Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ស្នើប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ រួមគ្នាបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមរយៈការបញ្ជ្រាបការយល់ដឹង ក៏ដូចជាសារអប់រំដល់ប្រជាពលរដ្ឋពីហានិភ័យក្នុងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចធ្លាក់ទៅក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អប់រំប្រជាពលរដ្ឋ និងបង្ការការចាញ់បោកមេខ្យល់ ឬបណ្តាញជួញដូរមនុស្ស។

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «វិធានការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងសិក្ខាសាលានេះក៏មានវត្តមានចូលរួមពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងការធ្វើបទបង្ហាញអំពីការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

សម្រាប់លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនអាចពឹងផ្អែកតែលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែលោកកត់សម្គាល់ថា ត្រូវមានការបង្ការទប់ស្កាត់ អប់រំ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ការជួយសង្គ្រោះជនរងគ្រោះ និងកិច្ចសហការអន្តរស្ថាប័ន ព្រមទាំងការចូលរួមរបស់សង្គមទាំងមូល។

លោក ថា អំពើជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកដោយខុសច្បាប់ មិនត្រឹមតែប៉ះពាល់ដល់មនុស្សម្នាក់ៗទេ ប៉ុន្តែប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច គ្រួសារ និងកិត្តិយសជាតិ។ ដូច្នេះការជួយសង្គ្រោះជនរងគ្រោះពីការជួញដូរ ពិតជាមានសារៈសំខាន់ ប៉ុន្តែលើសពីនេះលោកសង្កត់ធ្ងន់ថា ការបង្ការមិនឱ្យពលរដ្ឋធ្លាក់ចូលអន្ទាក់ឧក្រិដ្ឋជន គឺកាន់តែសំខាន់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម