ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមជួយវ៉េណេស៊ុយអេឡា ក្នុងគ្រោះរញ្ជួយដីដ៏ធំ មិនធ្លាប់មាន
ប្រទេសវ៉េណេស៊ុយអេឡាចួបគ្រោះរញ្ជួយដីដ៏ធំ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សម្លាប់មនុស្សរាប់សិបនាក់ និងរបួសជិត១០០០នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលលើកទ័ពចាប់អតីតប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីដើមឆ្នាំនេះ បានលើកឡើងកាលពីថ្ងៃពុធ ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីមានការរញ្ជួយដីធំៗចំនួនពីរជាប់ៗគ្នា បានវាយប្រហារប្រទេសអាមេរិកខាងត្បូងនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
លោក ត្រាំ សរសេរលើបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនថា៖ « ការរញ្ជួយដីធំៗពីរដែលទើបតែវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា គឺមានទំហំធំ និងបន្សល់ទុកនូវចំនួនអ្នកស្លាប់យ៉ាងច្រើន»។

លោក ត្រាំ បន្ថែមថា៖ « សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច រួមទាំងឆន្ទៈក្នុងការជួយ! យើងណែនាំដល់ភ្នាក់ងារសហព័ន្ធទាំងអស់ឱ្យត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ យើងនឹងនៅទីនោះសម្រាប់មិត្តភ័ក្តិថ្មី និងអស្ចារ្យរបស់យើង»។
មិនខុសគ្នាប៉ុន្មាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio លើកឡើងថា៖ « សហរដ្ឋអាមេរិកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះប្រជាជនវ៉េណេស៊ុយអេឡា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនេះ»។
លោក Rubio សរសេរលើបណ្តាញសង្គម X ថា៖ « បេះដូងរបស់យើងគឺនៅជាមួយអ្នកទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ អ្នករងរបួស និងក្រុមជួយសង្គ្រោះដ៏ក្លាហានដែលកំពុងធ្វើការដោយមិននឿយហត់ បន្ទាប់ពីគ្រោះរញ្ជួយដីនេះ»។
លោក Rubio បន្ថែមថា៖ « អាមេរិកឈរនៅជាមួយប្រជាជនវ៉េណេស៊ុយអេឡា អំឡុងពេលដ៏លំបាកនេះ ហើយតាមការណែនាំរបស់ ប្រធានាធិបតី ត្រាំ ក្រសួងការបរទេសកំពុងដាក់ពង្រាយក្រុមស្វែងរក ជួយសង្គ្រោះ ធនធានវេជ្ជសាស្ត្រ និងជំនួយមនុស្សធម៌ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាភ្លាមៗ»។
ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្លែងអំណរគុណ ចំពោះប្រធានាធិបតីអាមេរិកនិងរដ្ឋបាលរបស់លោក តាមរយៈបណ្តាញសង្គម X សម្រាប់ការផ្តល់ការគាំទ្រ និងសាមគ្គីភាពដល់ប្រជាជនវ៉េណេស៊ុយអេឡា ចំពោះសោកនាដកម្មដ៏ធំមួយនេះ។
យោងតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក(USGS) គ្រោះរញ្ជួយដីពីរដងជាប់គ្នាត្រូវបានវាយប្រហារភាគខាងជើងវ៉េណេស៊ុយអេឡា។
ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័របានវាយប្រហារនៅជិតតំបន់ San Felipe ជារដ្ឋធានីនៃរដ្ឋ Yaracuy បន្ទាប់មក ៤០វិនាទីក្រោយ ការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័របានវាយប្រហារភាគអាគ្នេយ៍នៃតំបន់ Yumare ។
ទីភ្នាក់ងារ USGS បន្ថែមថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រនេះគឺជាការរញ្ជួយដីដ៏ធំបំផុតដែលបានកត់ត្រាទុក វាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា និងជារញ្ជួយដីខ្លាំងបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាង ១២៥ឆ្នាំ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


