Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​នឹង​ទទួល​ជំនួយ​កាមេរ៉ា​សម្គាល់​ទម្រង់​មុខ​មនុស្ស​ពី​ចិន​ជិត​៥០០គ្រឿង​ដើម្បី​លើ​កកម្ពស់​សន្តិសុខ

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ លោក ស សុខា ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ចិន​លើ​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​នគរបាល​វៃ​ឆ្លាត ដែល​នឹង​បំពាក់​ប្រព័ន្ធ​ដំណើរ​ការ​ និង​វិភាគ​វីដេអូ នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​នេះ​ចិន​នឹង​ផ្ដល់​កាមេរ៉ា​ដែល​អាច​សម្គាល់​ទម្រង់​មុខ​មនុស្ស និង​ស្លាក​លេខ​យាន​យន្ត​​ ៤៨៧​គ្រឿង​ ដើម្បី​បំពាក់​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦ រវាង​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស សុខា និង​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​និង​សមាហរណកម្ម​អនុវត្តន៍​ច្បាប់​មេគង្គ-ឡាន​ឆាង លោក​ យូ ស៊ាវវិន។

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​គូស​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ «នគរបាល​វៃ​ឆ្លាត» នេះ​គឺ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​គោលនយោបាយ​សន្តិសុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

គម្រោង​អភិវឌ្ឍន៍​នគរបាល​ឆ្លាត​វៃ​នេះ​នឹង​មក​ជាមួយ​មជ្ឈមណ្ឌល​បញ្ជាការ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ និង​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​អាសន្ន​បាន​ទាន់​ពេល​វេលា​មួយ​ទៀត​ផង​ដែរ​។ ​


​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​និង​សមាហរណកម្ម​អនុវត្តន៍​ច្បាប់​មេគង្គ-ឡាន​ឆាង លោក​ យូ ស៊ាវវិន បាន​សន្យា​ថា​ចិន​នឹង​បន្ត​ពង្រីក​វិសាល​ភាព​នៃ​ការ​បំពាក់​កាមេរ៉ា និង​បណ្ដុះ​បណ្ដាល​មន្ត្រី​នគរបាល​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល សំដៅ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​នេះ​អាច​ជួយ​សម្រួល​ដល់​ការងារ​របស់​នគរបាល​រៀបចំ​សណ្ដាប់ធ្នាប់ កាត់បន្ថយ​បទ​ល្មើស ងាយ​ស្រួល​ស្វែងរក​ជន​សង្ស័យ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ​ទាក់​ទង​សិទ្ធិ​សេរីភាព​ និង​ឯកជន​ភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​ជា​​​ការ​គ្រប់គ្រង​ខ្វះ​ចន្លោះ​ណាមួយ​ទិន្នន័យ​ដែល​នគរបាល​មាន​អាច​ធ្លាក់​ទៅ​ជន​ទី​៣​ ដែល​អាច​បង្ក​បញ្ហា​បាន។

លោក​ថា៖ «សម្រាប់​ខ្ញុំ​ៗ​មិន​យល់​ទាស់​ទេ​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ AI ដើម្បី​បង្កើន​កិច្ច​ការងារ​ធានា​សន្តិសុខ​សង្គម ប៉ុន្ដែ​ដូច​ខ្ញុំ​បាន​លើក​អ៊ី​ចឹង​ថា​ឧបករណ៍​អេឡិចត្រូនិក​ AI នេះ​ជា​អាវុធ​មុខ​២​ សំខាន់​យើង​ត្រូវ​បាន​ប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ»


លោក​បាន​ផ្ដល់​អនុសាសន៍​ថា​ ក្នុង​ពេល​ដែល​មាន​រៀបចំ​នេះ​រដ្ឋាភិបាល​គួរ​បង្កើត​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​ និង​ត្រូវ​ធានា​ពី​តម្លាភាព ​គណនេយ្យភាព​របស់​នគរបាល​ដោយ​មិន​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ឬ​កៀប​សង្កត់​ដល់​ការ​អនុវត្តន៍​សិទ្ធិ​របស់​ប្រជាជន​នោះ​ទេ​ ជាមួយ​គ្នា​នេះ​ការ​ដាក់​ស្លាក​សញ្ញា​ឱ្យ​ពលរដ្ឋ​ដឹង​ថាមាន​បំពាក់​កាមេរ៉ា​ចាប់​ផ្ទៃ​មុខ​ក៏​សំខាន់​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​គឺ​រដ្ឋ​ត្រូវ​ធានា​ថា ​ប្រព័ន្ធ​គ្រប់គ្រង​កាមេរ៉ា​ចាប់​ផ្ទៃ​មុខ និង​ស្លាក​លេខ​យានយន្ត​​នេះ​​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​បរទេស​ណាមួយ​ឡើយ​ ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​ទិន្នន័យ​ និង​សន្តិសុខ​ជាតិ​ទាំង​មូល​ផង​ដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម