ព័ត៌មានជាតិ
អ្នកតាមដានយល់ថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ជាការឱកាសសម្រាប់កម្ពុជាពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀត
អ្នកតាមដានភូមិសាស្ត្រនយោបាយបានបង្ហាញការយល់ឃើញចំពោះការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី អាស៊ាន នៅពេលនេះក៏ជាឱកាសល្អសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀតទាំងសេដ្ឋកិច្ច និងនយោបាយ។ អ្នកវិភាគយល់ថា ពេលនេះរុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រ «ងាកទៅទិសខាងកើត» ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសនៅតំបន់អាស៊ី។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានឆ្លើយទៅនឹងសំណួររបស់កម្ពុជាថ្មីតាមសារអេឡិចត្រូនិចតេឡេក្រាមថា ការរៀបចំកិច្ចប្រជុំកំពូលភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន់ ដោយប្រទេសរុស្ស៊ី នៅពេលនេះ គឺទីក្រុងមូស្គូចង់បញ្ជាក់ទៅពិភពលោកថាខ្លួននៅតែជាមហាអំណាចសកលដែលមានឥទ្ធិពលនៅអាស៊ីទោះបីជាប់ដៃក្នុងជម្លោះជាមួយអ៊ុយក្រែនក្ដី។
លោកបន្ថែមថា៖ «ការដែលប្រធានាធិបតី ពូទីន ជាម្ចាស់ផ្ទះផ្ទាល់ និងមានកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំស្ទើរតែគ្រប់ប្រទេសគឺជាសារមួយផ្ញើទៅកាន់លោកខាងលិចថា រុស្ស៊ីមិនត្រូវបានឯកោឡើយ»។
លោកបន្ថែមថាការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនេះដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីក្នុងនាមជាសមាជិកអាស៊ាន វាក៏ជាសារនយោបាយមួយរបស់កម្ពុជា ដែលបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យរបស់កម្ពុជាផងដែរ។
លោកថា៖ «ក្នុងបរិបទដែលលោកខាងលិចកំពុងដាក់ទណ្ឌកម្មរុស្ស៊ី ការចូលរួមរបស់សម្ដេចធិបតីបង្ហាញថាកម្ពុជាមិនបណ្ដោយឱ្យសម្ពាធពីបរទេសមកកំណត់ទំនាក់ទំនងការទូតរបស់ខ្លួនឡើយ ហើយនៅតែបន្តយុទ្ធសាស្ត្រតុល្យភាពរវាងមហាអំណាចទាំងអស់»។

ដោយឡែកសម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ បានបង្ហាញចំណាប់អារម្មណ៍របស់លោកផងដែរថា ការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានលើកនេះគឺលើសពីក្របខ័ណ្ឌដែលមានស្រាប់រវាងរុស្ស៊ី និងអាស៊ាន ដោយវាបានបង្ហាញនូវសក្ដានុពលរបស់អាស៊ានលើឆាកអន្តរជាតិ ជាច្រកសំខាន់សម្រាប់រុស្ស៊ីភ្ជាប់ទៅពិភពលោក។ ហើយកិច្ចប្រជុំនៅពេលនេះក៏ជាសាររបស់រុស្ស៊ី ថាប្រទេសនេះនៅតែជាអ្នកដើរតួសំខាន់មួយក្នុងពិភពលោកដែលមិនអាចខ្វះបាន។
លោកបណ្ឌិតបានបន្ថែមថា៖«សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្នគឺជាសណ្ដាប់ធ្នាប់ពហុប៉ូលអ៊ីចឹងមហាអំណាចពិភពលោកគឺដើរតួសំខាន់ទាំងអស់មិនអាចមហាអំណាចណាមួយមកដឹកច្រមុះសណ្ដាប់ធ្នាប់សាកលម្នាក់ឯងបានទេ។ និយាយឱ្យចំគឺក្រោយសង្គ្រាមត្រជាក់សហរដ្ឋអាមេរិកគឺជាមហាអំណាចតែមួយគត់មកដឹកនាំសណ្ដាប់ធ្នាប់សាកលតែបច្ចុប្បន្ននេះមិនអាចដួចក្រោយសម័យត្រជាក់ភ្លាមៗគឺមានការរះឡើងនៃមហាអំណាចចិនក៏ជាចំណែកសំខាន់ក្នុងប្រព័ន្ធពហុប៉ូលបច្ចុប្បន្នហើយយើងដឹងថាចិននិងរុស្ស៊ីតែងតែប្រកៀកស្មាគ្នាពេលដែលមានបញ្ហាជាមួយសហរដ្ឋអាមេរិក។ អ៊ីចឹងហើយតួនាទីរុស្ស៊ីនៅតែជាចំណុចស្នូលគន្លឹះនៃសណ្ដាប់ធ្នាប់ពហុប៉ូលពេលបច្ចុប្បន្ននេះ»។

អាស៊ាន និងរុស្ស៊ី បានបង្កើតភាពជាដៃគូសន្ទនាជាមួយគ្នាក្នុងឆ្នាំ១៩៩១ ហើយត្រូវបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៨។ ក្រោយបង្កើតដៃគូសន្ទនានេះភាគីទាំងពីបានរៀបចំកិច្ចប្រជុំកំពូលដូចពេលនេះបាន៥ដងប៉ុណ្ណោះ។ ដោយឡែកក្នុងជំនួបលើកទី៦នេះ អាស៊ាន និងរុស្ស៊ី គ្រោងចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៤ ដែលរួមមាន សេចក្ដីប្រកាសកាហ្សាន ផែនការសកម្មភាព២០២៦-២០៣០ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីថាមពល និងវប្បធម៌។
លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងបន្ថែមថានេះគឺជាឱកាសល្អសម្រាប់កម្ពុជាក្នុងការជំរុញកំណើនពាណិជ្ជកម្មឡើងវិញជាមួយរុស្ស៊ីបន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មនេះធ្លាក់មកនៅត្រឹម ៥៥លានដុល្លារប៉ុណ្ណោះនៅពេលបច្ចុប្បន្ន។ លោកថាជំនួបផ្ទាល់រវាងសម្ដេចធិបតី និងលោកប្រធានាធិបតី ពូទីន នឹងអាចជាផ្លូវដោះស្រាយបញ្ហាមួយចំនួនទាំងកម្ពុជា និងរុស្ស៊ី ទាក់ទងនឹងការស្វែងរកយន្តការទូទាត់ជំនួសប្រព័ន្ធ SWIFT ការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU និងពង្រឹងទីផ្សារកសិកម្មកម្ពុជា។
លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា កិច្ចប្រជុំនេះក៏ជាឱកាសសម្រាប់កម្ពុជាផងដែរ ក្នុងការពង្រឹងទំនាក់ទំនងការបរទេសរបស់ខ្លួនជាមួយរដ្ឋដែលបានចូលរួម ជាពិសេសគឺម្ចាស់ផ្ទះតែម្ដងដែលបង្ហាញច្បាស់ពីនយោបាយការទូតរបស់កម្ពុជារក្សាតុល្យភាពនៃមហាអំណាចទាំងអស់ ស្វែងរកការគាំទ្រ និងចូលរួមធានានូវសណ្ដាប់ធ្នាប់ពិភពលោកផងដែរ។

កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍លើកទី៣៥នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី បានរៀបចំឡើងនៅទីក្រុងកាហ្សាន រដ្ឋសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះគឺថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្ដីកង្វល់រួម ដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងនិងក្រៅតំបន់។ តាមការឱ្យដឹងពីក្រសួងការបរទេសក្នុងពេលចូលរួមកិច្ចប្រជុំនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួនផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


