Connect with us

កីឡា

អ្នកស្នងតំណែង Rivan កីឡាករ Boy Arnez ឈ្នះពាន ឯកត្តជន​ ២ ម្នាក់ឯង ក្រោយជួយ ឥណ្ឌូណេស៊ី ឈ្នះពាន AVC Cup

បានផុស

នៅ

ស្មាត់ជំនាន់ក្រោយរបស់ ឥណ្ឌូណេស៊ី កីឡាករ Boy Arnez Arabi បានសាងភាពលេចធ្លោជាខ្លាំងនៅក្នុងពានបាល់ទះទ្វីប អាស៊ី AVC Men’s Volleyball Cup រហូតឈ្នះពានឯកត្តជនដល់ទៅ ២ ម្នាក់ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Boy បានរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ឈ្នះពានរង្វាន់ AVC Men’s Volleyball Cup ជាលើកដំបូងនៅឆ្នាំ ២០២៦ នេះ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិ កូរ៉េខាងត្បូង នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ០។

ក្រោយបង្ហាញសមត្ថភាពល្អតាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ បានធ្វើឱ្យស្មាត់វ័យ ២២ ឆ្នាំ កម្ពស់ ១.៨៨ ម៉ែត្ររូបនេះ ឈ្នះពានឯកត្តជន ២ ម្នាក់ឯងរួមមានពាន កីឡាករល្អដាច់គេប្រចាំព្រឹត្តិការណ៍ (MVP) និងពានស្មាត់ស្តាំល្អបំផុត។

បច្ចុប្បន្ន Boy ត្រូវបានគេចាត់ទុកជាស្មាត់ជំនាន់ក្រោយដ៏មានទេពកោសល្យម្នាក់របស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី បន្ទាប់ពីសិស្សច្បង Rivan Nurmulki ចូលនិវត្តន៍ពីជម្រើសជាតិ។ កីឡាករកំពុងលេងនៅក្រុម Jakarta LavAni Livin រូបនេះ មានវ័យ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកីឡាករស្នូលរបស់ក្រុម ឥណ្ឌូណេស៊ី ទៅហើយ។

កីឡាករអាចលេងបានទាំងឆ្វេង និងស្តាំ ក៏ដូចជាជំនាញវាយ ៣ ម៉ែត្ររូបនេះ ត្រូវបាន ឥណ្ឌូណេស៊ី កោះហៅចូលជម្រើសជាតិលើកដំបូងកាលពីឆ្នាំ ២០២៣ ដែលពេលនោះមានវ័យ ១៩ ឆ្នាំ។ នៅក្នុងឆ្នាំនោះ កីឡាករបានជួយឱ្យក្រុមឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងមេដាយមាសពាន SEA V. League មួយ។

បន្ទាប់មកទៀតនៅឆ្នាំ ២០២៤ បានឈ្នះមេដាយប្រាក់ SEA V. League។ នៅឆ្នាំ ២០២៥ បានឈ្នះមេដាយមាសពាន SEA V. League មួយ និងមេដាយប្រាក់កីឡាស៊ីហ្គេម។ ចុងក្រោយនៅឆ្នាំ ២០២៦ នេះ ទើបឈ្នះពាន AVC Men’s Volleyball Cup មួយទៀត។

ផ្អែកតាមសមត្ថភាពលេងនៅជម្រើសជាតិតាំងពីឆ្នាំ ២០២៣ មកដល់ឆ្នាំ ២០២៦ នេះ បានបង្ហាញឱ្យឃើញ ថា Boy កំពុងក្លាយជាស្មាត់ដ៏មានសក្តានុពលម្នាក់ បន្តពីរៀមច្បង Rivan Nurmulki ដែលបានដើរតួជា​កម្លាំង​សំខាន់របស់ក្រុមអស់រយៈពេលជាច្រើនឆ្នាំ មុនពេលចូលនិវត្តន៍ពីជម្រើសជាតិ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម