Connect with us

សន្តិសុខសង្គម

ករណីគ្រូបង្រៀននៅសង្កាត់ស្នោរ ខណ្ឌកំបូល ភាគីទាំងពីរ ឯកភាពគ្នាតាមការសម្របសម្រួលរបស់អភិបាល

បានផុស

នៅ

លទ្ធផល នៃការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងករណីគ្រូបង្រៀននៅសង្កាត់ស្នោរ ខណ្ឌកំបូល ភាគីទាំងពីរ បានឯកភាពគ្នាតាមការសម្របសម្រួលរបស់លោកអភិបាលខណ្ឌកំបូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង និង ដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនៅទីតាំងជាក់ស្តែង ដោយមានការចូលរួមពីគូភាគីផងដែរ។

ផ្អែកតាមការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា គឺ ភាគីទាំងពីរ បានឯកភាពគោរពតាមគោលការណ៍ចំនួន ៥ ចំណុច ៖ ១.ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និង ណែនាំដល់សិស្សដែលមករៀនឱ្យមានសណ្តាប់ធ្នាប់ល្អ។ ២.កែសម្រួលសំឡេងរំខានខាងក្នុងកុំឱ្យមានសំឡេងរំខានទៀត (យកក្រណាត់រុំជើងតុ កៅអី)។ ៣.ណែនាំសិស្សក្នុងពេលរៀនចប់ឱ្យប្រញាប់ត្រឡប់ទៅផ្ទះវិញ។ ៤.ស្នើសុំឱ្យអ្នកជិតខាងមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ។ ៥.អាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន។

រដ្ឋបាលខណ្ឌកំបូល ក៏បានបញ្ជាក់ជូនផងដែរថា រដ្ឋបាលខណ្ឌកំបូល តែងយកចិត្តទុកដាក់ក្នុងការសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង និង សំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយពុំមានការរើសអើង ឬ ប្រកាន់និន្នាការនយោបាយណាមួយឡើយ។

គួរបញ្ជាក់ថា តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង ឃើញថា ទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង ១៧:០០ នាទី ដល់ម៉ោង ២០:០០ នាទី ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និង ឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹងពុំមានចេតនាប្តឹងដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុចមួយចំនួនដែលរំខានដល់ការរស់ប្រចាំថ្ងៃប៉ុណ្ណោះ។ ចំពោះមូលហេតុ កន្លងមក សិស្សដែលមករៀនចតកង់ម៉ូតូគ្មានសណ្តាប់ធ្នាប់ ហើយសិស្សរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និង ជិះកង់ម៉ូតូទៅវិញទៅមក អាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺប្រចាំកាយ និង មានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្កជាសំឡេងរំខាន។ កន្លងមក ឈ្មោះ ឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឱ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែកឈ្មោះ ចាន់ សុភា ជាគ្រូបើកទីតាំងបង្រៀនគួរក្រៅម៉ោងបានលើកឡើងថា កន្លងមក លោកក៏បានណែនាំដល់សិស្សដែលមករៀនគួរតាមសំណូមពររបស់ម្ចាស់បណ្ដឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឱ្យបានដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួនក៏ពុំស្តាប់តាមការណែនាំឡើយ។ លោកមានការគាំទ្រយន្តការដោះស្រាយជម្លោះនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម