Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បិទសាលារៀន ខណៈអ្នកភូមិ រត់ភៀសខ្លួនទាំងព្រលឹងចុងសក់ ព្រោះនៅខាងមីយ៉ាន់ម៉ា បាញ់ស្រោចដាក់គ្នា យ៉ាងសាហាវ

បានផុស

នៅ

ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងក្តៅគគុក ព្រោះតែទាហានមីយ៉ាន់ម៉ា បានបាញ់ស្រោចលើទីតាំងឈរជើងរបស់កងទ័ពការ៉ែន នៅតាមដងទន្លេ Moei ដើម្បីព្យាយាមដណ្តើមការកាន់កាប់ទឹកដីមកវិញ ហើយការប្រយុទ្ធគ្នានោះ ធ្វើឲ្យខាងថៃឯណោះនៅមិនសុខ បង្កការភិតភ័យ ឈានដល់បិទសាលារៀន និងអ្នកភូមិ Mae Kon Ken រត់ភៀសខ្លួនទាំងព្រលឹងចុងសក់។

(រូប៖ Amarin)

តាមការផ្សាយរបស់ Amarin, ការផ្ទុះអាវុធដាក់គ្នាយ៉ាងក្តៅគគុកនេះ កើតឡើងនាវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទីក្រុង Myawaddy ដោយកងទ័ពរបបសឹកមីយ៉ាន់ម៉ា បានដាក់ពង្រាយកម្លាំងនិងអាវុធ ធុនធ្ងន់ជាច្រើន ដើម្បីប្រយុទ្ធជាមួយក្រុមប្រឆាំង។

ដោយសារតែមើលទៅ ឃើញស្ថានការណ៍មិនស្រួល និងខ្លាចថា គ្រាប់កាំភ្លើងហោះបុកចំ ចូលដីរបស់ខ្លួន, ថៃបានប្រញាប់ជម្លៀសអ្នកភូមិ និងបិទសាលារៀន Ban Mae Kon Ken នៅក្នុងឃុំ Mahawan នៃស្រុក Mae Sot ខេត្ត Tak។

(រូប៖ Amarin)

តាមសេចក្តីរាយការណ៍ មានអ្នកភូមិខ្លះ មិនព្រមជម្លៀសទេ ដោយពួកគេបង្ខំចិត្ត ពួននៅក្នុងផ្ទះ ដើម្បីគេចគ្រាប់កាំភ្លើង ទាំងដែលសំឡេងផ្ទុះ លាន់ឮយ៉ាងទ្រហឹង។

ឆ្លើយតបទៅការបាញ់តដៃគ្នា យ៉ាងសាហាវនេះ, ថៃ បានបញ្ជូនកម្លាំងទៅពង្រឹងសន្តិសុខ និងបង្កើនប៉ុស្តិ៍យាមល្បាត ព្រមទាំងតាមដានសភាពការណ៍ យ៉ាងជាប់លាប់។

(រូប៖ Amarin)

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាត្រូវញាំញីដោយ សង្រ្គាមស៊ីវិល ចាប់តាំងពី យោធាដណ្តើមបានអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។ 

ចាប់តាំងពីពេលនោះមក ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំង កាន់តែក្តៅឡើងៗ ហើយឈានដល់ការទម្លាក់គ្រាប់បែក ព្រមទាំងការវាយប្រហារដោយកាំភ្លើង និងគ្រាប់ផ្លោង ឥតស្រាកស្រាន្ត៕

(រូប៖ Amarin)

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម