Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ថា គ្មាន​ការ​​​លើក​ពី​លទ្ធភាព​ជួប​​ចរចា​រវាង​ ពូទីន និង​ហ្សេលេនស្គី ​ជាមួយ ត្រាំ​នោះទេ​​

បានផុស

នៅ

ជំនួយការវិមានក្រឹមឡាំង លោកយូរី អ៊ូសាកូវ (Yuri Ushakov) បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរៀបចំជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅលើទឹកដីអាមេរិកនោះទេ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass កាលពីថ្ងៃ ទី១៦ ខែថុនា លោក អ៊ូសាកូវ បានបញ្ជាក់ថា ទីក្រុងមូស្គូមិនទាន់ទទួលបានសំណើណាមួយ ពាក់ព័ន្ធនឹងការរៀបចំជំនួបបែបនេះនៅឡើយទេ។

ទោះបី​យ៉ាងណា ការលើកឡើងរបស់លោក អ៊ូសាកូវ បានធ្វើឡើង បន្ទាប់ពីលោក ហ្សេឡេនស្គី បានប្រកាសកាលពីថ្ងៃចន្ទ ថា រូបលោកនិង ត្រាំ បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរៀបចំកិច្ចចរចានៅអាមេរិក ក្នុងទម្រង់ដ៏ពិសេសមួយ ដែលធ្វើឲ្យលោក ពូទីន មានការពិបាកខ្លាំងក្នុងការបដិសេធ ដែលយ៉ាងហោចណាស់ ក៏ក្រែងចិត្តលោក ត្រាំ ដែរ។

លោក ហ្សេលេនស្គី ក៏បានបញ្ជាក់បន្ថែមទៀតថា មុននឹងឈានដល់គម្រោងនៅអាមេរិកនេះ ទីក្រុងកៀវធ្លាប់បានពិភាក្សាជាមួយអាមេរិក និងបារាំង អំពីលទ្ធភាពនៃការរៀបចំកិច្ចចរចាជាមួយរុស្ស៊ី នៅក្រៅផ្លូវការនៃកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Evian-les-Bains ប្រទេសបារាំង។ ប៉ុន្តែ លោក ពូទីន បានបង្ហាញសញ្ញាព្រងើយកន្តើយ ដោយមិនមានបំណងចង់ចូលរួមនោះឡើយ។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនជួបលោក ពូទីន នៅគ្រប់ទីកន្លែងណាដែលអាចធ្វើការសម្រេចចិត្តបញ្ចប់សង្គ្រាមបានពិតប្រាកដ (លើកលែងតែនៅលើទឹកដីរុស្ស៊ី) ប៉ុន្តែរុស្ស៊ីតែងតែច្រាន​ចោល​ជារឿយៗ។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ( Dmitry Peskov) បានចេញមុខបដិសេធទាំងស្រុង ដោយបញ្ជាក់ថា នៅក្នុងការជជែកគ្នាតាមទូរស័ព្ទរវាងលោក ពូទីន និង ត្រាំ កន្លងមកនេះ មិនដែលមានការលើកឡើង ឬពិភាក្សា អំពីលទ្ធភាពនៃការរៀបចំជំនួបត្រីភាគីជាមួយលោក ហ្សេលេនស្គី នៅអាមេរិកនោះឡើយ។

ភាគីរុស្ស៊ីថែមទាំងអះអាងថា ខ្លួនមិនទាន់ទទួលបានលិខិតអញ្ជើញ ឬសំណើផ្លូវការណាមួយពីខាងសហរដ្ឋ​អាមេរិក ឬអ៊ុយក្រែន ពាក់ព័ន្ធនឹងជំនួបត្រីភាគីនេះទេ។ ម្យ៉ាងវិញទៀត បណ្តាញទំនាក់ទំនងផ្លូវការរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ គឺត្រូវបានកាត់ផ្តាច់ទាំងស្រុងរួចទៅហើយ។

វិមានក្រឹមឡាំងបានរំលឹកឡើងវិញនូវជំហរដាច់ខាតរបស់ខ្លួនថា លោក ពូទីន ធ្លាប់បានបញ្ជាក់ច្បាស់ៗអស់ជាច្រើនដងរួចមកហើយអំពីលក្ខខណ្ឌសន្តិភាព។ ប្រសិនបើលោក ហ្សេលេនស្គី ពិតជាចង់ចរចាដោយភាពម៉ត់ចត់ និងមានការទទួលខុសត្រូវពិតប្រាកដមែននោះ «លោក ហ្សេលេនស្គី អាចធ្វើដំណើរមកកាន់ទីក្រុងម៉ូស្គូដោយផ្ទាល់បាន ដែលនៅទីនោះ រុស្ស៊ីរង់ចាំស្វាគមន៍ជានិច្ច»។

គួរបញ្ជាក់ដែរថា ក្រៅពីគម្រោងនៅអាមេរិកដែលប្រមុខមេដឹកនាំអ៊ុយក្រែន ទើបតែលើកឡើងនេះ ក្នុងនោះផងដែរ ក៏ធ្លាប់មានការពិភាក្សា និងស្នើឡើងនូវទីតាំងអព្យាក្រឹតមួយចំនួនផ្សេងទៀតសម្រាប់ការចរចារវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ដូចជានៅ ប្រទេសស្វីស, តួកគី, ហុងគ្រី, ទីក្រុងហ្សឺណែវ ឬសូម្បីតែនៅក្នុងអារ៉ាប់រួម (UAE) ជាដើម។ ប៉ុន្តែមិនទាន់អាចសម្រេចជាផ្លូវការបាន ដោយសារតែជម្លោះលើបញ្ហាទឹកដី និងលក្ខខណ្ឌឈប់បាញ់មិនទាន់ត្រូវរ៉ូវគ្នា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម