សេចក្ដីជូនដំណឹង
សាកលវិទ្យាល័យន័រតុន ប្រមូលផ្តុំអ្នកជំនាញពិភាក្សាពីបញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា» នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីវាគ្មិនជំនាញៗ ក្នុងការពិភាក្សាពីបញ្ហាប្រឈម ចែករំលែកចំណេះដឹង និងបទពិសោធជាក់ស្តែងដល់ វិស្វករ និស្សិត និងអ្នកចូលរួមផ្សេងទៀត។

ក្នុងឱកាសនោះ លោកបណ្ឌិត លឹម សុខតៃ ព្រឹទ្ធបុរសកិត្តិយស នៃមហាវិទ្យាល័យ វិទ្យាសាស្ត្រ ផ្នែកវិស្វកម្មស៊ីវិល នៃសាកលវិទ្យាល័យន័រតុន បានសង្កេតឃើញថា ជាង២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានគម្រោងសាងសង់ជាច្រើនដូចជា អគារលំនៅឋាន អគារពាណិជ្ជកម្ម ស្ពាន ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែ និងតំបន់ឧស្សាហកម្មជាដើម។ លោកថា ការអភិវឌ្ឍទាំងនេះទាមទារឱ្យមានប្រព័ន្ធគ្រឹះរឹងមាំ និងការសិក្សាលក្ខខណ្ឌដីឱ្យបានត្រឹមត្រូវ ដើម្បីធានា ស្ថិរភាពរបស់សំណង់ក្នុងរយៈពេលវែង។ លោកបណ្ឌិត បន្តថា សំណង់គ្រឹះគឺជាផ្នែកសំខាន់បំផុតមួយនៃគម្រោងវិស្វកម្ម ហើយគ្រឹះដែលត្រូវបានរចនាបានត្រឹមត្រូវនឹងជួយធានាបាននូវភាពរឹងមាំ ភាពធន់ និងសុវត្ថិភាពនៃសំណង់ ខណៈការរចនាមិនសមស្របអាចបណ្តាលឱ្យមានការបាក់ស្រុត ការខូចខាតធ្ងន់ធ្ងរ។

លោកបន្តទៀតថា លក្ខខណ្ឌភូគព្ភសាស្ត្រនៅកម្ពុជាមានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ ដែលជាបញ្ហាប្រឈមសម្រាប់វិស្វករ និងអ្នកសាងសង់។ តំបន់ខ្លះមានដីឥដ្ឋទន់ ដីល្បាប់ ខ្សាច់រលុង ឬតំបន់ដែលទទួលឥទ្ធិពលពីកម្រិតទឹកក្រោមដី ដែលទាមទារឱ្យមានការសិក្សាទីតាំង ការវិភាគលក្ខណៈដី និងការរចនាគ្រឹះឱ្យស្របតាមស្ថានភាពជាក់ស្តែង។
បើតាមលោកបណ្ឌិត លឹម សុខតៃ ការដោះស្រាយបញ្ហាប្រឈមទាំងនេះ មិនអាចពឹងផ្អែកតែលើចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវការបទពិសោធន៍ជាក់ស្តែង ការស្រាវជ្រាវ នវានុវត្តន៍ និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យសំណង់។ ដូច្នេះ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីបង្កើតវេទិកាផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ពីគម្រោងជាក់ស្តែង ព្រមទាំងស្វែងរកដំណោះស្រាយថ្មីៗសម្រាប់លើកកម្ពស់ការអនុវត្តវិស្វកម្មនៅកម្ពុជា។

លោកបណ្ឌិត លឹម សុខតៃ សង្កត់ធ្ងន់ថា៖ «វេទិកាព្រឹត្តិការណ៍ថ្ងៃនេះផ្តល់នូវភាពសមស្របសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការចែករំលែកបទពិសោធជាក់ស្តែង ការពិភាក្សាអំពីមេរៀនដែលបានរៀនពីគម្រោងពិតជាក់ស្ដែង និងការស្វែងយល់ពីដំណោះស្រាយដែលអាចកែលម្អការអនុវត្តវិស្វកម្មនៅកម្ពុជា»។
ជាមួយគ្នានេះ បណ្ឌិត ម៉ុម មុនី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការចែករំលែកចំណេះដឹង និងបទពិសោធ ដែលមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងចូលរួមកសាងបណ្តាញវិជ្ជាជីវៈ ឱ្យបានយល់ពីគ្នាក្នុងចំណោមអ្នកវិជ្ជាជីវៈ ព្រមទាំងជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍ តាមរយៈការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរុញកម្ពុជាដល់ទិសដៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

បណ្ឌិត ម៉ុម មុនី បន្ថែមថា សិក្ខាសាលានាពេលនេះ គឺជាគំរូមួយ រវាងកិច្ចសហការវិស័យសាធារណៈ និងឯកជន។ លោកបានបញ្ជាក់ថា៖ «ខាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិក្តី ខាងក្រសួងដែនដីក្តី យើងត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមចំណែកសម្រួលនៅក្នុងការស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍នូវវិស័យសំណង់យើងនេះ»។ ជាមួយគ្នានេះ លោកបណ្ឌិត សង្ឃឹមថា អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីៗពីវេទិកានេះ ដើម្បីអាចយកចំណេះជំនាញទៅអនុវត្តក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន។
ចំពោះសិក្ខាសាលានេះ និស្សិតឆ្នាំទី ៤ ពីររូប មកពីដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន យល់ឃើញដូចគ្នាថា ការរៀបចំឱ្យមានសិក្ខាសាលានេះមក គឺពិតជាមានសារៈសំខាន់ចំពោះនិស្សិតរៀនជំនាញវិស្វកម្មសំណង់ស៊ីវិល ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងជំនាញដែលខ្លួនកំពុងសិក្សា។ យុវជន មាន សំណាង បានប្រាប់ថា៖ «សិក្ខាសាលានេះល្អ ពាក់ព័ន្ធនឹងការគណនាគ្រឿងបង្គុំសំណង់ ដោយសារពាក់ព័ន្ធនឹងការធ្វើអគារ គ្រឹះគឺសំខាន់»។ ចំណែក យុវតី តេង ផានិត និយាយថា៖ «សិក្ខាសាលានេះពិតជាសំខាន់មែនទែន ដោយសារបានបង្ហាញទាំងទ្រឹស្តី ហើយទាក់ទងនឹងបទពិសោធផ្ទាល់។ អ៉ីចឹង បានទាំងទ្រឹស្តី និងការអនុវត្ត»។

សូមជម្រាបថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីចែករំលែកបទពិសោធ និងជំរុញលើកកម្ពស់វិស័យវិស្វកម្មសំណង់ស៊ីវិលលើបញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជាឱ្យមានលក្ខណៈស៊ីជម្រៅ ទូលំទូលាយដែលជាប្រយោជន៍ប្រើប្រាស់ មិនត្រឹមតែអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែ ក៏រួមចំណែកយ៉ាងសំខាន់ដល់ការការអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាល ក្រុមហ៊ុន និងសង្គមជាតិ។ វេទិកានេះ មានការចូលរួមចម្រុះពីស្ថាប័នអប់រំ បណ្តាក្រុមហ៊ុនឯកជន អ្នកម៉ៅការសំណង់ចំនួន ៣៨ស្ថាប័ន និងសិក្ខាកាមសរុបចំនួន ៣០០ អង្គ/នាក់។ សិក្ខាសាលាក៏ផ្តល់ឱកាសឱ្យអ្នកចូលរួមសួរសំណួរ ផ្លាស់ប្តូរយោបល់ និងពិភាក្សាដោយផ្ទាល់ជាមួយអ្នកជំនាញ ដើម្បីស្វែងរកដំណោះស្រាយកាន់តែមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាថែមទៀតផង៕












-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


