Connect with us

សន្តិសុខសង្គម

ថ្ងៃទី ០៣ មិថុនា ចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្ត (ONLINE SCAMS) ៩៤ ទីតាំង រកឃើញជនបរទេសស្នាក់នៅជិត ៥០០ នាក់ ពុំមានលិខិតឆ្លងដែន ០៦ នាក់

បានផុស

នៅ

កាលពីថ្ងៃទី ០៣ មិថុនា ម្សិលមិញ អាជ្ញាធរមានសមត្ថកិច្ចទាំង ១៤ ខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៩៤ ទីតាំង និង រកឃើញជនបរទេសស្នាក់នៅជិត ៥០០ នាក់ ពុំមានលិខិតឆ្លងដែន ០៦ នាក់។ នេះបើតាម លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៤ មិថុនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បន្តថា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និង សង្កត់ធ្ងន់ជាប់ជាប្រចាំចំពោះ អភិបាលខណ្ឌទាំង ១៤ ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ឲ្យកាន់តែសកម្ម និង មិនត្រូវរាថយដាច់ខាត ធ្វើយ៉ាងណាត្រូវតែធានាលុបបំបាត់ឲ្យអស់នូវបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទាំងស្រុង។ ជាក់ស្តែងគិតត្រឹមថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង រដ្ឋបាលខណ្ឌទាំង ១៤ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និង ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩៤ ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៨០ នាក់ (ស្រី ១៤៤ នាក់) ក្នុងនោះ ជនបរទេសដែលស្នាក់នៅដោយពុំមានលិខិតឆ្លងដែនមានចំនួន ០៦ នាក់។

លោកស្រីអ្នកនាំពាក្យ បញ្ជាក់ទៀតថា ក្នុងថ្ងៃនេះដែរ នៅខណ្ឌសែនសុខ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងខុនដូរពិភពថ្មីសែនសុខ ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ មាន ០៨ អគារ រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៦ នាក់ (ស្រី ០២ នាក់) ពុំមានលិខិតឆ្លងដែន ០៣ នាក់។ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ០១ ករណី នៅអគារទី ០៥ ជាន់ទី ១២ បន្ទប់ ១២០១ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០៣ នាក់ ព្រមទាំងសម្ភាររួមមាន Laptop ចំនួន ០១ គ្រឿង និង ⁠ទូរស័ព្ទចំនួន ០៣ គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញមានជាប់ពាក់ព័ន្ធនឹងករណីសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកស្រី ដោ សម្ផស្ស បញ្ជាក់បន្ថែមថា ក្រោយចប់ប្រតិបត្តិការ ជនសង្ស័យ និង សម្ភារខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ហើយចំពោះទីតាំងបន្ទប់ពាក់ព័ន្ធករណីនេះ ក្រុមការងារសម្រេចបិទឃ្លុំបណ្ដោះអាសន្ន។

ជាមួយគ្នានេះដែរ ថ្ងៃនេះ ស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬ អ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ ០៣ ចំនួន ០២ ទីតាំង មនុស្សចំនួន ០៩ នាក់ គិតជាថវិកាសរុបចំនួន ៣៦.០០០.០០០ រៀល (សាមសិបប្រាំមួយលានរៀល)៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម