Connect with us

ព័ត៌មានជាតិ

បុរស​ជនជាតិ​អង់គ្លេស​ ចោល​ការងារ​ធនាគារ​ស្រលាញ់​​ប្រាសាទ​បុរាណខ្មែរ ​និង​បន្ត​រស់​នៅ​កម្ពុជា​ជាង៣០ ឆ្នាំ

បានផុស

នៅ

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​បង្ហាញពីក្តីស្រឡាញ់​យ៉ាងជ្រាលជ្រៅចំពោះប្រាសាទបុរាណខ្មែរ​ និង​ប្រជាជន​កម្ពុជា។

លោក អេនឌី ប៉្រោវើ ​​បាន​ស្គាល់​ពីប្រទេស​កម្ពុជា​ជាលើកដំបូង​នៅ​ឆ្នាំ ១៩៧៩ តាម​រយៈ​រឿងរ៉ាវ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

លោក​បាន​ចោល​ការងារនៅធនាគារក្នុងទីក្រុងឡុងដ៍ប្រទេស​អង់គ្លេស ហើយ​ក៏បាន​សម្រេច​ចិត្តធ្វើដំណើរ​មក​​កាន់ប្រទេសកម្ពុជា​នៅ​អំឡុង​ឆ្នាំ ១៩៩៤។ ការ​មក​រស់នៅ​ប្រទេស​កម្ពុជា លោក​បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ប្រាសាទ​បុរាណខ្មែរ​​យ៉ាងជ្រាលជ្រៅ ក្រោយ​លោក​បាន​ទៅ​ទស្សនា​ប្រាសាទបុរាណខ្មែរ​នៅ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អេនឌី ប៉្រោវើ ​​

ការ​ឈាន​ជើង​មកស្គាល់ទឹកដី​​ប្រទេស​កម្ពុជា ក៏​​ធ្វើ​ឲ្យ​បុរស​អង់គ្លេស​រូប​នេះ​មាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំងដែល​​ប្រទេស​កម្ពុជា​មាន​អរិយធម៌ដ៏​​ខ្ពង់ខ្ពស់ តើ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សោកនាដកម្ម​ដ៏​អាក្រក់​​ក្នុង​របប​ខ្មែរក្រហម​បាន​ដោយ​របៀប​ណា​ទៅ​?

លោក អេនឌី ប៉្រោវើ បាន​រៀបរាប់​បទពិសោធន៍​ដំបូង​ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​បំភ្លេច​បាន​គឺ​នៅអំឡុង​​ឆ្នាំ ១៩៩៤ ពេលលោក​ទៅ​ទស្សនា​ខេត្ត​សៀមរាប​ និង​​បាន​ទៅ​​មើល​​ថ្ងៃរះ​នៅ​ប្រាសាទ​អង្គរវត្ត​ជាមួយ​​នឹង​មគ្គុទ្ទេសក៍ម្នាក់ ដែល​កាល​នោះ​​គ្មានភ្ញៀវទេសចរផ្សេងទៀតនោះទេ ដែល​ធ្វើឱ្យ​លោក​ហាក់​មាន​អារម្មណ៍​ថា ប្រាសាទនោះដូចជាជារបស់គាត់ផ្ទាល់​តែ​ម្តង។

​នៅពេល​ដែលតំបន់អង្គរ​វត្ត​ចាប់ផ្តើម​មានមនុស្សច្រើន​កុះករ បុរសជនជាតិ​អង់គ្លេស​រូប​នេះ​បាន​ប្តូរទម្លាប់​ពី​ការ​មើល​ប្រាសាទ​ជា​រួម ទៅជា​ការ​ដើរ​រកមើល​ចម្លាក់​ល្អិតៗ​តាមកន្លែងចង្អៀតៗវិញ។

អេនឌី មានទស្សនៈមួយថា “ថ្មនៃ​ប្រាសាទ​មួយៗ សុទ្ធ​តែមាន​រឿងរ៉ាវ​របស់វា” ដែល​មាន​ន័យ​ថា​ ទោះ​បី​ប្រាសាទ​​អង្គរ​មានអាយុកាលរាប់ពាន់ឆ្នាំ​ក៏ដោយ ក៏នៅ​តែមានរឿងរ៉ាវថ្មីៗ​ជានិច្ច​សម្រាប់​ការ​រៀនសូត្រ ដូចជា​ការ​រក​ឃើញ​ស្រះ​ទឹកបុរាណ​នៅក្នុងវាំងអង្គរធំជាដើម។

បន្ថែមពីនេះ លោក​ក៏​បាន​រំលឹក​ពី​ការ​ធ្វើដំណើរ​ដ៏​លំបាក និង​សេចក្តីស្រឡាញ់​ចំពោះប្រាសាទព្រះវិហារ ដែល​នៅ​តែ​ធ្វើ​ឲ្យ​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន។

លោក​បាន​រៀបរាប់​ថា កាលពី​​អំឡុង​ឆ្នាំ ២០០២ លោក​បាន​ជិះម៉ូតូ​ពី​ខេត្ត​កំពង់ធំទៅកាន់​ប្រាសាទ​ព្រះវិហារ ទាំង​ដែល​ផ្លូវ​មាន​ការ​លំបាក និង​មាន​គ្រាប់មីន​សេសសល់​រាយប៉ាយ។

កាល​បាន​ស្នាក់នៅ​ក្នុង​ខ្ទម​ម្នាក់​ឯងជាមួយ​នឹង​បរិយាកាស​ពពក​ធ្លាក់​ចុះ បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​​របស់​លោក​យ៉ាង​ខ្លាំង។ ហេតុនេះ​ហើយ ទើប​លោក​មានការ​ឈឺចាប់ និង​សោកស្តាយ​យ៉ាង​ខ្លាំង​បំផុត​ នៅពេល​ដែល​ឃើញ​ប្រាសាទ​ព្រះវិហារ​រងការ​ខូចខាត ព្រោះ​ចម្លាក់​ទាំងនោះ​គឺ​មាន​តែ​មួយ​គត់ និង​មិន​អាច​ផលិត​ឡើងវិញ​បាន​ឡើយ។

ក្រៅ​ពី​ចាប់​អារម្មណ៍​ទៅ​ប្រាសាទ បុរស​ជនជាតិ​អង់គ្លេស​រូប​នេះក៏ចែករំលែក​ពី​ការ​​ផ្សារភ្ជាប់​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយអ្នកភូមិ​តាម​តំបន់​ជនបទ។

លោក​ក៏​បាន​រំលឹកពីការ​បាន​ទស្សនា​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​ ដែល​បាន​ជំរុញ​ឲ្យ​លោក​តាមស្វែង​រក​រកបុរសចំណាស់ខ្មែរ​​ម្នាក់ និងក្មេងតូចម្នាក់ រហូតទាល់តែបានជួបនិងរាប់អានគ្នាជាលក្ខណៈគ្រួសារ។ នៅពេលធ្វើដំណើរទៅតំបន់ឆ្ងាយៗ លោក​ក៏​តែងតែសុំមេភូមិស្នាក់នៅជាមួយប្រជាជន ហើយក៏​តែងតែទទួលបាន​ការ​ស្វាគមន៍ ជាមួយ​ការ​រៀបចំអាហារ និងក្រាលរៀបចំ​កន្ទេលឱ្យលោក​គេងសម្រាក​។

ជាមួយ​គ្នានេះ​ លោកក៏ចែករំលែក​​តាមរយៈ​ការសន្ទនាតូចៗជាមួយអ្នកភូមិ ដែលចង់ដឹងពីប្រទេស​អង់គ្លេស ក៏​ជាអនុស្សាវរីយ៍ដ៏អស្ចារ្យបំផុត ដែល​លោក​បានសរសេរកត់ត្រាទុកនៅលើអ៊ីនធឺណិត ដើម្បីទុកមើលពេលក្រោយ។ អ្វីដែលកាន់តែពិសេសនោះគឺ នៅពេលលោក​ជូនលុយ អ្នកភូមិមិនព្រមទទួល​យក​នោះទេ ដែលជំរុញឱ្យ​លោក​បន្តត្រឡប់មក​លេង​ពួកគេវិញជារៀងរាល់ឆ្នាំ ដើម្បីរក្សាទំនាក់ទំនងដ៏ល្អនេះ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម