Connect with us

កីឡា

លោក អាំង សិរីពិសិដ្ឋ ទម្លាយលក្ខខណ្ឌដ៏ពិបាក បើកម្ពុជាចង់ចូលប្រកួត​ពាន AVC Nations Cup

បានផុស

នៅ

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការបាល់ទះកម្ពុជា បានទម្លាយពីលក្ខខណ្ឌដ៏ពិបាកមួយ ដែលសហព័ន្ធបាល់ទះ​អាស៊ី (AVC) បានដាក់មកឱ្យខាងភាគីកម្ពុជា ប្រសិនបើចង់ចូលរួមការប្រកួតពានដ៏ធំប្រចាំទ្វីប អាស៊ី AVC Nations Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត ចាប់តាំងពីពាន AVC Nations Cup បានដំណើរការពីឆ្នាំ ២០១៨ មក គិតមកដល់ពេលនេះ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា មិនទាន់បានចូលរួមប្រកួតប្រជែងសូម្បីម្តងឡើយ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយ ក្រុមកម្ពុជា បានបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់នៅលើឆាកអន្តរជាតិក៏ដោយ។

លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា កម្ពុជា ពិតជាចង់ចូលលេងក្នុងពាន AVC Nations Cup ហើយធ្លាប់បានដាក់ពាក្យស្នើសុំចូលលេងផងដែរ ប៉ុន្តែជាឧបសគ្គ គឺក្រុមជម្រើសជាតិណា ដែលអាចចូលលេងក្នុងពាននេះបាន គឺត្រូវជ្រើសរើសជាអត្តនោម័តដោយសហព័ន្ធបាល់ទះអាស៊ីតែម្តង។ ដូច្នេះហើយ ទើបកន្លងមក ទោះក្រុមជម្រើសជាតិ កម្ពុជា ធ្វើបានល្អនៅលើឆាកអន្តរជាតិ ដោយធ្លាប់ឈ្នះថៃ វៀតណាម និងក្រុមមួយចំនួនទៀតនៅ​អាស៊ាន​ ហើយថែមទាំងបានឈ្នះមេដាយសំរឹទ្ធ និងប្រាក់ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមថែមទៀត ប៉ុន្តែនៅតែមិនអាចចូលលេងបាន។

ក្រុម​កម្ពុជា ឈ្នះ​ជើង​ឯក SEA V. League

លោកបានបន្តទៀតថា សហព័ន្ធបាល់ទះអាស៊ី បានដាក់លក្ខខណ្ឌជាច្រើន បើកម្ពុជាចង់ចូលរួមលេងពាន AVC Nations Cup។ ក្នុងនោះមានលក្ខខណ្ឌដ៏ពិបាកមួយ ដោយតម្រូវឱ្យកម្ពុជា រៀបចំព្រឹត្តិការណ៍បាល់ទះកម្រិតពិភពលោកណាមួយ ទើបពួកគេអាចផ្តល់កៅអីឱ្យកម្ពុជា។ យ៉ាងណាលោកអាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់ថា នេះគឺជាឧបសគ្គធំណាស់ ដោយសារការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក គឺត្រូវចំណាយច្រើនមែនទែន ខណៈក្នុងមួយឆ្នាំសហព័ន្ធបាល់ទះកម្ពុជាទទួលបានកញ្ចប់ថវិការពីក្រសួងអប់រំ យុវជន និងកីឡា ត្រឹមតែ ១០០ លានរៀលប៉ុណ្ណោះ។

ពាន AVC Nations Cup

គួរឱ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិតជាមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ នៅឆ្នាំ ២០២៤ ក្រុមជម្រើសជាតិ កម្ពុជា ត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងថែមទៀត បន្ទាប់ពីដណ្តើមបានកៅអីឡើងទៅលេងពាន SEA V League ដែលជាពានបាល់ទះលំដាប់ទី ១ ប្រចាំតំបន់ អាស៊ាន ឆ្នាំ​ ២០២៥ ។

ពាន SEA League នឹងធ្វើឡើងជា ២ ដំណាក់កាល ដោយដំណាក់​កាល​ទី១ ប្រកួតចាប់​ពី​ថ្ងៃ​ទី​ ១១ ដល់ ទី​ ១៣ ខែ​កក្កដា ឆ្នាំ ២០២៥ នៅ​ប្រទេស​ ហ្វីលីពីន និង​ដំណាក់​កាល​ទី​២ ប្រកួតចាប់​ពី​ថ្ងៃ​ទី ​១៨ ដល់​ទី​ ២០ ខែ​កក្កដា ឆ្នាំ​២០២៥​ ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម