ព័ត៌មានជាតិ
ជំនួបរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា ជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា។ ជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ បានផ្ដល់ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

រំលឹកពីប្រវត្តិទំនាក់ទំនងប្រទេសទាំងពីរ លោក ស សុខា បានសម្ដែងការដឹងគុណចំពោះមរតកចំណងការទូត ក្រោមស្នាព្រះហស្តព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក ហ្វីដេ កាស្ត្រូ អតីតមេដឹកនាំកំពូលគុយបា ពិសេសនៅក្រោយការដួលរលំនៃរបបខ្មែរក្រហម គុយបាបានរួមចំណែកជួយជ្រោមជ្រែងការស្ដារ និងកសាងប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកនោះ ហើយដែលថ្នាក់ដឹកនាំបន្តវេនជំនាន់នេះ ប្ដេជ្ញាពូនជ្រុំឱ្យបានរឹងមាំ និងប្រកបដោយផ្លែផ្កា។

ភ្ជាប់ការរំលឹកពីចំណងការទូត លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកស្រី បានអរគុណលោក ស សុខា ដែលតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការសម្របសម្រួលជូនប្រជាពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន។
លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានកំពុងដំណើរការកិច្ចប្រជុំ Hotline ជាទៀងទាត់ ជាមួយបណ្ដាស្ថានទូតនៅកម្ពុជា រួមទាំងស្ថានឯកអគ្គរដ្ឋទូតគុយបា។ លោកស្រីចាត់ទុកកិច្ចប្រជុំនេះថា ជាការផ្ដល់ឱកាសឱ្យគ្រប់ភាគីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កលក្ខណៈងាយស្រួលផ្សេងៗទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដែលលោកស្រីចាត់ទុកជាគំរូ និងផ្ដល់ការលើកទឹកចិត្តខ្ពស់។

ពាក់ព័ន្ធវិស័យសន្តិសុខ លោក ស សុខា និងលោកស្រីឯកអគ្គរដ្ឋទូត បានឯកភាពគ្នាជំរុញការពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីឈានទៅបង្កើតបានក្របខណ្ឌទ្វេភាគីសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំង ដែលស្ថិតក្រោមក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ជាអាទិ៍ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ក្នុងបរិបទមនុស្សជាតិប្រឈមនឹងបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ ជាពិសេសបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកប្រមុខក្រសួងមហាផ្ទៃ ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាផង បានអរគុណអតីតឯកអគ្គរដ្ឋទូតគុយបា ក្រុមគ្រូបង្វឹក និងកីឡាករគុយបា ដែលបានចូលរួមចំណែកជ្រោមជ្រែងក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ឱ្យទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍សុីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឆ្លើយតបសំណូមពររបស់លោក ស សុខា លោកស្រីឯកអគ្គរដ្ឋទូតគុយបាថ្មី បានសន្យាបន្តជួយជ្រោមជ្រែងវិស័យកីឡានេះ ទន្ទឹមគ្នានិងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតឱ្យកាន់តែរីកចម្រើន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


