Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញ អ្នករបួស ៥៤នាក់ និងបាត់ខ្លួន ១៨នាក់​ ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​​រោងចក្រឧស្ម័ន LNG នៅ កាតា

បានផុស

នៅ

បើតាមការបញ្ជាក់ពីអាជ្ញាធរ មនុស្សយ៉ាងហោច​ណាស់ ៥៤នាក់​ បានរងរបួស ខណៈ ១៨នាក់ទៀតកំពុងបាត់ខ្លួន ក្រោយពីមានការផ្ទុះមួយបានកើតឡើងនៅតំបន់ រ៉ាស់ ឡាហ្វាន (Ras Laffan) ដែលជាទីតាំងកែច្នៃឧស្ម័នធម្មជាតិរាវដ៏សំខាន់បំផុត នៃប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ។

រូបភាព៖dnaindia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន QatarEnergy បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុមួយដែលបានកើតឡើងក្នុងអំឡុងពេលចាប់ផ្តើមដំណើរការឡើងវិញ នៅតំបន់ឧស្សាហកម្ម រ៉ាស់ ឡាហ្វាន បានបណ្តាលឲ្យមានការផ្ទុះ និងឆាបឆេះនៅទីតាំងផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក Barzan កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមហ៊ុន បានបន្តថា ក្រុមឆ្លើយតបបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ ហើយបច្ចុប្បន្ននេះអគ្គិភ័យត្រូវបានរលត់ទៅវិញហើយ។

ក្រសួងមហាផ្ទៃរបស់ប្រទេសកាតា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា មនុស្សចំនួន ៥៤នាក់បានរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ១៨នាក់ដែលបាត់ខ្លួន។ ក្រសួងបានចាត់ទុកការផ្ទុះនេះថាជា គ្រោះថ្នាក់បច្ចេកទេស និងបានបញ្ជាក់បន្ថែមថា វាមិនបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនោះឡើយ។

ទោះជាយ៉ាងណា ក្រុមហ៊ុន QatarEnergy មិនបានបញ្ជាក់ឲ្យដឹងថា តើការផ្ទុះនេះបានបង្កឲ្យមានការខូចខាតដល់រោងចក្រ ដែលជាកន្លែងផ្គត់ផ្គង់ឧស្ម័នដល់ទីផ្សារក្នុងស្រុកនោះដែរឬទេ។

មុននេះបន្តិច សាក្សីម្នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីដូហា ដែលស្ថិតនៅភាគខាងត្បូងនៃទីតាំង Ras Laffan។

រោងចក្រឧស្ម័ន Barzan មានសមត្ថភាពផលិតឧស្ម័ន ១,៤ពាន់លានហ្វីតគូប (ឬជិត ៤០ លានម៉ែត្រគូប) ក្នុងមួយថ្ងៃ និងដើរតួជាអ្នកផ្គត់ផ្គង់ឧស្ម័នតាមបំពង់ទៅកាន់ឧស្សាហកម្មក្នុងស្រុក ក៏ដូចជាវិស័យផលិតថាមពលរបស់កាតា។ ក្រៅពីនេះ រោងចក្រក៏មានសមត្ថភាពផលិតអេថាន (ethane) ឧស្ម័នខាប់ (condensate) ឧស្ម័នប្រេងរាវ (LPG) និងស្ពាន់ធ័រ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញផងដែរ។

មិនតែប៉ុណ្ណោះ ទីស្នាក់ការនេះមានទីតាំងស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Ras Laffan Industrial City ដែលជាទីតាំងចម្បងរបស់ក្រុមហ៊ុន QatarEnergy សម្រាប់ការផលិត និងការនាំចេញ LNG ដោយមានសមត្ថភាពផលិតសរុបចំនួន ៧៧លានតោនក្នុងមួយឆ្នាំ តាមរយៈខ្សែសង្វាក់ផលិតកម្ម ចំនួន ១៤។

គួររំឮកផងដែរថា ខ្សែសង្វាក់ផលិតកម្ម LNG ចំនួនពីរ និងរោងចក្របំប្លែងឧស្ម័នទៅជាវត្ថុរាវ (GTL) មួយក្នុងចំណោមពីររបស់ប្រទេសកាតា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារចំពេលមានសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ ឧប្បត្តិហេតុនោះបានធ្វើឲ្យបាត់បង់សមត្ថភាពនាំចេញ LNG របស់ប្រទេសអស់ ១៧ភាគរយ ខណៈដែលការជួសជុលឡើងវិញត្រូវបានគេរំពឹងថានឹងត្រូវចំណាយពេលរាប់ឆ្នាំ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ផ្ទុះ​ឆេះ​យ៉ាងសន្ធោសន្ធៅ នៅ​​រោងចក្រ​ផលិត​កែច្នៃ​ឧស្ម័ន​ដ៏ធំរបស់​កាតា ចំ​ពេល​កា​រព្រមាន​របស់​ត្រាំ​លើ​អ៊ីរ៉ង់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម