Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​កំណត់​«តំបន់ប្រយុទ្ធ» ថ្មី នៅលីបង់ ​និង​តម្រូវ​ឲ្យ​ប្រជាជន​ភៀសខ្លួនចេញ​

បានផុស

នៅ

អ៊ីស្រាអែលដែលកំពុង​​​ជាប់ដៃក្នុងសង្គ្រាម​ជាមួយអ៊ីរ៉ង់ និង ក្រុមហេសបូឡា​នៅលីបង់ បានប្រកាស​​ដាក់ការ​ប្រយុទ្ធ​នៅ​គ្រប់តំបន់ទាំងអស់នៅខាងត្បូងទន្លេ សាហរ៉ានី (Zahrani) នៃប្រទេសលីបង់ ដែលហូរកាត់មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែន ដោយ​​ប្រកាស​​ឲ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់ មុនពេលមានការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡាចាប់ផ្តើម​​ទ្រង់ទ្រាយធំ​​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានជម្លៀសខ្លួនជាទ្រង់ទ្រាយធំលើកដំបូងបំផុត ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី១៧ ខែមេសាមកនេះ បានកើតឡើង ចំពេលដែលកងទ័ពអ៊ីស្រាអែល បានបើកការវាយឆ្មក់យ៉ាងខ្លាំងក្លានៅទូទាំងភាគខាងត្បូង និងភាគខាងកើតនៃប្រទេស​លីបង់​ ហើយចំពេលដែលក្រុមហេសបូឡា បានអះអាងថា យុទ្ធជនរបស់ខ្លួនបាន​ប្រយុទ្ធ​​គ្នា​ជាមួយកងកម្លាំងអ៊ីស្រាអែល នៅហួស «ខ្សែបន្ទាត់​» ដែលអ៊ីស្រាអែលបានកំណត់នៅភាគខាងត្បូង។

មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏បានកើតឡើងចំពេលដែលប្រជាជនលីបង់ជាច្រើន កំពុងព្យាយាមប្រារព្ធពិធីបុណ្យ អ៊ីដ អាល់អាដហា (Eid al-Adha) ដែលជាបុណ្យសាសនាឥស្លាមផងដែរ។

នៅសប្តាហ៍នេះ អ៊ីស្រាអែលបានប្តេជ្ញាបង្កើនប្រតិបត្តិការនៅលីបង់ និងបានប្រកាសថាខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកនៅទីនោះ។ ការផ្លាស់ប្តូរនេះកើតឡើងមុនកិច្ចពិភាក្សានៅថ្ងៃសុក្រខាងមុខ រវាងគណៈប្រតិភូយោធាលីបង់ និងអ៊ីស្រាអែល នៅមន្ទីរបញ្ចកោណ (សហរដ្ឋអាមេរិក) និងមុនការចរចាដោយផ្ទាល់ជុំថ្មីមួយទៀតនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបញ្ចប់ជម្លោះអរិភាពនេះ។

យោធាអ៊ីស្រាអែលបានប្រកាសនៅលើបណ្តាញសង្គម ដោយព្រមានថានឹង «ចាត់វិធានការដោយប្រើកម្លាំងខ្លាំងក្លាបំផុត» ប្រឆាំងនឹងក្រុមហេសបូឡា យ៉ាងដូច្នេះថា៖ «យើងសូមណែនាំដល់ប្រជាពលរដ្ឋនៅភាគខាងត្បូងលីបង់ ឲ្យជម្លៀសខ្លួនទៅភាគខាងជើងនៃទន្លេសាហរ៉ានី ព្រោះគ្រប់តំបន់ទាំងអស់នៅខាងត្បូងទន្លេនេះ ត្រូវបានចាត់ទុកជាតំបន់ប្រយុទ្ធគ្នា»។

មុននេះបន្តិច អ៊ីស្រាអែលក៏បានចេញការព្រមានជម្លៀសខ្លួនសម្រាប់ទីក្រុង Nabatieh ភាគខាងត្បូង និងផ្នែកខ្លះនៃទីក្រុងឆ្នេរសមុទ្រ Tyre ព្រមទាំងតំបន់ជុំវិញនោះផងដែរ។

ដោយឡែក អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ AFP បានរាយការណ៍ថា ប្រជាជនមកពីតំបន់ដែលរងការគំរាមកំហែងនៅក្នុងទីក្រុង Tyre បាននាំគ្នាសម្រុកទៅកាន់ផ្នែកខ្លះនៃទីក្រុងដែលមិនមាននៅក្នុងការព្រមានជម្លៀសខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានព្រមានថា មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន (ជម្រកភៀសខ្លួន) បានពេញអស់ហើយ និងបានជម្រុញឲ្យប្រជាជនធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីបេរូតវិញ។

សូមជម្រាបជូនថា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តកើតមានស្ទើរតែរាល់ថ្ងៃ ដោយភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភកិច្ចព្រមព្រៀង។ អង្គការសុខភាពពិភពលោក (WHO) បានកត់ត្រាថាមានមនុស្សជាង ៦០០ នាក់បន្ថែមទៀតបានស្លាប់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស។ ចំណែកអ៊ីស្រាអែលក៏បានបាត់បង់ទាហាន ១០ នាក់ផងដែរ ដែលភាគច្រើនរងគ្រោះដោយសារដ្រូនអត្តឃាតរបស់ហេសបូឡា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម