អត្ថាធិប្បាយ
បទវិចារណកថា៖ ខួប១ឆ្នាំនៃស្មារតីការពារជាតិពីមេរៀនការបង្ហូរឈាមជួរមុខមកជាកម្លាំងពង្រឹងជាតិជួរក្រោយគ្រប់វិស័យ
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យ សភាកម្ពុជា

មកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួបមួយឆ្នាំពេញ នៃទំព័រប្រវត្តិសាស្ត្រដ៏ខ្លោចផ្សានិងក្តៅគគុក ដែលកងទ័ពឈ្លានពានថៃបានរំលោភបំពានយ៉ាងកម្រោលមកលើដែនដីអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែស្នាមរបួសនៅលើទឹកដីមាតុភូមិ និងស្នាមឈាមរបស់វីរជនយើង មិនត្រូវអនុញ្ញាតឱ្យរលុបបាត់ទៅតាមពេលវេលានោះឡើយ។ បទវិចារណកថានេះ គឺជាការដាស់សតិកូនខ្មែរគ្រប់រូប៖ កុំភ្លេចការឈឺចាប់កុំបំភ្លេចគុណបំណាច់ហើយដាច់ខាតមិនត្រូវបណ្តោយឱ្យពលិកម្មដ៏ឧត្តុង្គឧត្តមនេះក្លាយជាការលះបង់ដែលឥតន័យនោះឡើយ។

១. សច្ចធម៌នៃពលិកម្ម៖តម្លៃដែលមិនអាចកាត់ថ្លៃបាន
នៅចំពោះមុខការគំរាមកំហែងដោយអាវុធពីប្រទេសជិតខាង កម្ពុជាអាចឈរជើងយ៉ាងរឹងមាំទៅបាន គឺដោយសារតែសាច់ស្រស់ ឈាមស្រស់ និងស្មារតីស្នេហាជាតិដ៏មហិមារបស់៖
• វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ៖ ដែលបានឈរជើងនៅជួរមុខ បញ្ឈរទ្រូងទប់ទល់នឹងគ្រាប់កាំភ្លើងធំ សព្វាវុធគ្រប់ប្រភេទ និងការវាយលុករបស់សត្រូវ។
• វីរនគរបាលជាតិ៖ ដែលបានឈរការពារខ្សែបន្ទាត់ព្រំដែន ថែរក្សាសន្តិសុខផ្ទៃក្នុង និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅក្នុងសមរភូមិ។
• កងកម្លាំងអាវុធហត្ថនិងកងកម្លាំងដទៃទៀត៖ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម គ្មានការរារែក គ្មានការស្តាយស្រណោះសូម្បីតែជីវិត។
«គ្រប់តំណក់ឈាមដែលបានជ្រាបចូលទៅក្នុងដីស្រែចំការនិងព្រៃភ្នំតាមព្រំដែនគឺជាខែលការពារព្រលឹងជាតិ។បើគ្មានការលះបង់របស់បងប្អូនកងកម្លាំងទាំងអស់នោះទេម្ល៉េះសមពេលនេះសេចក្តីថ្លៃថ្នូរនិងឯករាជ្យភាពរបស់យើងត្រូវបានគេជាន់ឈ្លីបាត់ទៅហើយ»។
ដើម្បីកុំឱ្យការលះបង់នេះទៅជាឥតន័យ កូនខ្មែរគ្រប់រូបត្រូវតែចងចាំឈ្មោះ និងវីរភាពរបស់វីរយុទ្ធជនទាំងអស់ជាប់ក្នុងបេះដូងជានិច្ច។

២. តើយើងរៀនសូត្របានអ្វីខ្លះពីព្រឹត្តិការណ៍ឈ្លានពាននេះ?
មេរៀនដែលដូរដោយឈាមនិងទឹកភ្នែកកាលពីមួយឆ្នាំមុន បានបង្រៀនប្រជាជាតិខ្មែរនូវការណ៍ពិតជាក់ស្តែងចំនួន៣៖
• មេរៀនទី១៖ច្បាប់អន្តរជាតិត្រូវការកម្លាំងពិតប្រាកដមកធ្វើជាបង្អែក៖ ទោះបីជាយើងត្រូវតែប្រកាន់ខ្ជាប់នូវផ្លូវច្បាប់និងសន្តិវិធីក៏ដោយ ក៏ប៉ុន្តែនៅក្នុងនយោបាយពិភពលោក បើប្រទេសមួយទន់ខ្សោយ នោះសិទ្ធិនិងច្បាប់ក៏ត្រូវបានគេមើលរំលងដែរ។ ភាពរឹងមាំនៃកងទ័ពនិងសេដ្ឋកិច្ច គឺជាបង្អែកតែមួយគត់ដើម្បីការពារច្បាប់។
• មេរៀនទី២៖សាមគ្គីភាពជាតិគឺជាអាវុធយុទ្ធសាស្ត្រខ្ពស់បំផុត៖ខ្មែររៀនសូត្របានថា នៅពេលដែលមានអាសន្ន មានតែខ្មែរនិងខ្មែរទេដែលឈឺឆ្អាលនិងជួយគ្នា។ ការបែកបាក់ផ្ទៃក្នុង គឺជាឱកាសមាសរបស់សត្រូវ។
• មេរៀនទី៣៖ការពឹងផ្អែកលើខ្លួនឯង៖ គ្មានទាហានបរទេសណាមកស្លាប់ជំនួសយើងដើម្បីការពារដីខ្មែរនោះទេ។ យើងត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន។
៣. ផ្លូវដែលត្រូវទៅមុខ៖ចូរប្រែក្លាយការឈឺចាប់ទៅជាការបង្កើនសមត្ថភាពគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងពលិកម្មរបស់វីរជន និងធានាថាប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះមិនត្រឡប់មកវិញ កម្ពុជាត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងមានយុទ្ធសាស្ត្រច្បាស់លាស់៖
* តើចាប់ពីពេលនេះទៅមុខយើងត្រូវធ្វើអ្វីខ្លះ?
យើងត្រូវរួមគ្នាបង្កើត «ខែលការពារជាតិយុគសម័យថ្មី» ដែលមិនមែនមានត្រឹមតែសព្វាវុធនោះទេ ប៉ុន្តែក៏ត្រូវមានខែលសមត្ថភាពគ្រប់វិស័យដែរ។
* ត្រូវយើងធ្វើដូចម្តេច?
1. វិស័យការពារជាតិ (ខែលដែកថែប)៖ បន្តធ្វើទំនើបកម្មកងទ័ព កងនគរបាល និងកងកម្លាំងទាំងអស់ ទាំងផ្នែកយុទ្ធសាស្ត្រ ចំណេះដឹងបច្ចេកវិទ្យាយោធា និងសមត្ថភាពប្រើប្រាស់អាវុធទំនើបៗ។ ការហ្វឹកហ្វឺនត្រូវតែធ្វើឡើងជាប្រចាំនិងប្រកប ដោយភាពឆ្លាតវៃ។
2. វិស័យសេដ្ឋកិច្ច (ខែលហិរញ្ញវត្ថុ)៖ កូនខ្មែរគ្រប់រូបត្រូវតែប្រឹងប្រែងពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រផលិតផលក្នុងស្រុក ការបង្កើតការងារ និងការកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាង។ ប្រទេសដែលមានសេដ្ឋកិច្ចឯករាជ្យ ទើបមានសំឡេងនយោបាយខ្លាំងនៅលើឆាកអន្តរជាតិ។
3. វិស័យអប់រំនិងចរិតលក្ខណៈជាតិ (ខែលខួរក្បាល)៖ យុវជនជំនាន់ក្រោយត្រូវតែខំរៀនសូត្រ មិនត្រឹមតែវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវសិក្សាឱ្យបានស៊ីជម្រៅពីប្រវត្តិសាស្ត្រច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រំដែនដែរ។ យើងត្រូវការពារទឹកដីដោយចំណេះដឹង និងភស្តុតាងច្បាប់ដ៏រឹងមាំ។
4. អភិវឌ្ឍន៍តំបន់ព្រំដែន៖ ប្រែក្លាយតំបន់ព្រំដែនទៅជាខ្សែក្រវាត់សេដ្ឋកិច្ច រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានច្រើន ពីព្រោះ«ប្រជាពលរដ្ឋនិងការអភិវឌ្ឍគឺជាបង្គោលព្រំដែនរស់ដ៏រឹងមាំបំផុត»។

សេចក្តីសន្និដ្ឋាន
ការឈឺចាប់កាលពីមួយឆ្នាំមុន បានក្លាយជាឱសថជូរចត់ដ៏មានប្រសិទ្ធភាព ដាស់ឱ្យកូនខ្មែរភ្ញាក់ពីដំណេក។ យើងមិនអាចបំភ្លេចឡើយនូវរាល់តំណក់ឈាមរបស់វីរយុទ្ធជន វីរនគរបាល និងកងកម្លាំងគ្រប់ទិសទី។ ប៉ុន្តែ ការចងចាំដ៏ល្អបំផុត មិនមែនជាការអង្គុយយំសោកឬការខឹងសម្បារដោយគ្មានទិសដៅនោះទេ ចូរយុជនខ្មែរគ្រប់រូបងើបឈរឡើង ពត់ខ្នងឱ្យត្រង់ ក្តាប់ដៃឱ្យណែន ហើយប្តេជ្ញាចិត្តថា ៖«នឹងធ្វើឱ្យខ្លួនឯងខ្លាំងធ្វើឱ្យប្រជាជាតិខ្លាំង»។

នៅពេលដែលខ្មែរគ្រប់រូបខ្លាំង ខ្មែរគ្រប់រូបមានចំណេះដឹង និងសេដ្ឋកិច្ចរឹងមាំ នោះហើយគឺជាការសងគុណដ៏ឧត្តុង្គឧត្តមបំផុតចំពោះវិញ្ញាណក្ខន្ធវីរជនរបស់យើង និងជាការធានាដ៏មានឥទ្ធិពលបំផុតថា៖ «ទឹកដីខ្មែរនឹងនៅតែជាជម្រកដ៏សុខសាន្តនិងមានសេចក្តីថ្លៃថ្នូររបស់កូនចៅខ្មែររាប់ពាន់ជំនាន់តទៅមុខទៀត!»៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


