Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ស្ពានមេទឹកដែលថៃបានកម្ទេច មិនគួរជួសជុលឡើងវិញទេ គួររក្សាទុកជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរ

បានផុស

នៅ

បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ស្ពានជ័យជម្នះ (ស្ពានមេទឹក) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការទម្លាក់គ្រាប់បែកពីយន្ដហោះចម្បាំង F16 របស់ថៃ កម្ទេចខ្ទេចខ្ទី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មិនគួរជួសជុលឡើងវិញនោះទេ ពោល គួររក្សាទុកជាសក្ខីភាពប្រវត្តិសាស្ត្រ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានចងចាំអំពីសោកនាដកម្ម និងការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ នេះបើតាមសំណេររបស់លោកបណ្ឌិតលើហ្វេសប៊ុក នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសំណេរនោះ លោកបណ្ឌិតបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ, ស្ពានមេទឹក (ស្ពានជ័យជំនះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានទាហានសៀមឈ្លានពានទម្លាក់​គ្រាប់បែកចេញពីលើយន្ដហោះចម្បាំង F16 ​នៅព្រឹកព្រលឹម និងរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កម្ទេចនោះ, ក្រោយបញ្ចប់សង្គ្រាម ស្ពាននេះមិនគួរជួសជុលឡើងវិញទេ គឺត្រូវរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយ ចងចាំ​ពីអំពើឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានចោរព្រៃសៀមមកលើទឹកដីយើង»

ជាមួយគ្នានេះ បណ្ឌិត គិន ភា ក៏បានស្នើឱ្យរាជរដ្ឋាភិបាលសិក្សាទីតាំង និងពិនិត្យលទ្ធភាពសាងសង់ស្ពានថ្មីមួយ ជំនួសស្ពានចាស់ដែលថៃបានបំផ្លិតបំផ្លាញចោលនោះ ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅស្ពានជ័យជម្នះ (ស្ពានមេទឹក) ក្នុងនោះ នៅម៉ោង ៦៖០២ នាទី យោធាថៃបានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ លើស្ពានជ័យជម្នះ, ម៉ោង ៦៖០៧ នាទី ថៃបានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ទៀត លើគោលដៅដដែល និងនៅម៉ោង ៦៖១២ នាទី យោធាថៃបានទម្លាក់គ្រាប់បែកកម្ទេចលើស្ពានជ័យជម្នះចាស់ចំនួន ១ គ្រាប់ទៀត។

ស្ពានជ័យជម្នះ ឬស្ពានមេទឹក មានចម្ងាយ​ពីព្រំដែនប្រហែល ៨,៥ គីឡូម៉ែត្រគិតតាមចម្ងាយ​ផ្លួវបត់បែន និងប្រហែល ៥ គីឡូម៉ែត្រជាចម្ងាយ​ត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម