Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ដាក់​ចេញផែនការ​ ​​ពង្រីក​បរិមាណ​ដ្រូន​​ និង​បណ្តុះ​បណ្តាល​អ្នក​ចម្បាំង​​ដ្រូន ៥០ម៉ឺន​នាក់​

បានផុស

នៅ

ក្រោយ​ទទួល​បាន​មេរៀន​ដ៏​ច្រើន​ពីសង្រ្គាម​នៅ​​មជ្ឈិម​បូព៌ា អ៊ុយ​ក្រែន និង​ការ​គំរាម​កំហែង​ពី​កូរ៉េខាង​ជើង ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូង​ បានលើក​ឡើង​ថា ​ទីក្រុង​សេអ៊ូល​នឹង​ពង្រីក​សមត្ថភាព​​​​យាន​​ដ្រូន ​និង​សមត្ថភាព​​ប្រឆាំង​ដ្រូន​​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទប់ទល់​នឹងកូរ៉េខាង​ជើង រួមទាំងការបណ្តុះ​បណ្តាលអ្នក​ចម្បាំង​​​បញ្ជា​​​ដ្រូន​ចំនួន ៥០ម៉ឺន​នាក់ និង​ចែកចាយប្រព័ន្ធ​គ្មាន​មនុស្ស​បើករាប់ម៉ឺនគ្រឿង​ នៅទូទាំងអង្គភាព​ជួរមុខ។

សារព័ត៌មាន TRT World ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ឲ្យ​ដឹងថា យោធាកូរ៉េ​ខាង​ត្បូង​​ថែម​ទាំង​មានគម្រោងផលិតដ្រូន​ចំនួន ១១ម៉ឺន​​គ្រឿង​ នៅឆ្នាំ ២០២៩ សម្រាប់​ដាក់​ពង្រាយទាំង​កងទ័ពជើងគោក កងទ័ព​ជើងទឹក ​និង កងទ័ពអាកាស ដោយ​មានគោលបំណង​ធ្វើឱ្យដ្រូន​ក្លាយជា​ឧបករណ៍​ស្តង់ដារ​សម្រាប់ទាហាន​ម្នាក់ៗ។

រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ លោក Ahn Gyu-back ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ លោក Ahn Gyu-back ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយកាល​ពីថ្ងៃសុក្រ ថា​៖ « ដ្រូន​ លែងជាឧបករណ៍​ប្រើ​ប្រាស់ដោយ​អង្គភាពមួយចំនួន​ដែល​មានកំណត់​ទៀតហើយ ប៉ុន្តែ​ជា​ឧបករណ៍​ប្រយុទ្ធជាសកល។ ដ្រូន​ទាំងនោះ​គួរ​តែ​ត្រូវបានប្រើប្រាស់​ដោយកងទ័ព​ដូចជាអាវុធ​ផ្ទាល់​ខ្លួនទីពីរ»។

លោក Ahn និយាយថា ទីក្រុងសេអ៊ូល​នឹងពឹងផ្អែក​លើគ្រឿង​បន្លាស់​ផលិត​ក្នុងស្រុក ១០០ភាគរយ ជាជាងគ្រឿង​បន្លាស់របស់​ប្រទេស​ចិន ក្នុងការសាង​សង់ប្រព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងការព្រួយ​បារម្ភអំពី​សន្តិសុខ។

ការប្រកាស​នេះធ្វើឡើង​ ពេលកូរ៉េទាំងពីរ​ពន្លឿនកិច្ចខិតខំប្រឹងប្រែង​ដើម្បីកសាង​សមត្ថភាព​ដ្រូន​ ហើយ​កូរ៉េ​ខាង​ត្បូង​ទទួល​​​មេរៀន​ក្នុង​ជម្លោះ​នៅអ៊ុយក្រែន ​និងមជ្ឈិមបូព៌ា ជាកន្លែងដែល​ប្រព័ន្ធ​គ្មានមនុស្ស​បើកបាន​លេចចេញ​ជាកត្តាផ្លាស់ប្តូរហ្គេម ​នៅលើ​សមរភូមិ​សង្រ្គាម​។

លោក Ahn និយាយថា៖ « ដ្រូន​​មានតម្លៃទាប​ដែល​ដំណើរ​ការ​ក្នុង​ចំនួន​ច្រើន​កំពុងផ្លាស់ប្តូរលក្ខណៈ​នៃសង្គ្រាមជាមូលដ្ឋាន។ កូរ៉េខាង​ជើង​ក៏កំពុងជំរុញប្រព័ន្ធគ្មានមនុស្សបើក​ផងដែរ។ ប្រទេស​នេះ​បង្កើនការ​គំរាម​កំហែង​ដល់មូលដ្ឋានយោធា និងស៊ីវិលនៅ​ភាគខាងត្បូង​»។

គួរ​បញ្ជាក់​ថា ផែនការរបស់​កូរ៉េខាងត្បូង​រួមមាន​ការពង្រីកប្រព័ន្ធ​ប្រឆាំង​ដ្រូន​ ដូចជាអាវុធ​ឡាស៊ែរ ម៉ាស៊ីន(Microwave)​​ថាមពល​ខ្ពស់ និង​ការផ្លាស់ប្តូរ​ប្រតិបត្តិការ​ ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យសេវាកម្មនីមួយៗ​អាចឃ្លាំមើល និង​វាយប្រហារដោយ​ប្រើដ្រូន​ជាជាងពឹងផ្អែកលើកង​​បញ្ជាការ​កណ្តាល​​​​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម