Connect with us

ព័ត៌មានជាតិ

ថៃបន្តរាយបន្លាលួសជាថ្មីខណៈកម្ពុជា​បន្ត​តវ៉ា​ឱ្យបញ្ឈប់​សកម្មភាព

បានផុស

នៅ

កម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​របស់​ថៃ​នៅពេល​ថ្មីៗ​នេះ​ដែល​បាន​ចាប់​ផ្ដើម​រាយ​បន្លា​លួស​ឈ្លានពានព្រំដែន​ ដោយ​ស្នើ​ដល់​ថៃ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ ងាក​មក​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តវ៉ា​ជា​ថ្មី​នេះ​គឺ​បន្ទាប់​ពី​ថៃ​បាន​បន្ត​រាយ​លួស​បន្លា​នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ និង​តំបន់​ជប់រុន ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០២៦។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នា​២០២៦ ក្រសួង​ការបរទេស​កម្ពុជា​បាន​សរសេរ​ក្នុង​ចំណង​ជើង​ថា «កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ឈ្លានពាន​ព្រំដែន​របស់​ថៃ» ដោយ​បាន​ចាត់​ទុក​សកម្មភាព​របស់​ថៃ​នេះ​បាន​ធ្វើ​ផ្ទុយ​នឹង​ការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​ចែង​ក្នុង​សេចក្ដីប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ អនុស្សារណយោគយល់​គ្នា​ MOU 2000 រវាង​កម្ពុជា និង​ថៃ​ផងដែរ​។

កម្ពុជា​បាន​ស្នើ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់​ មិន​ត្រឹមតែ​តំបន់​ខាង​លើ​តែ​នៅ​តាម​ទីតាំង​ផ្សេង​ទៀត​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ​បាន​កាន់កាប់​ខុសច្បាប់​តាំង​ពី​ឆ្នាំ​មុន​។

ក្នុង​សេចក្ដី​ប្រកាស​នោះកម្ពុជា​បញ្ជាក់​ថា៖ «ការ​បន្ថយភាពតានតឹង​គឺ​ជា​កត្តា​ចាំ​បាច់​ដើម្បី​ជំរុញ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក និង​ជួយ​សម្រួល​ដល់​ដំណោះស្រាយ​ប្រកប​ដោយ​សន្ដិវិធី និង​យូរអង្វែង​នៃ​ជម្លោះ​ព្រំដែន​ ដើម្បី​ស្ដារ​សន្ដិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ»។

កម្ពុជា​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​ប្ដេជ្ញា​ដោះស្រាយ​រាល់​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ និងអ្នក​ជិត​ខាង​ទាំងអស់​ដោយ​សន្ដិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និងកិច្ច​ព្រមព្រៀង​ទ្វេរភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា បន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​ប្រើកម្លាំង​នោះ​ឡើយ​៕

រូបភាព៖ ថៃដែលបានរាយបន្លាលួសកាលពីកន្លងទៅ

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម