព្យាយាមទាក់ទងគ្នារវាងមេដឹកនាំអ៊ីរ៉ង់ទាំងនោះ ត្រូវបានមន្ត្រីអាមេរិកប្រៀបប្រដូចទៅនឹងរឿងកំប្លែង ព្រោះពួកគេម្នាក់ៗហាក់បីដូចជាកំពុងអស់សង្ឃឹម និងទាល់តម្រិះ ក្នុងការស្វែងរកវិធីជជែកគ្នាឱ្យបានរហ័ស។
គួររំឮកផងដែរថា ភ្លាមៗបន្ទាប់ពីលោក Mojtaba Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលបន្តពីឪពុករបស់លោក កាលពីដើមខែមីនា មានសេចក្តីរាយការណ៍ថា លោកបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសដ៏ធំមួយរបស់អាមេរិក និងអ៊ីស្រាអែល នៅក្នុងទីក្រុងតេហេរ៉ង់ ក្រោមប្រតិបត្តិការយោធា ដែលមានឈ្មោះថា Roaring Lion និង Epic Fury។ កាលណោះ ព័ត៌មានផ្ទៃក្នុង បានអះអាងថា ទោះបីជារងរបួស ប៉ុន្តែលោកនៅតែមានសមត្ថភាពពេញលេញ ក្នុងការដឹកនាំ និងចាត់ចែងកិច្ចការរដ្ឋបានដដែល។
យ៉ាងណាមិញ បើតាមប្រភពជិតដិតនឹងរង្វង់ការងារផ្ទៃក្នុងរបស់លោក បានលួចទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា តាមពិតទៅ លោក Mojtaba Khamenei កំពុងតែស្ថិតក្នុងដំណាក់កាលព្យាបាល និងស្តារនីតិសម្បទាឡើងវិញពីរបួសផ្ទៃមុខ និងជើងយ៉ាងធ្ងន់ធ្ងរ ដែលរបួសទាំងនេះ បង្កឡើងដោយការទម្លាក់គ្រាប់បែកកាលពីចុងខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏រន្ធត់មួយ បានសម្លាប់ឪពុករបស់លោក គឺលោក Ayatollah Ali Khamenei មេដឹកនាំកំពូលជំនាន់មុន។ ទោះបីជាត្រូវលាក់ខ្លួន និងសម្រាកព្យាបាលរបួសរាងកាយយ៉ាងណាក៏ដោយ ក៏ប្រភពដដែល បានសង្កត់ធ្ងន់ថា ស្មារតីរបស់មេដឹកនាំថ្មីរូបនេះ នៅតែមានភាពវៃឆ្លាត និងរហ័សរហួនដដែល ហើយលោកនៅតែបន្តចូលរួមកិច្ចប្រជុំសំខាន់ៗ ជាមួយមន្ត្រីជាន់ខ្ពស់ តាមរយៈប្រព័ន្ធជជែកជាសំឡេងពីចម្ងាយជាប្រចាំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


