Connect with us

ព័ត៌មានអន្ដរជាតិ

​ព្រឹទ្ធសភា​អាមេរិក ព្យាយាម​ជាថ្មី​ ​អនុម័តសេចក្តីសម្រេច​​​​បញ្ឈប់​លោក ត្រាំ លែងឲ្យធ្វើសង្គ្រាមលើ អ៊ីរ៉ង់

បានផុស

នៅ

ជាការទះកំផ្លៀងលោក ដូណាល់ ត្រាំ ជាថ្មី​ម្តងទៀត​! ព្រឹទ្ធសភាអាមេរិក ទីបំផុត បានអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដោយបង្គាប់ឲ្យប្រធានាធិបតី ត្រាំ​ បញ្ឈប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ឬត្រូវសុំការអនុញ្ញាតពីសភាជាតិជាមុនសិន សឹមធ្វើប្រតិបត្តិការ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ វិធានការនេះត្រូវបានអនុម័ត ក្រោយការបោះឆ្នោត ៥០ទល់នឹង៤៨ ហើយអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលគឺថា សមាជិកព្រឹទ្ធសភា ខាងគណបក្សសាធារណរដ្ឋចំនួន៤រូប ដូចជាលោក Rand Paul, លោកស្រី Lisa Murkowski, លោកស្រី Susan Collins និងលោក Bill Cassidy បានចូលដៃជាមួយគណបក្សប្រជាធិបតេយ្យ គាំទ្រវិធានការនេះ។

ការបោះឆ្នោតនេះ កើតឡើង ក្រោយពេលរដ្ឋសភាអាមេរិក កាលពីដើមខែនេះ ក៏អនុម័តសេចក្តីសម្រេចចិត្តមួយដែរ ស្តីពីអំណាចសង្គ្រាម ដើម្បីបង្ខំឲ្យលោក ត្រាំ បញ្ឈប់ និងកម្រិតរាល់សកម្មភាពយោធា របស់​អំណាច​ប្រធានាធិបតី ត្រាំ​ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

(រូប៖ Reuters)

ដូច្នេះ នេះជាលើកទីមួយហើយ ចាប់តាំងពីច្បាប់ស្តីពីអំណាចសង្គ្រាមឆ្នាំ១៩៧៣ ចូលជាធរមានមក ដែលសភាទាំងពីរថ្នាក់ រួមគ្នាអនុម័តសេចក្តីសម្រេច បង្គាប់ឲ្យប្រធានាធិបតី បញ្ឈប់សកម្មភាពយោធា។

យ៉ាងណា វិធានការនេះ មិនត្រូវបានបញ្ជូនទៅសេតវិមាន ដើម្បីឲ្យលោក ត្រាំ ចុះហត្ថលេខានោះទេ ហើយក៏មិនមានឥទ្ធិពលបង្ខំផ្នែកច្បាប់ដែរ។

(រូប៖ Reuters)

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។

អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម